ខេត្ត​ដុង​ថាប់ នឹង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត និង​មន្ត្រីខេត្ត​បន្ទាយមានជ័យ លើ​វិស័យ​សុខាភិបាល និង​កសិកម្ម​

1286
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​ /
​បន្ទាយមានជ័យ : គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន​ខេត្ត​ដុង​ថាប់ នៃ​សាធារណរដ្ឋ​ សង្គមនិយម​វៀតណាម នឹង​ផ្តល់​ការឧបត្ថម្ភ និង​អាហារូបករណ៍​ដល់​និស្សិត និង​មន្ត្រី​កម្ពុជា ​លើ​ជំនាញ​សុខាភិបាល និង​ជំនាញ​កសិកម្ម នៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក ដន តឹ​ន​ប៊ូ អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន​ខេត្ត​ដុង​ថាប់ ប្រទេស​ទេស​វៀតណាម បាន​ថ្លែង​ដូច្នេះ ក្នុងពេល​ដឹកនាំ​គណ​:​ប្រតិភូ​ខេត្ត​នេះ មក​ជូនពរ​មន្ត្រីរាជការ កងកម្លាំង​និង​ប្រជាជន​ខេត្តបន្ទាយមានជ័យ ហើយ​ជួបប្រជុំ​ពិភាក្សា ជាមួយ​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៩ មេសា កន្លងទៅ​ថ្មីៗ​នេះ​។​

​ក្នុង​កិច្ច​ស្វាគមន៍ លោក អ៊ុំ រាត្រី បាន​និយាយថា : តាំងពី​មាន​អនុស្សរណ​:​យោគយល់​គ្នា ស្តីពី​ការបង្កើត​ចំណងមិត្តភាព​ថ្នាក់​ខេត្ត លើក​ទី​១ នៅ​ឆ្នាំ​២០១១ និង​បន្ត​លើក​ទី​២ នៅ​ឆ្នាំ​២០១៥ មក ខេត្ត​ទាំងពីរ បាន​កំពុង​ពង្រឹងពង្រីក ចំណងមិត្តភាព ទំនាក់ទំនង កិច្ច​សហប្រតិបត្តិ​ជិតស្និទ្ធ និង​ផ្លែផ្កា​ជាច្រើន​។ ក្រៅពី​វិស័យ​ស៊ីវិល ភាគី​ខេត្ត​ដុង​ថាប់ បាន​ជួយ​ច្រើន​លើ​វិស័យ​យោធា ពោលគឺ​យោធា​ខេត្ត​ដុង​ថាប ភូមិភាគ​ទី​៩ បាន​ជួយ​កសាង​សមិទ្ធផល​ជាច្រើន នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ ដែលគិត​ជា​ប្រាក់ មាន​ជិត ៣៦ ម៉ឺន​ដុល្លារ​អាមេរិក​។​

​លោក ដន តឹ​ន​ប៊ូ ប្រធាន​ប្រតិភូ​ខេត្ត​ដុង​ថាប់ បាន​អបអរ​ ចំពោះ​ជោគជ័យ​ថ្មី បន្ថែមទៀត ​របស់​ខេត្តបន្ទាយមានជ័យ លើ​ការស្តារ និង​អភិវឌ្ឍន៍ ​លើ​គ្រប់​វិស័យ ក្នុងនោះ ក៏​សប្បាយរីករាយ ​ចំពោះ​ការ​រំលឹក​អនុស្សាវរីយ៍ ការដឹងគុណ​របស់​ក​ម្ពុ​ជា ចំពោះ​វៀតណាម លើ​ការរំដោះ​ពី​អំពើ​ប្រល័យពូជសាសន៍ និង​ការ​សហប្រតិបត្តិ​ការល្អ លើ​ការរុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម ដែល​ស្លាប់​ក្នុងសម័យ​សង្គ្រាម នៅ​កម្ពុជា​។​

​លោក​ក៏​ទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ទាំង​២ មាន​ច្រើន តែ​វិស័យ​យោធា​មែន​។ ដូច្នេះ​ពី​ខែឧសភា ឆ្នាំ​២០១៨ តទៅ ខេត្ត​ដុង​ថាប់ សូម​ស្នើ​ភាគី​ខេត្តបន្ទាយមានជ័យ បញ្ជូន​ប្រតិភូ​ជំនាញ ទៅ​វៀតណាម ដើម្បី​សិក្សា ពិភាក្សា ​លើ​ការឧបត្ថម្ភ និង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត និង​មន្ត្រីខេត្ត​នេះ ចំនួន ១៥ កន្លែង សម្រាប់​ការបណ្តុះបណ្តាល​វិស័យ​សុខាភិបាល និង​ជិត ១០ កន្លែង សម្រាប់​វិស័យ​កសិកម្ម​។​

​ក្នុងឱកាស​នេះដែរ ភាគី​វៀតណាម បានផ្តល់​កាដូ និង​មួកសុវត្ថិភាព ១០០ ដល់ខេត្តបន្ទាយមានជ័យ ផងដែរ​៕V

ភាគីខេត្តបន្ទាយមានជ័យ កម្ពុជា និងភាគីខេត្តដុងថាប់ វៀតណាម ជួបប្រជុំ ពិភាក្សាគ្នា លើការងារសហប្រតិបត្តិការទ្វេភាគី

ទីតាំងផ្សាយពាណិជ្ជកម្ម