ក្រោយ​បញ្ជូន​យន្តហោះ​ចម្បាំង​ជិត​២០​គ្រឿង​ចូល​ជិត​តៃវ៉ាន់ កងទ័ពអាកាស​ចិន​បង្ហាញ​វីដេអូ​ត្រាប់​ការវាយប្រហារ​មូលដ្ឋាន​ទ័ពអាកាស​អាម៉េរិក​ទៀត​

10199
ចែករម្លែក

​កងទ័ពអាកាស​របស់​ចិន​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​H-6 ដែល​មាន​សមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ ធ្វើ​ការវាយប្រហា​រហាក់​ដូចជា​ពិតៗ​ទៅលើ​អ្វី​ដែល​មើល​​ទៅ​ដូច​ជា​មូលដ្ឋាន​ទ័ពអាកាស Andersen នៅលើ​កោះ​ហ្កាំ​(Guam)​របស់​អាម៉េរិក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ខណៈ​ដែល​ភាព​តានតឹង​ក្នុង​តំបន់​នៅ​តែ​បន្ត​កើនឡើង​។​

​ខ្សែ​វីដេអូ​របស់​កងទ័ព​ចិន​នេះ បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ធ្វើត្រាប់ការទម្លាក់​គ្រាប់​លើ​មូលដ្ឋាន​អាម៉េរិក​

​វីដេអូ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​ខែកញ្ញា​នៅលើ​វេបសាយ​Weibo​របស់​កងទ័ព​រំដោះប្រជាជន​ចិន​នេះ បាន​កើតឡើង ខណៈ​ដែល​ដែល​ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​ថ្ងៃទី​២ នៅ​ជិត​កោះ​តៃ​វ៉ាន់ដើ​​ម្បី​បង្ហាញ​កំហឹង​របស់​ក្រុង​ប៉េកាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​អាម៉េរិក​ទៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​។​

​កោះ​ហ្កាំ ជាទី​តាំង​យោធា​ដ៏​ធំ​របស់​អាម៉េរិក ដែល​រួម​ទាំង​មូលដ្ឋាន​ទ័ពអាកាស​ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការឆ្លើយតប​ទៅនឹង​ជម្លោះ​ណាមួយ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ខ្សែ​វីដេអូ​របស់​កងទ័ពអាកាស​ចិន​នេះ បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ច្រើន​គ្រឿង​ហោះ​ចេញពី​ទីកន្លែង​វាល​មួយ​។​ខ្សែ​វីដេអូ​នេះ មាន​ចំណងជើង​ថា ” អាទិទេព​នៃ​សង្គ្រាម​H-6K ចេញ​ទៅ​ច្បាំង​”​។​

​កងទ័ព​ចិន​បាន​សរសេរ​នៅក្នុង​ការពណ៌នា​នៅក្នុង​វីដេអូ​នេះ​ថា “​យើង​គឺ​ជា​អ្នក​ការពារ​សន្តិសុខ​លំហ​អាកាស​របស់​មាតុភូមិ​។ យើង​មាន​ទំនុកចិត្ត​និង​សមត្ថភាព​ក្នុង​ការការពារ​សន្តិសុខ​ដែន​អាកាស​​របស់​មាតុភូមិ​”​។​

​ទោះ​យ៉ាងនេះក្តី ទាំង​ក្រសួងការពារជាតិ​ចិន​និង​ទាំង​បញ្ជាការ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាម៉េរិក មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​វីដេអូ​នេះ​ទេ​។​

​វីដេអូ​ត្រាប់​ការវាយប្រហារ​ត្រូវ​បាន​បញ្ចេញ​ចំពេល​មាន​សេចក្តីរាយការណ៍​ថា ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជិត​២០​គ្រឿង​ចូល​ជិត​កោះ​តៃវ៉ាន់ ដោយ​ហោះចូល​ហួស​អ្វីដែល​អាជ្ញាធរ​កោះ​តៃវ៉ាន់​ហោះ​ថា​«​ខ្សែ​​បន្ទាត់​កណ្តាល​»​ដែល​ខ័ណ្ឌ​ចែក​ចិនដីគោ​កនិង​កោះ​តៃវ៉ាន់​។​

​កាសែត​ចិនតៃវ៉ាន់ China Times​បាន​និយាយថា ពួក​មន្ត្រី​តៃវ៉ាន់​បាន​ព្រមាន​អោយ​យន្តហោះ​យោធា​ចិន​«​ចាក​ចេញ​ជា​បន្ទាន់​» តែ​អាកាសយានិក​ចិន​បាន​តប​វិញ​ថា «​មិន​មាន​ខ្សែបន្ទាត់​កណ្តាល​»​អី​ទេ​​នៅ​ច្រក​សមុទ្រ​នេះ​។​

​សូមបញ្ជាក់​ថា ចិន​ប៉េកាំង​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយ​មិន​ដែល​បដិសេធ​ម្តងណា​ថា​មិន​ប្រើ​កម្លាំងយោធា​ដើម្បី​ចាប់​យក​កោះ​នេះ​មក​ដាក់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ទេ​ ក្នុង​ករណី​ចាំបាច់​។​

​ក្រសួង​យោធា​តៃវ៉ាន់ បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ខ្លួន​ថ្កោលទោស​សមយុទ្ធ​យោធា​ចិន​នៅក្នុង​តំបន់​និង​អះអាងថា​យន្តហោះ​យោធា​ចិន​ដ៏​ច្រើន​បាន​ហោះចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ដែន​អាកាស​​តៃវ៉ាន់​តែ​ក្នុង​រយៈ​១​ថ្ងៃ រួម​មាន​យន្តហោះ​ប្រភេ​ទុសៗ​គ្នា​១៦ ដូចជា​J-16 យន្តហោះ​ទម្លាកើ​គ្រាប់​H-6 និង​យន្តហោះ​ប្រឆាំង​នាវាមុជទឹក Y-8 ASW៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6​ហោះចូល​កៀកកោះ​តៃវ៉ាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម