កសិករ នៅ​បន្ទាយមានជ័យ ភ្ជួរ​រាស់​ដី​ស្រូវ​ដើមរដូវ និង​ស្រូវវស្សា បាន​ជាង ២០​ភាគរយ​

3058
ចែករម្លែក
  • 17
    Shares

ដោយ​: ភ្នំ​ស្វាយ /
​បន្ទាយមានជ័យ​: គិត​មកទល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ កសិករ នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​កំពុង​ភ្ជួរ​រាស់​ដី​ស្រូវ​ដើមរដូវ និង​ស្រូវវស្សា ដោយ​គ្រឿងចក្រ បាន​ជាង ២០ ភាគរយ​ប៉ុណ្ណោះ លើ​ផែន​ការសរុប ២៥០.០០០ ហិកតា​។ ចំណែក​មន្ទីរ​កសិកម្ម​ខេត្ត បាន​ជំរុញ​ឱ្យ​កសិករ ក្នុង​ខេត្ត យក​គម្រូ​កសិករ​គំរូ​មួយចំនួន ដែលមាន​ស្នាដៃ​ឆ្នើម ហើយ​យក​វិធី​របស់​កសិករ​គំរូ​ទាំងនោះ មកប្រើប្រាស់ ក្នុងការ​បង្កើន​ផលិតផល​របស់ខ្លួន​។​

​កសិករ​នៅ​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​រស្មី​កម្ពុជា​ថា​: ពួកគាត់​មួយចំនួន ទើបតែ​បញ្ចប់​ការប្រមូល​ផល ស្រូវ​រដូវប្រាំង កាលពីពេល​ថ្មីៗ​នេះ ជាមួយនឹង​ទិន្នផល ក៏​ខ្ពស់ តម្លៃ​ទីផ្សារ​ស្រូវ ក៏​សមរម្យ ហើយ​ពេលនេះ ពួកគាត់​មួយចំនួន បាន​ងាក​មក​ភ្ជូ​រ​រាស់​ដាស់ដី សម្រាប់​ស្រូវស្រាល មិន​ប្រកាន់​រដូវ ដើមរដូវ​វស្សា ឬ​ស្រូវប្រាំង ដើមរដូវ​វស្សា និង​ស្រូវ​រដូវវស្សា ប៉ុន្តែ​មិនទាន់​ភ្ជួរ​រាស់​បាន​ច្រើន​ណាស់ណា​ទេ​។​

​លោក​ប៉ាង វណ្នា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​ថា​: មកទល់​ថ្ងៃទី​១១ ខែមេសា​នេះ ការ​ភ្ជួរ​រាស់​ដាស់ដី​ស្រូវស្រាល ដើមរដូវ​វស្សា និង​ស្រូវវស្សា ឆ្នាំ​២០១៨-១៩ ធ្វើបាន​ជាង ២០ ភាគរយ លើ​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ ២៥ ម៉ឺន​ហិកតា ពោលគឺ​ការ​ដាស់ដី ទាំង​ស្រូវ​ដើមរដូវ (​ស្រូវប្រាំង​ដើមរដូវ​វស្សា​) និង​ស្រូវ​រដូវវស្សា នៅ​ខែឧសភា និង​មិថុនា នា​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខនេះ​។​

លោក​បាន​បន្តថា ការធ្វើ​ស្រែ​បាន ៣ រដូវ ក្នុង​ខេត្ត ធ្វើបាន​ប្រហែល ៣ ពាន់​ហិកតា និង​ធ្វើ ២ ដង បាន​ជិត ៣ ម៉ឺន​ហិកតា ។ ឯ​ការធ្វើ ១ ដង គឺ​ស្រូវ​រដូវវស្សា​នេះ​តែម្តង​។ ចំពោះ​ការដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​វិញ ក៏​ដាំ​បាន​ច្រើន​ដែរ គឺ ៥ ម៉ឺន​ហិកតា លើ​ជាង ៨ ម៉ឺន​ហិកតា​។ ចំណែក​ដំណាំ​បន្លែបង្ការ ការដាំដុះ​នៅ​កៀក​ដើមរដូវ​វស្សា​នេះ បាន​ថយចុះ​វិញ​ហើយ បៀ​ប​ធៀប​ការដាំ​កាលពី​រដូវប្រាំង ដែល​ដាំ​បាន​ជាង ១.៥០០ ហិកតា​នោះ​។​

​លោក​បាន​និយាយថា យោង​លទ្ធផល និង​ទស្សន​:​វិស័យនេះ ទាំង​ក្រសួង បាន​ណែនាំ ទាំង​ការជំរុញឱ្យ​អនុវត្ត​របស់​មន្ទីរ​នោះ មន្ត្រី​កសិកម្ម ចង់ឱ្យ​កសិករ​ទាំងឡាយ សហការ​នឹង​មន្ត្រី​ជំនាញ ហើយ​ខិតខំ​បង្កើន​ការប្រកួតប្រជែង លើ​ផលិតកម្ម​អនុវិស័យ​នានា​របស់​ខ្លន ដោយ​យក​គំរូ​កសិករ​ឆ្នើមៗ មួយចំនួន ក្នុង​ខេត្ត​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ នេះ កសិករ នៅ​ខេត្តបន្ទាយមានជ័យ ៤ រូប​បាន​ដណ្តើម​ភាព​ឆ្នើម ក្នុង​ក្រសួងកសិកម្ម ក្នុងនោះ ១-​កសិករ​ឈ្មោះ សាន ទី ចំណាត់ថ្នាក់​លេខ​១ ខាង​ផលិត​ស្រូវ ដែល​ផ្តោតលើ​ការធ្វើ​ផលិតភាព ប្រសិទ្ធភាព ពាណិជ្ជកម្ម សេដ្ឋកិច្ច នៅ​សហគមន៍​រហាល ស្រុក​ព្រះនេត្រព្រះ​។ ភាព​ឆ្នើម​មានដូចជា​កៀរ​ដី ពង្រាបដី ផលិតភាព​ស្រូវ លើដី​របស់គាត់ ទំហំ ៩៤ ហិកតា​។ ការ​ជ្រើស​ពូជ ថែទាំ ផលិត​បាន​ទិន្នផល ៧-៩ តោន ក្នុង​មួយ​ហិកតា និង​ការចែករំលែក​។ ២- ចំណាត់ថ្នាក់​លេខ​២ កសិករ ឈ្មោះ​វេ​ង ពៅ នៅ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ជា​សមាជិក​ឆ្នើម លើ​ផ្នែក​សហគមន៍​គ្រប់គ្រង ដឹកនាំ​សហគមន៍​កសិកម្ម ដូច​កូន​ក្រុមហ៊ុន​នេះ បានមកពី​ជំនួយ​ផ្តួចផ្តើម គាំពារ​បច្ចេកទេស ពី​មន្ទីរ​កសិកម្ម​និង​អង្គការ​ពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍​( BFD )​។ ៣- កសិករ​ឈ្មោះ នៅ ផាន់​ភីរុន នៅ​ភូមិ​ស្តី​លើ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ដែល​បាន​ចំណាត់ថ្នាក់​លេខ​៣ ដែល​ឆ្នើម​លើ​វារីវប្បកម្ម ក្នុងការ​បង្កាត់កូន​ត្រី​ពូជ និង​៤- កសិករ​នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ដែល​បាន​ចំណាត់ថ្នាក់​លេខ​៣ លើ​ផ្នែក​ចិញ្ចឹម​គោ ជា​លក្ខណ​:​ពាណិជ្ជកម្ម​ខ្នាតតូច​៕V

កសិករ កំពុង​ភ្ជួរ​រាស់​ដី​ស្រូវ​ដើមរដូវ និង​ស្រូវវស្សា ដោយ​គ្រឿងចក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម