ទិវា​ឯករាជ្យ​ជាតិ នៃ​ប្រជាជន​ម៉ាលី​

405
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម៉ាលី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់ខ្លួន នៅ​ថ្ងៃទី ២២ ខែកញ្ញា ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍ ដែល​ពួកគេ​ទទួលបាន ឯករាជភាព ពី​អាណានិគម​បារាំង កាលពី​ឆ្នាំ​១៩៦០ ប៉ុន្តែ​បន្ទាប់ពី​នោះមក ពួកគេ​ត្រូវ​ឆ្លងកាត់​នូវ ព្រឹត្តិការណ៍​តស៊ូ​ដែល​ត្រូវ លះបង់​ជីវិត ជាច្រើន​ទៀត ទម្រាំ​បាន​សុខសាន្តត្រាណ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ម៉ាលី មាន​ផ្ទៃដី​ជា ១ ២៤០ ០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក ខាងលិច មាន​ព្រំដែន​ជាប់​ប្រទេស អាល់​ហ្ស៊េ​រី វាល​ខ្សាច់ សាហា​រ៉ា គូ​ឌឺ​វ័រ សេនី​ហ្កា​ល់ និង ហ្គី​ណេ ។ ឆ្នាំ ២០២០ មាន​ប្រជាជន​ជាង ២០​លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់ សាសនា អ៊ិ​ស្លាម ហើយ​ភាសា ផ្លូវការ​របស់​ប្រទេស មាន​ចំនួន ១៥ ភាសា ប៉ុន្តែ​ភាសា​ដែល​គេ​និយាយ​ច្រើន​បំផុត គឺ​ភាសា បារាំង និង បាំ​បា​រ៉ា រដ្ឋធានី គឺ​ទីក្រុង​បា​ម៉ា​កូ ។​

ប្រវត្តិសាស្ត្រ​
​នៅ​សតវត្សរ៍​ទី ១៤ អាណាចក្រ ម៉ាលី បាន​ឡើងដល់​អំណាច​កំពូល​របស់ខ្លួន ហើយ​ទីក្រុង Djenné និង ទីក្រុង Timbuktu គឺជា​បណ្តុំ​ពាណិជ្ជកម្ម និង ការសិក្សា​ខាង សាសនា​អ៊ិ​ស្លាម ។ ប៉ុន្តែ​ក្រោយមក អាណាចក្រ ម៉ាលី បាន​ស្គាល់​ឱនភាព ដោយសារ​មានការ​កាច់​កុង​គ្នា​ផ្ទៃក្នុង ហើយដោយ​មានការ​ជួយ អន្តរាគមន៍​ពី សំណាក់​អាណាចក្រ​ជិតខាង គឺ​អាណាចក្រ សុង​ហៃ ( បច្ចុប្បន្ន នី​ហ្ស៊េ​រី​យ៉ា ភាគ​ពាយ័ព្យ ) ដែល​អាណាចក្រ សុង​ហៃ គឺជា​មហាអំណាច​ដ៏​យូរលង់ បំផុត នៅ​អាហ្វ្រិក​ខាងលិច ប៉ុន្តែ ពេលនោះ​ស្ថិតក្រោម​ការត្រួតត្រា របស់​អាណាចក្រ​ម៉ាលី ។​

​នៅ​ចុង​សតវត្សរ៍​ទី ១៤ សុង​ហៃ ទទួលបាន​ឯករាជភាព ពី ម៉ាលី ហើយ​បាន​ពង្រីក​ខ្លួន​យក ភាគច្រើនបំផុត នៃ ដែនដី​ភាគ​ខាងកើត​របស់ ម៉ាលី (​ចំណុច​នេះ គឺមាន​លក្ខណៈ​ប្រហាក់ ប្រហែល​គ្នា ទៅនឹង​អាណាចក្រ​ខ្មែរ និង សៀម ) ។ ប៉ុន្តែ សុង​ហៃ បាន​ដួលរលំ​នៅ​ឆ្នាំ​១៥៩១ ដោយសារ​ការឈ្លានពាន ពី​សំណាក់ ម៉ា​រ៉ុ​ក ដែល​ប្រការនេះ បានបញ្ចប់​តួនាទី​របស់ សុង​ហៃ ជា​ផ្លូវ​ឆ្លងកាត់​ពាណិជ្ជកម្ម ក៏ដោយ​សារ​ពួក​មហាអំណាច អឺរ៉ុប បង្កើត​ការជួញដូរ​តាមផ្លូវ សមុទ្ទ​វិញ ។​

ក្រោម​អាណានិគមបារាំង​
​នៅ​សតវត្សរ៍​ទី ១៩ វត្តមាន​របស់​មហាអំណាច អឺរ៉ុប ចូលទៅក្នុង​ទឹកដី អាហ្វ្រិក បានធ្វើឱ្យ អាណាចក្រ​នានា​នៅ​ទីនោះ​បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង​ជា​បន្តបន្ទាប់ ។ គិត​ត្រឹម ឆ្នាំ ១៩០៥ តំបន់​ភាគច្រើនបំផុត នៃ អាណាចក្រ ម៉ាលី បាន​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់​បារាំង ហើយ​បានក្លាយ​ជាមាន​ឈ្មោះថា ស៊ូដង់ បារាំង ។

​ការឈឺ​ចាប់ពី​ការត្រួតត្រា​របស់ បារាំង នៅ​ឆ្នាំ ១៩៥៩ តំបន់ ស៊ូដង់ បារាំង និង សេនី​ហ្កា​ល់ បាន​រួបរួមគ្នា​បង្កើតបានជា សហព័ន្ធ ម៉ាលី ឡើងវិញ ។ សហព័ន្ធ ម៉ាលី តស៊ូ​រហូត ដណ្តើម បាន​ឯករាជភាព​របស់ខ្លួន​ពី បារាំង នៅ​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៦០ ។

​សេនី​ហ្កា​ល់ បាន​ដកខ្លួន​ចេញពី សហព័ន្ធ ម៉ាលី នៅ​ខែ សីហា ឆ្នាំ ១៩៦០ ដែល​បន្សល់ទុក​នូវ ម៉ាលី ម្នាក់ឯង ។ ដោយហេតុ​នោះ ម៉ាលី បានប្រកាស​ខ្លួន​ទៅជា សាធារណរដ្ឋ ម៉ាលី នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៦០ ។ លោក Modibo Keïta បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ដំបូង​របស់ ម៉ាលី ហើយ​បាន​បង្កើតជា​រដ្ឋ​មួយ​ដែល​គ្រប់គ្រង​ដោយ​ឯក​បក្ស ។ នៅ​ឆ្នាំ ១៩៤០ ម៉ាលី មាន ប្រជាពលរដ្ឋ​ប្រមាណ​ជា ៤,១ លាន​នាក់ ។ ទិវា​ឯករាជ្យ​ជាតិ ម៉ាលី ត្រូវបាន​ធ្វើឡើង ដើម្បី រំឭក​ដល់​ថ្ងៃ នៃ ថ្ងៃ​នេះឯង ។​

រួច​ពី​អន្ទាក់​ធ្លាក់ចូល​រណ្តៅ​ភ្លើង​
​របប​គ្រប់គ្រង​ឯក​បក្ស​នេះ បាន​ជោគជ័យ​ការងារ​មួយចំនួន ប៉ុន្តែ​បែរជា​មាន​ឱនភាព​ផ្នែក សេដ្ឋកិច្ច ។ នៅ​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៦៨ របប​របស់លោក Keïta ត្រូវបាន​ផ្តួលរំលំ​ដោយ រដ្ឋប្រហារ​យោធា​ដោយ​គ្មាន​ការបង្ហូរ​ឈាម​ដែល​ដឹកនាំ​ដោយ​លោក​ឩ​ត្ត​ម​សេនីយ៍ Moussa Traoré ( បច្ចុប្បន្ន​ថ្ងៃនោះ ត្រូវបាន​ប្រារព្ធ​ជា ទិវា រំដោះ ) ។ បន្ទាប់មក រដ្ឋាភិបាលយោធា របស់លោក​ប្រធានាធិបតី ( ឩ​ត្ត​ម​សេនីយ៍ ) Traoré បាន​ខិតខំ​ស្តារ​សេដ្ឋកិច្ច ។

​ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនោះ​ពុំបាន​សម្រេច​គោលបំណង​របស់ខ្លួន​ជា​ដុំកំភួន​អ្វី​ឡើយ ដោយសារ​ភាពច្របូកច្របល់​ផ្នែក​នយោបាយ និង គ្រោះរាំងស្ងួត​ពី​ឆ្នាំ ១៩៦៨-១៩៧០ ហើយ​ចន្លោះ​ពេលនោះ គ្រោះ​ទុ​រ្ភឹ​ក្ស បានសម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់​បន្ថែម​ទៀត ។ នៅក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៧០ រដ្ឋាភិបាល​របស់លោក Traoré បាន​ត្រូវ​ពើប​ប្រឈម​នឹង ការ​ងើប​ប្រឆាំង​របស់​ពួក​និស្សិត និង ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ចំនួន ០៣ លើក ។ ប៉ុន្តែ​រដ្ឋា ភិ​បាល​យោធា​បាន​បង្ក្រាប​នូវ​រាល់​អ្នក​មានគំនិត​ប្រឆាំង​ទាំងអស់​រហូតដល់​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ។​

​រដ្ឋាភិបាល​របស់លោក Traoré នៅតែមាន​បំណង​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច ប៉ុន្តែ​ប្រជាពលរដ្ឋ កាន់តែ​មិន​ពេញចិត្ត​ខ្លាំង​ឡើងៗ​ចំពោះ​រដ្ឋាភិបាល​នេះ ។ ឆ្លើយតប​ទៅនឹង​ការទទូច​ទាមទារ​រក របប​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស រដ្ឋាភិបាល​លោក Traoré បានធ្វើ​សេរី​កម្ម​នយោបាយ យ៉ាង​មានកំណត់​មួយ ។ នៅ​ឆ្នាំ ១៩៩០ មានការ​ងើប​បះបោរ​ប្រឆាំង​យ៉ាង​ច្របូកច្របល់ ។​

ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួក​និស្សិត​នៅ​ខែ មករា ឆ្នាំ ១៩៩១ ត្រូវបាន​បង្ក្រាប​ដោយ ឃោរឃៅ ដោយមាន​ការចាប់ខ្លួន និង ធ្វើ​ទារុណកម្ម​ទៅលើ​មេដឹកនាំ និង​អ្នកចូលរួម​ចលនា នេះ​ជាច្រើន​ករណី ។ ប៉ុន្តែ​សកម្មភាព​ប្រឆាំង​តវ៉ា​នៅតាម​អាគារ​ធំៗ​នៅតែមាន​ជា​បន្ត ហើយ អំពើហិង្សា​ក៏​នៅតែ​កើត​ឡើងជា​ហូរហែ​បន្តទៅទៀត​ដែរ ។​ចាប់ពី​ថ្ងៃទី ២២ ខែ មីនា ដល់ ថ្ងៃទី ២៦ ឆ្នាំ ១៩៩១ សម្ព័ន្ធ​អ្នកគាំទ្រ​លទ្ធិប្រជា ធិបតេយ្យ និង កូដកម្ម​ទូទាំងប្រទេស ទាំង​ទីក្រុង និង ជនបទ បាន​ផ្ទុះឡើង ដែល​ត្រូវបាន​គេ​ហៅថា បដិវត្តន៍ ខែ មីនា ។​

​នៅ​ទីក្រុង បា​ម៉ា​កូ ឆ្លើយតប​ទៅនឹង​បាតុកម្ម​រៀបចំ​ដោយ​និស្សិត​តាម​សកលវិទ្យា​ល័យ ពួក សហជីព​ជំនួញ និង មនុស្ស​មកពី​ប្រភព​នានា​នោះ ទាហាន​បាន​បើក​ការបាញ់រះ​យ៉ាង​ពេញ ទំហឹង​ទៅលើ​ពួក​បាតុករ​អហិង្សា ។ ឆ្លើយតប​ទៅនឹង​អំពើ​ឃោរឃៅ​នោះ​កុប្បកម្ម​ក៏បាន​ផ្ទុះ ឡើង​ភ្លាម បន្ទាប់ពី​ការបាញ់ រះ​នោះ ។ របាំង និង បា​រ៉ា​ស់​ផ្លូវ​ត្រូវបាន​ដាក់ពង្រាយ​ហើយ ប្រធានាធិបតី Traoré បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន និង ដាក់​យប់នោះ​ចូល​ជា បម្រាម​គោចរ ។ ត្រឹម​រយៈពេល ០៤ ថ្ងៃ ជីវិត​មនុស្ស​ជាង ៣០០ ត្រូវបាន​ផ្តាច់ផ្តិល ប៉ុន្តែ​ពួក បាតុករ​អហិង្សា​នៅតែ​បន្ត​នាំគ្នា​ហែ​ចូលទៅ​ទីក្រុង បា​ម៉ា​កូ ហើយ​ទាមទារ​ឱ្យ​ប្រ​ធា​ធិបតី​ផ្តាច់ការ Traoré ចុះ​ចេញពី​តំណែង និង ប្រតិបត្តិ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ។

​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៩១ គឺជា​ថ្ងៃ​ដែលមាន​ការប៉ះទង្គិច​គ្នា​ដ៏​ធំ​បំផុត​រវាង​ទាហាន និង ពួក​និស្សិត​បាតុករ​អហិង្សា ដែលជា​ការសម្លាប់​រង្គាល​កម្រិត​ខ្ពស់បំផុត​ដោយបាន​សម្លាប់​មនុស្ស រាប់រយ​នាក់​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​ប្រធានាធិបតី Moussa Traoré និង​អ្នក​ស្និទ្ធ នឹង​គាត់ ០៣ នាក់​ផ្សេងទៀត ។ ពួក​និស្សិត​បាតុករ​ទាំងនោះ ទោះជា​ស្លាប់​ច្រើន​យ៉ាងណា ក៏​ពួកគេ​នៅតែ​មិន​រាថយ មិន​ចុះ​ញ៉ម​នឹង​សេចក្តីស្លាប់​ជាដាច់ខាត ។ ចំណែក​កងទ័ព​ក៏​ចេះ តែ​បាញ់រះ​ឥត​ត្រា​ប្រណី និង ឥតមាន​ញញើត​ដៃ​ដែរ ។ ភាព​សន្ធោរ​សន្ធៅ​របស់​កងទ័ព ទៅលើ​បាតុករ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​រីក​យ៉ាង​រាលដាល ។ ប៉ុន្តែ​គេ​ថា​នៅក្នុង​លូ ទឹកស្អុយ ក៏​គង់​មាន​ស្រមោល​ព្រះ​ចន្ទ ។ យ៉ាងណាមិញ​ក្នុងចំណោម​ពួកកងទ័ព​ក្រោម​ការ​ក្តោប ក្តាប់​យ៉ាង​តឹងរ៉ឹង​របស់​ប្រធានាធិបតី Moussa Traoré នោះ ក៏មាន​មន្ត្រី​យោធា និង​យោធា​ជា ច្រើន មិន​ពេញចិត្ត​នឹង​របប​របស់ ប្រធានាធិបតី ដែល​បញ្ជា​ឱ្យ​កងទ័ព សម្លាប់​ប្រជាពលរដ្ឋ ខ្លួនឯង​នោះដែរ ។ ប៉ុន្តែ​ពួកគេ ចេះតែ​ធ្វើជា​ពេញចិត្ត ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​តែ ប៉ុណ្ណោះ ។ លុះ​បាន​ស្ថានភាព​សមរម្យ ពួកគេ ក៏​បង្ហាញ​សារជាតិ ពិតប្រាកដ​របស់​ពួកគេ​ភ្លាម ។​

​នៅក្នុង​ថ្ងៃទី ២៦ ខែ និង ឆ្នាំ ដដែល​នោះ ដោយ​មើលឃើញ​ពី​ភាពព្រៃផ្សៃ​ដូច្នោះ​កងទ័ព​រាប់ ពាន់​នាក់ បាន​ទម្លាក់អាវុធ​របស់ខ្លួន ហើយ​ទៅ​ចូលរួម​ជាមួយ​ពួក​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា ធិបតេយ្យ វិញ ។ នៅ​រសៀល​ថ្ងៃទី ២៦ នោះ អនុសេនីយ៍ឯក​ឈ្មោះ Amadou Toumani Touré បានប្រកាស​តាម​វិទ្យុ​ថា គាត់​បាន​ចាប់ខ្លួន​ប្រធានាធិបតី​ផ្តាច់ការ Moussa Traoré ហើយ ។ ដំណឹង​នោះបាន​ញ៉ាំងឱ្យ​សំឡេង​យំសោក​ដោយ​ក្តី​ត្រេកអរ និង ការ​សាទរ​បាន​លាន់ឮ​ឡើង ទូទាំងប្រទេស ម៉ាលី ។​

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​រដ្ឋប្រហារ ខែ មីនា ឆ្នាំ ១៩៩១ របស់ ម៉ាលី ។ ប្រធានាធិបតី Moussa Traoré និង អ្នក​ស្និទ្ធ​នឹង​គាត់​ទាំង ០៣ នាក់​ដែលមាន​ទំនួល​ខុស ត្រូវ​បញ្ជា​កងទ័ព​ឱ្យ​បាញ់សម្លាប់​បាតុករ ត្រូវបាន​កាត់ទោស​ប្រហារជីវិត ។

​បន្ទាប់មក​ពួក​គណបក្ស​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក ប្រធានាធិបតី Moussa Traoré ត្រូវបាន ផ្តល់​ឱ្យនូវ​ភាពស្របច្បាប់​ថា​ជា​គណបក្សនយោបាយ ហើយ​សមាជជាតិ នៃ​ក្រុម​ពួក​អ្នក នយោបាយ និង សង្គម​ស៊ីវិល បាន​ជួបជុំគ្នា ដើម្បី ព្រាង​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​ថ្មី​មួយ សម្រាប់​បោះឆ្នោត​ធ្វើ​ប្រជាមតិ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទីក្រុង បា​ម៉ា​កូ នៃ ប្រទេស ម៉ាលី
ក្បួនព្យុហយាត្រា​កងទ័ព ម៉ាលី

ទីតាំងផ្សាយពាណិជ្ជកម្ម