ផែនការវិលត្រឡប់ទៅឋានព្រះចន្ទវិញរបស់ណាសានឹងត្រូវចំណាយ២៨ពាន់លានដុល្លារ

231
ចែករម្លែក

អង្គការណាសាកាលពីថ្ងៃចន្ទទី២១កញ្ញាបានបង្ហាញពីផែនការចុងក្រោយរបស់ខ្លួនក្នុងការបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទវិញនៅឆ្នាំ ២០២៤ ហើយបានប៉ាន់ប្រមាណថាការចំណាយដើម្បីបំពេញផែនការនេះបានគឺខ្ទង់ ២៨ ពាន់លានដុល្លារអាម៉េរិក ដោយប្រាក់ចំនួន ១៦ ពាន់លានដុល្លារនឹងត្រូវចំណាយលើការសាងសង់យានសម្រាប់ចុះចតលើឋានព្រះចន្ទ។

សភា ដែលប្រឈមនឹងការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា នឹងត្រូវចុះហត្ថលេខាលើហិរញ្ញប្បទានសម្រាប់គម្រោងមួយដែលត្រូវបានកំណត់ដោយប្រធានាធិបតីដូណាល់ត្រាំជាអាទិភាពកំពូល។ ថវិកាចំនួន ២៨ ពាន់លានដុល្លារនេះនឹងគ្របដណ្តប់លើថវិកាឆ្នាំ២០២១-២៥។

នៅក្នុងសន្និសីទកាសែតខ្លីតាមទូរស័ព្ទជាមួយអ្នកកាសែតកាលពីថ្ងៃចន្ទអំពីបេសកកម្មយាន Artemis ក្នុងការបញ្ជូនមនុស្សទៅឋានព្រះចន្ទវិញ អ្នកគ្រប់គ្រងអង្គការណាសាលោក ជីម ប្រាយដិនស្ទីន បានកត់សម្គាល់ថា “ហានិភ័យនយោបាយ” តែងជាការគំរាមកំហែងធំបំផុតចំពោះការងាររបស់អង្គការណាសាជាពិសេសមុនការបោះឆ្នោតដ៏សំខាន់បែបនេះ។

លោកបារ៉ាក់ អូបាម៉ាបានលុបចោលផែនការសម្រាប់បេសកកម្មបញ្ជូនមនុស្សទៅភពព្រះអង្គារ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់បានចំណាយប្រាក់រាប់ពាន់លានដុល្លារសម្រាប់គម្រោងការនេះ។

លោកប្រាយដិនស្ទីននិយាយថា ប្រសិនបើសភាអនុម័តកញ្ចប់ថវិកាដំបូងចំនួន ៣,២ ពាន់លានដុល្លារនៅថ្ងៃបុណ្យណូអែល “នោះយើងនឹងស្ថិតនៅលើផ្លូវសម្រាប់ការចុះចតយានលើឋានព្រះចន្ទនៅឆ្នាំ ២០២៤”។

លោកនិយាយថា “ដើម្បីឱ្យច្បាស់លាស់ យើងនឹងទៅប៉ូលខាងត្បូង” ដោយបដិសេធនូវទីតាំងនៃការចុះចតយានអាប៉ូឡូលើខ្សែអេក្វាទ័ររបស់ឋានព្រះចន្ទរវាងឆ្នាំ ១៩៦៩ និង ១៩៧២ ។ “គ្មានការពិភាក្សាអ្វីក្រៅពីនេះទេ”។

គម្រោងចំនួនបីផ្សេងគ្នាគឺស្ថិតនៅក្នុងការប្រកួតប្រជែងដើម្បីសាងសង់យានចុះចតលើឋានព្រះចន្ទ ដែលនឹងដឹកអវកាសយានិកពីរនាក់ ដោយម្នាក់ក្នុងនោះជាស្ត្រីទៅកាន់ឋានព្រះចន្ទពីយាន Orion របស់ពួកគេ។

គម្រោងយានទីមួយកំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Blue Origin ដែលបង្កើតឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោកជេហ្វ បេហ្សូស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Northrop Grumman និងក្រុមហ៊ុន Draper ។ គម្រោងសង់យានពីរផ្សេងទៀតកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុន SpaceX របស់លោកអេឡុន ម៉ាស និងដោយក្រុមហ៊ុន Dynetics។

ការហោះហើរលើកដំបូងនៃបេសកកម្មយាន Artemis I ដែលគ្រោងនឹងធ្វើនៅខែវិច្ឆិកាឆ្នាំ ២០២១ នឹងមិនមានអ្នកបើកទេ។ រ៉ុក្កែតយក្សថ្មី SLS ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង នឹងចាប់ផ្តើមហោះជាលើកដំបូងជាមួយនឹងយានអវកាស Orion។

បេសកកម្មយាន Artemis II នៅឆ្នាំ ២០២៣ នឹងដឹកអវកាសយានិកនៅជុំវិញព្រះចន្ទប៉ុន្តែនឹងមិនចុះចតទេ។

ទីបំផុតបេសកកម្មយាន Artemis III នឹងស្មើនឹងបេសកកម្មយាន Apollo 11 ក្នុងឆ្នាំ ១៩៦៩ ប៉ុន្តែការស្នាក់នៅលើភពព្រះចន្ទនឹងមានរយៈពេលយូរជាង ពោលគឺមួយសប្តាហ៍ ហើយនឹងរាប់បញ្ចូលសកម្មភាពនៅខាងក្រៅយានពី ២ ទៅ ៥។

លោកប្រាយដិនស្ទីននិយាយថា “វិទ្យាសាស្ត្រដែលយើងនឹងធ្វើគឺពិតជាខុសគ្នាឆ្ងាយពីអ្វីដែលយើងបានធ្វើពីមុន។ យើងត្រូវចងចាំក្នុងយុគសម័យអាប៉ូឡូ យើងគិតថាព្រះចន្ទស្ងួតរីងរៃ។ ឥឡូវយើងដឹងថាមានទឹកកកច្រើនហើយយើងដឹងថាវាស្ថិតនៅប៉ូលខាងត្បូង”៕ ដោយ ៖ កញ្ញាដាលីស

ណាសាអាចនឹងត្រឡប់ទៅឋានព្រះចន្ទវិញនៅឆ្នាំ២០២៤

ទីតាំងផ្សាយពាណិជ្ជកម្ម