រកឃើញ​មឈូស​បុរាណ​ច្រើន​បំផុត​អាយុកាល២.៥០០ ឆ្នាំ​គួរឱ្យភ្ញាក់ផ្អើល

249
ចែករម្លែក

​មឈូស​បុរាណ​រហូតដល់​ទៅ ២៧ ដែល​គេ​បញ្ចុះ​តាំងពី​ប្រមាណ ២.៥០០​ឆ្នាំ​មុន​ត្រូវ​បាន​រកឃើញ​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុងប្រទេស​អេ​ហ្ស៊ី​បហើយ​គេ​ជឿ​ថា​នេះ​ជា​ការរកឃើញ​មឈូស​បុរាណ​ច្រើន​បំផុត​មិន​​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

​ក្រុម​បុរាណវិទ្យា​ដែល​ធ្វើ​កំណាយ​នៅ​ទី​បញ្ចុះសព​បុរាណ Saqqara ស្ថិតនៅ​ភាគខាងត្បូង​រដ្ឋធានី​គែរ ជា​អ្នក​រក​ឃើញ​មឈូស​បុរាណ​យ៉ាងច្រើន​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ទាំងនេះ​។​

​យោង​តាម​សារព័ត៌មាន BBC ឱ្យដឹង​ថា​ដំបូង​ឡើយ​គេ​រកឃើញ​មឈូស​តែ​ចំនួន​១៣​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិន​បាន​បោះបង់​ត្រឹម​នេះ​ឡើយ ដោយ​ប្រឹងប្រែង​បន្ត​រហូត​រកឃើញ​មឈូស​ចំនួន ១៤ បន្ថែមទៀត​។​

​ក្រសួង​វត្ថុ​បុរាណ​របស់​ប្រទេស​អេ​ហ្ស៊ី​ប បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​កញ្ញា ចុង​សប្ដាហ៍​កន្លងទៅ​ថា “​ការ​សិក្សា​ដំបូង​បង្ហាញថា មឈូស​ទាំងនេះ​បិទ​ជិត​ល្អ​ណាស់​ហើយ​មិន​ត្រូវ​បាន​គាស់​​បើក​គម្រប​ឡើយ​ចាប់តាំងពី​បញ្ចុះ​រួច​” ។

​គេ​ជឿ​ថា នេះ​ជា​ការរកឃើញ​មឈូស​បុរាណ​ច្រើន​បំផុត​មិន​ធ្លាប់មាន ហើយ​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​លើកឡើងថា ពួក​គេ​សង្ឃឹមថា​នឹង​អាច​ស្រាយ “​អាថ៌កំបាំង​បន្ថែមទៀត​”​អំពី​ការរកឃើញ​​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម