ក្រុមហ៊ុនឱសថចិនគ្រោងដាក់លក់វ៉ាក់សាំងកូវីដ១៩តម្លៃ៨៨ដុល្លារនៅចុងឆ្នាំនេះ

319
ចែករម្លែក

វ៉ាក់សាំងកូវីដ១៩ចំនួនពីរ ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថរដ្ឋចិន កំពុងត្រូវបានវាយតម្លៃសម្រាប់ “ការអនុម័តយល់ព្រមមានលក្ខខណ្ឌ” សម្រាប់ប្រើប្រាស់លើសាធារណជនទូទៅ រួមជាមួយផែនការរួមមួយសម្រាប់ចាក់វ៉ាក់សាំងលើពិភពលោកតែម្តង។

លោក ចាង យុនតៅ អនុប្រធានក្រុមហ៊ុន China National Biotec Group បាននិយាយកាលពីចុងសប្តាហ៍ថា វ៉ាក់សាំងទាំងពីររបស់ខ្លួនកំពុងត្រូវបានពិនិត្យឡើងវិញសម្រាប់ការយល់ព្រមដែលមានលក្ខខណ្ឌពីនិយតករឱសថរបស់រដ្ឋ ហើយប្រសិនបើទទួលបានភ្លើងខៀវ វ៉ាក់សាំងនឹងអាចរកទិញបានក្នុងតម្លៃ ៦០០ យ័ន (៨៨ ដុល្លារ) ក្នុងមួយដូស ពោលគឺធ្លាក់ចុះពី ១.០០០ យ័នដែលបានស្នើកាលពីខែមុន។

លោកចាងបាននិយាយថា “ខ្ញុំជឿជាក់ថាវ៉ាក់សាំងទាំងនេះទំនងជាត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះប៉ុន្តែមានភាពមិនប្រាកដប្រជាជាច្រើន” ។ លោកនិយាយទៀតថា “ប្រសិនបើវ៉ាក់សាំងទាំងនេះត្រូវបានអនុម័ត វានឹងមានលក្ខខណ្ឌនិងមានគោលបំណងចាក់បង្ការជាសកលតែម្តង”។ លោកបានបន្ថែមថា ការចាក់បង្ការទ្រង់ទ្រាយធំគឺជាសំណូមពររបស់ក្រុមហ៊ុន មិនមែនជាគោលនយោបាយផ្លូវការរបស់រដ្ឋនោះទេ។

រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិអាចផ្តល់ការយល់ព្រមមានលក្ខខណ្ឌចំពោះថ្នាំដែលមិនបានបញ្ចប់ការសាកល្បងព្យាបាល ប៉ុន្តែសម្រាប់លទ្ធផលបឋមដែលបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែង។ វ៉ាក់សាំងទាំងពីរនៅតែត្រូវការបញ្ចប់ការសាកល្បងព្យាបាលនិងបំពេញនូវដំណើរការសុំការយល់ព្រមពេញលេញ។

លោកចាងនិយាយថា “យើងចាំបាច់ត្រូវពិនិត្យមើលផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលវែងជាពិសេសប្រសិនបើមានករណីធ្ងន់ធ្ងរណាមួយកើតឡើងនៅពេលដែលឆ្លងវីរុសនេះ។ យើងនឹងទទួលបានការយល់ព្រមពេញលេញបន្ទាប់ពីបញ្ចប់ការសង្កេតជាបន្តនៅក្នុងសាកល្បងព្យាបាលដំណាក់កាលទី ៣”។

លោកនិយាយថា ក្រុមហ៊ុនសង្ឃឹមថានឹងចាប់ផ្តើមចាក់វ៉ាក់សាំងលើមនុស្សដែលធ្វើការងារសកម្ម ជាពិសេស បុគ្គលិកដែលផ្តល់សេវាដល់ភ្ញៀវទេសចរ ព្រោះពួកគេទាក់ទងមនុស្សច្រើន។

លោកចាងបាននិយាយថា “ប្រជាជនទាំងអស់អាចត្រូវបានចាក់ថ្នាំបង្ការក្នុងរយៈពេលពីរឬបីឆ្នាំ”៕ ដោយ ៖ កញ្ញាដាលីស

វ៉ាក់សាំងចិនចំនួន២អាចនឹងដាក់លក់នៅចុងឆ្នាំនេះក្នុងតម្លៃ ៨៨ ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម