ហេតុអ្វីបានជាភាពតានតឹងរវាងចិននិងតៃវ៉ាន់កើនឡើង ហើយមានហានិភ័យអ្វីខ្លះ?

571
ចែករម្លែក

ចិនបានបញ្ជូនយន្តហោះជាច្រើនគ្រឿងទៅកាន់កោះតៃវ៉ាន់ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធរយៈពេលពីរថ្ងៃចាប់ពីថ្ងៃសុក្រ (១៨ កញ្ញា) ដែលបណ្តាលឱ្យកងទ័ពអាកាសរបស់កោះនេះបញ្ជូនយន្តហោះចេញមកដេញឱ្យទៅឆ្ងាយវិញ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញការខឹងសម្បាចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាម៉េរិកទៅកាន់ទីក្រុងតៃប៉ិ។

ហេតុអ្វីបានជាភាពតានតឹងកើនឡើងនាពេលបច្ចុប្បន្ន?

ចិនបានអះអាងថាកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យគឺជាទឹកដីរបស់ខ្លួនដែលត្រូវដណ្តើមយកមកវិញដោយកម្លាំងបើចាំបាច់ ដែលជាការគំរាមកំហែងមួយដែលកោះនេះបានរស់នៅជាមួយតាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងរបស់បក្សគូមីងតាំងឬពួកជាតិនិយមបានភៀសខ្លួនទៅទីនោះបន្ទាប់ពីបរាជ័យក្រោមថ្វីដៃពួកកុម្មុយនីស្តនៅក្នុងសង្គ្រាមស៊ីវិលចិន។

ចិនមានការខឹងសម្បាចំពោះការបង្កើនការគាំទ្ររបស់អាម៉េរិកដល់កោះតៃវ៉ាន់ ដែលរួមមានការធ្វើទស្សនកិច្ចចំនួនពីរដងក្នុងរយៈពេលប៉ុន្មានខែមកនេះដោយមន្រ្តីជាន់ខ្ពស់របស់អាម៉េរិក ពោលគឺទស្សនកិច្ចនៅខែសីហាដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក អាឡិច អាហ្សា និងទស្សនកិច្ចមួយទៀតកាលពីចុងសប្តាហ៍នេះដោយលោក ខេត ក្រាច់ ជាអនុរដ្ឋលេខាធិការផ្នែកកិច្ចការសេដ្ឋកិច្ច។

លើសពីនេះទៅទៀត សហរដ្ឋអាម៉េរិកកំពុងរៀបចំផែនការលក់អាវុធថ្មីសំខាន់ៗដល់កោះតៃវ៉ាន់។ ចិនចាត់ទុកជំហានទាំងអស់នេះជាការគាំទ្រជាធរមានរបស់អាម៉េរិកចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ពោលគឺការបង្កើតសាធារណរដ្ឋតៃវ៉ាន់ ដែលជាខ្សែបន្ទាត់ក្រហមសម្រាប់ទីក្រុងប៉េកាំង។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីនវិន និយាយថា កោះនេះគឺជាប្រទេសឯករាជ្យរួចទៅហើយ ដែលមានឈ្មោះថា សាធារណរដ្ឋចិន ដែលជាអតីតឈ្មោះផ្លូវការរបស់ខ្លួន ហើយថាសាធារណរដ្ឋប្រជាមានិតចិនមិនដែលបានគ្រប់គ្រងកោះតៃវ៉ាន់នោះទេ និង គ្មានសិទ្ធិគ្រប់គ្រងនោះឡើយ។

ចិនហៅតៃវ៉ាន់ជាបញ្ហាសំខាន់និងរសើបបំផុតក្នុងទំនាក់ទំនងជាមួយអាម៉េរិក។ សម្រាប់គណបក្សកុម្មុយនីស្តកំពុងកាន់អំណាចរបស់ចិន កោះតៃវ៉ាន់គឺជាផ្នែកចុងក្រោយនៃប្រទេសជាតិដែលនៅចាំតែថ្ងៃវាយ “រំដោះ” បន្ទាប់ពីជ័យជម្នះឆ្នាំ ១៩៤៩ ដើម្បីបន្ថែមអត្ថន័យជាប្រវត្តិសាស្ត្រមួយទៀត។

តើមានហានិភ័យអ្វីខ្លះ?

តៃវ៉ាន់និងចិនមិនមានយន្តការសន្ទនាផ្លូវការទេ ដូច្នេះមានន័យថា ការប៉ះទង្គិចគ្នាដោយចៃដន្យណាមួយរវាងយន្ដហោះចម្បាំងរបស់ពួកគេអាចនឹងបាត់បង់ម្ចាស់ការយ៉ាងឆាប់រហ័ស។

កងទ័ពអាកាសតៃវ៉ាន់សព្វថ្ងៃត្រៀមហោះដេញយន្តហោះចិនចេញពីដែនអាកាសខ្លួនជាប្រចាំ។

ជម្លោះអំពីកោះតៃវ៉ាន់បានធ្វើឱ្យសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តអាស៊ីទាល់គំនិត ប៉ុន្តែវាជាសំណួរបើកនៅពេលសួរថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចនឹងមកជួយតៃប៉ិឬអត់។

ចិនអាចវាយកោះតៃវ៉ាន់យ៉ាងដំណំមួយរំពេចដោយមីស៊ីលនិងការវាយប្រហារតាមអ៊ិនធឺណេត មុនពេលអាម៉េរិកមានឱកាសចេញមកជួយ។

ទោះយ៉ាងណាសង្គ្រាមណាមួយអាចនឹងធ្វើឱ្យខូចខាតធំដល់ប្រទេសចិនផងដែរទាក់ទិនកេរ្តិ៍ឈ្មោះអន្តរជាតិនិងសេដ្ឋកិច្ច ជាពិសេសប្រសិនបើប្រទេសនេះរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយពីបណ្តាប្រទេសលោកខាងលិច។

ហេតុអ្វីបានជាតៃវ៉ាន់មានសារៈសំខាន់ខាងយុទ្ធសាស្ត្រ?

តៃវ៉ាន់មិនត្រឹមតែស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រដ៏សំខាន់នៅចុងនៃមហាសមុទ្រប៉ាស៊ីហ្វិករវាងសមុទ្រចិនខាងត្បូងនិងជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែតៃវ៉ាន់ក៏ជាមហាអំណាចបច្ចេកវិជ្ជាផងដែរ ពោលគឺជាទីតាំងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd ។

សហរដ្ឋអាម៉េរិកចាត់ទុកក្រុមហ៊ុនបច្ចេកវិជ្ជាចិនជាហានិភ័យផ្នែកសន្តិសុខជាតិ ហើយបានកាត់ផ្តាច់ចិនពីការប្រើបន្ទះឈីបទំនើបៗ រួមទាំងបន្ទះឈីបពីក្រុមហ៊ុនមកពីតៃវ៉ាន់ផងដែរ។

តើកងកម្លាំងប្រដាប់អាវុធរវាងភាគីទាំងពីរខ្លាំងកម្រិតណា?

យោធាតៃវ៉ាន់ត្រូវបានបណ្តុះបណ្តាលនិងបំពាក់អាវុធបានយ៉ាងល្អ ប៉ុន្តែចាញ់ប្រៀបចិនត្រង់ថាកងទ័ពរំដោះប្រជាជនចិនបានបន្ថែមយន្តហោះចម្បាំងបំបាំងកាយ នាវាផ្ទុកយន្តហោះ និងមីស៊ីលទំនើបៗនៅក្រោមកម្មវិធីទំនើបកម្មយោធាដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន។

លោកស្រីសៃចាត់ទុកការធ្វើឱ្យប្រសើរឡើងនូវយោធារបស់កោះតៃវ៉ាន់ជាអាទិភាព ដោយសង្កត់ធ្ងន់ទៅលើ “សង្គ្រាមស្មើដៃគ្នា” ដើម្បីធ្វើឱ្យការវាយប្រហារណាមួយបង្កក្តីវិនាសនិងការពិបាកខ្លាំងសម្រាប់ចិនតាមដែលអាចធ្វើទៅបាន។ ឧទាហរណ៍ជាក់ស្តែង នេះអាចរាប់បញ្ចូលការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយទៅលើគោលដៅនានានៅក្នុងប្រទេសចិន។

តើនឹងមានអ្វីកើតឡើងនៅក្នុងសង្រ្គាមរវាងតៃវ៉ាន់និងចិន?

ខណៈចិនអាចវាយឈ្នះកោះតៃវ៉ាន់យ៉ាងងាយដោយមីស៊ីលនិងការវាយប្រហារតាមអាកាស ចិននៅមានជម្រើសផ្សេងទៀតដើម្បីឱ្យកោះនេះលុតជង្គង់ចុះចាញ់ ដូចជាការវាយប្រហារតាមអ៊ីនធឺណេតជាដើមដើម្បីបិទហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឬបិទកោះនេះដោយប្រើកងកម្លាំងជើងទឹកដើម្បីបង្ខំឱ្យចុះចាញ់។

មិនថាមានអ្វីកើតឡើងនោះទេ ប្រតិកម្មរបស់សហរដ្ឋអាម៉េរិកនឹងមានសារៈសំខាន់ណាស់ក្នុងរឿងនេះ៕ ដោយ ៖ កញ្ញាដាលីស

យន្តហោះតៃវ៉ាន់ឥឡូវប្រុងជើងការជាប់ជានិច្ចដើម្បីដេញយន្តហោះចិន

ទីតាំងផ្សាយពាណិជ្ជកម្ម