ចាប់ខ្លួន​អតីតមន្ត្រី​បក្សប្រឆាំង ពាក់ព័ន្ធ​នឹង​ការទទួល​ហិរញ្ញប្បទាន យកមកប្រើ​ប្រាស់​នៅ​កម្ពុជា​

815
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញៈ
សមត្ថកិច្ច បាន​ចាប់ខ្លួន​អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការទទួល​ហិរញ្ញប្បទាន ពី​ក្រៅប្រទេស យកមកប្រើ​ប្រាស់ ធ្វើ​សកម្មភាព នៅក្នុង​ប្រទេស​កម្ពុជា​។ ការចាប់ខ្លួន បានធ្វើ​ឡើង កាលពី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ តាម​ដីកា​របស់​សាលាដំបូង រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ចាប់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ធ្វើការ​សាកសួរ​។ បន្ទាប់ពី​សាកសួរ តុលាការ បាន​ចោទប្រកាន់ ពីបទ រួមគំនិត​ក្បត់​។​

​អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សមត្ថកិច្ច ចាប់ខ្លួន​ឈ្មោះ អឿ ណា​រិ​ទ្ធ អតីតមន្ត្រី​ទទួលបន្ទុក កិច្ចការ​សាធារណៈ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយការ​ផ្ទាល់ របស់​អ្នកស្រី មូរ សុខ​ហួរ ។​

(​រូប​ក្នុងរ​រង្វង់​) លោក​អឿ ណា​រិ​ទ្ធ ពេល​ចាប់ខ្លួន​ក្នុងអំឡុង​ឆ្នាំ​២០១៤ (​រូប​ថ​តៈ​ឯកសារ​)

​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ថាៈ សមត្ថកិច្ច បាន​ចាប់ខ្លួន​ឈ្មោះ អឿ ណា​រិ​ទ្ធ តាម​ដីកា​របស់ សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ជាប់​សង្ស័យ យក​ហិរញ្ញប្បទាន យកមកប្រើ​ប្រាស់ នៅក្នុង​ប្រទេស​កម្ពុជា​។ សមត្ថកិច្ច បា​នប​ញ្ជួ​ន​ខ្លួន ឈ្មោះ អឿ ណា​រិ​ទ្ធ ទៅ​តុលាការ រួចហើយ ដោយ​ចោទប្រកាន់ ពីបទ​រួមគំនិត​ក្បត់​។ ចំពោះ​ករណីនេះ សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ បន្ថែមទៀត​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​

​គួរបញ្ជាក់​ថាៈ លោក អឿ ណា​រិ​ទ្ធ អតីតមន្ត្រី​ទទួលបន្ទុក កិច្ចការ​សាធារណៈ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយការ​ផ្ទាល់ របស់​អ្នកស្រី មូរ សុខ​ហួរ រួមទាំង​បក្ខពួក ចំនួន ១០ នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ចាប់ពី ៧ ឆ្នាំ ទៅ ២០ ឆ្នាំ ចោទប្រកាន់​ពីបទ ដឹកនាំ​កុបកម្ម និង​ចូលរួម​ចលនា​កុបកម្ម ទាមទារ​ឲ្យ​មាន​បើក ទីលាន​ប្រជាធិបតេយ្យ​។​

​សូម​រម្លឹកថា អំពើហិង្សា នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​សន្តិសុខ​ខណ្ឌដូនពេញ ៣៨ នាក់ ដែល​ក្នុងនោះ សន្តិសុខ ៥ នាក់ រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ក្រុមបាតុករ ជិត ១.០០០ នាក់ ទាមទារ​ឲ្យ​បើក ទីលាន​ប្រជាធិបតេយ្យ ឡើងវិញ​។ ក្រុម​ជនជាប់ចោទ​ទាំងអស់ ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ ដឹកនាំ​កុបកម្ម បទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម