​ប៉ូលិស​ដោះលែង​អតីត​ជំនួយការ​ផ្ទាល់​របស់​អ្នកស្រី មូរ សុខ​ហួរវិញហើយ

347
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ទីបំផុត​លោក​អឿ​ណា​រិ​ទ្ធ​អតីតមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ជំនួយការ​ផ្ទាល់​របស់​អ្នកស្រី​មូរ​សុខ​ហួរ​ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០​បន្ទាប់ពី​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​។

លោក​អឿ​ណា​រិ​ទ្ធ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ជិត​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២០​។​ការចាប់ខ្លួន​នេះ​គឺ​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​សាន សុខ​សីហា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​២១ ខែកញ្ញា ថាៈ​លោក អឿ ណា​រិ​ទ្ធ ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។

​បើតាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ អឿ ណា​រិ​ទ្ធ តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ។​សមត្ថកិច្ច​បា​នប​ញ្ជួ​ន​ខ្លួន​ឈ្មោះ​អឿ​ណា​រិ​ទ្ធ​ទៅ​តុលាការ​រួចហើយ​ដោយ​ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់​។


​គួរ​បញ្ជាក់ថា លោក អឿ ណា​រិ​ទ្ធ អតីតមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយការ​ផ្ទាល់​របស់​អ្នកស្រី មូរ សុខ​ហួរ រួមទាំង​បក្ខពួក​ចំនួន ១០​នាក់​ផ្សេងទៀត ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាល​ពីថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៥​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចាប់ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ចោទប្រកាន់​ពីបទ​ដឹកនាំ​កុបកម្ម​និង​ចូលរួម​ចលនា​កុបកម្ម​ទាមទារ​ឱ្យមាន​បើក​ទីលាន​ប្រជាធិបតេយ្យ​។​

​សូម​រលឹក​ថា អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ បណ្តាលឱ្យ​សន្តិសុខ​ខណ្ឌ ដូនពេញ​របួស​៣៨​នាក់​។​ដែល​ក្នុងនោះ​សន្តិសុខ​៥​នាក់​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដឹកនាំ​ក្រុមបាតុករ​ជិត​១.០០០​នាក់​ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​។​ក្រុម​ជនជាប់ចោទ​ទាំងអស់​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ដឹកនាំ​កុបកម្ម​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជាអាទិ៍​និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម