បំពារ​, ទំពា​, ការពារ​, ហៀរ​, ហៀ​, ហៀវហោះ​, ឡប់ឡែ​, ទ្វាទសមាស​, និមិត្តហេតុ​, និមិត្ត​

222
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

បំពារ ( កិ​. ) ធ្វើ​ឲ្យ​ពារ​លើ​, ពារ​ទាំង​បំពាន​; រំលោភ​ដាក់​, រំលោភ​លើ : បរសេះ​បំពារ​លើ ដំណាំ​គេ​, ជិះសេះ​បំបោល​បំពារ​លើ​គេ ។ បំពារបំពាន ឬ បំពានបំពារ ឲ្យ​ពាន​ពារ​លើ : បំពារបំពាន​លើ​ច្បាប់​បញ្ញត្ត ។ បំប៉ះ​បំពារ បំពារ​ឲ្យ​ប៉ះ​លើ ។

ទំពា ( កិ​. ) លម្អិត​អាហារ​ឬអ្វីៗ​ដោយ​ធ្មេញ : ទំពាបាយ​, ទំពាស្លា​, ទំពាអៀង ។

ការពារ ( កិ​. ) ឃាត់​ខាំង​, រាំងរា​, មិន​ឲ្យ​សត្រូវ​ចូលដល់​ខ្លួន ឬ​ដល់​លំនៅ ដោយ​គ្រឿង​អាវុធ ឬ​គ្រឿង​រាំង​មាន​របង​និង​កំពែង​ជាដើម ។

ហៀរ ( កិ​. ) កំពប់​ហូរ​ចេញ​ព្រោះ​ពេញ​ខ្លាំង​ហួសប្រមាណ​, ព្រោះ​ខ្ពុរ​ឡើង​ឬ​ព្រោះ​ធ្លាក់ រឥល​ជ្រុល​ចុះមក : ទឹកត្នោត​ហៀរ​ពី​មាត់​បំពង់​, ទឹក​បបរ​ពុះ​ហៀរ​ពី​មាត់ឆ្នាំង​, សំបោរ​ហៀរ ។ ប្រើ​ជា គុ​. ក៏បាន : ទឹក​ហៀរ​ភ្លឺ ទឹក​ច្រើនពេក​ហៀ​រលើ​ភ្លឺ ។ ដែល​ច្រើនពេក​ចង្អៀត​អង្គុយ ឬ​ឈរ​មិន​អស់​គ្នា : មនុស្ស​ច្រើន​ហៀរ​សាលា ។ ហៀរហូរ ឬ​ហូរហៀរ (​ព​. ប្រ​.) សម្បូណ៌ គរគោក (​ច្រើន​ប្រើ ហូរហៀរ ជាង​) : ម្ហូបចំណី​សម្បូណ៌​ហូរហៀរ ។

ហៀ ( គុ​. ) ស្តើង​ណាស់ : ស្តើងហៀ​, សម្តើងហៀ គឺ​ស្តើង​សើកប៉ប្រើក ។

ហៀវហោះ ( កិ​. ) ហោះ​លឿន​ប្លៀវ​, ហោះ​ផ្លេកផ្លោះ​ច្រៀវច្រៃ : យក្ស​ហៀវហោះ (​ច្រើន ប្រើ​ក្នុង​កាព្យ​) : យន្ត​មេឃ ហៀវហោះ រម្លង​ចន្លោះ ដងភ្នំ​នានា ត្រដែតត្រដឹម សន្លឹម​នេត្រា ឰដ៏​វេហាស៍ ដូច​ក្រៀល​បក្សី ។​អ្នកជិះ​ក្នុង​យន្ត ក្រឡេក​គយគន់ មើល​មក​ផែនដី ឃើញ​ឆ្ងាយ សន្លឹម គួរ​ព្រឹម​ហឫទ័យ បែរជា​ឥត​ភ័យ ព្រោះ​អាង​គ្រឿងចក្រ ។

ឡប់ឡែ ( ន​. ) “​គេច​, មិន​ឲ្យ​ជួប​; បំបាំង​; កំបាំង​; ជិត​, បិទ​ជិត​” ។ របាំង​បញ្ឈរ​ដាក់​បាំង មាត់ទ្វារ​ជាដើម​មិន​ឲ្យ​ក្រឡេក​មើលឃើញ​ទៅក្នុង​ឬ​ទៅ​ក្រៅ : ឡប់ឡែ​បាំង​មាត់ទ្វារ​, អង្គុយ​ក្នុង​ឡប់ឡែ ។

ទ្វាទសមាស ( ន​. ) ខែ​ទាំង​ដប់​ពីរ​; មួយ​ខួប​ខែ គឺ​មួយឆ្នាំ ។ ក្នុង​កម្ពុជ​ប្រទេស​យើង​, ប្រើ​ជា ឈ្មោះ​បុណ្យ​ឬ​ព្រះ​រាជពិធី​មួយ ដែល​ធ្វើ​ក្នុង​មួយខែ​ម្ដង ជា​ទំនៀម​តាម​រាជប្រពៃណី : បុណ្យ​ទ្វាទសមាស​, ពិធី​ទ្វាទសមាស ។

និមិត្តហេតុ ( ន​. ) ហេតុ​ជា​គ្រឿង​ចំណាំ​ឬ​សម្គាល់ ។ សព្វថ្ងៃ​ប្រើពាក្យ​នេះ​សំដៅយក​អាការ នៃ​រោគ​ឬ​ប្រភេទ​នៃ​ជំងឺ ដែល​នាំ​ឲ្យ​ដឹងបាន​ដោយ​គ្រឿង​សម្គាល់​ផ្សេងៗ : និមិត្តហេតុ​នៃ​រោគ គ្រុនចាញ់ (​បារ​. Symblôme ) ។

និមិត្ត ( ន​. ) ដើមហេតុ​, លក្ខណៈ​, គោល​, ចារឹក​, គ្រឿង​សម្គាល់ : និមិត្តសីមា ជា​គ្រឿង​ដែល ភិក្ខុសង្ឃ​បានកំណត់​យក​ជា​គោល​ចារឹក​សីមា ។ ខ្មាស​របស់​បុរស​ស្ត្រី : និមិត្តបុរស​, និមិត្តស្ត្រី ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​

ទីតាំងផ្សាយពាណិជ្ជកម្ម