ពលករ​ខ្មែរ នៅ​ថៃ សម្រុក​វិល​មក​ស្រុក ដោយ​ខ្លួនឯង ច្រើនជាង​ការចាប់​បញ្ជូន​

1439
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ /
​បន្ទាយមានជ័យ : ពលករ​ខ្មែរ នៅ​ថៃ សម្រុក​វិល​មក​ស្រុក ដោយ​ខ្លួនឯង ច្រើនជាង​ការចាប់​បញ្ជូន ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ហើយ​ដឹក​តាម​ឡាន​ទ្រុង ។ ការវិល​មក​បែបនេះ ក្រោយពី​គណ​:​រដ្ឋមន្ត្រី​ថៃ បាន​បន្ធូរបន្ថយ សម្រួល​ឱ្យ​ពលករ​បរទេស រួមទាំង​ពលករ​កម្ពុជា អាច​វិល​មកលេង ប្រទេស​កំណើត ដោយ​សេរី ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី តាម​ចន្ទគតិ ដូច​ប្រទេស​ថៃ ដែរនោះ​។​

​យោង​ពលករ​ខ្មែរ និង​មន្ត្រី​សមត្ថកិច្ច កងកម្លាំង និង​អាជ្ញាធរ​ដែនដី នៅ​ព្រំដែន កម្ពុជា ថៃ បានឱ្យដឹង នៅ​ថ្ងៃទី​១១ មេសា​នេះ​ថា​: ៤-៥ ថ្ងៃ​មកនេះ ពលករ​ខ្មែរ ដែល​ទៅធ្វើ​ការ ស៊ីឈ្នួល នៅ​ប្រ​ទ​រស​ថៃ បាន​សម្រុក​វិល មក​ស្រុកកំណើត នៃ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំច ដ៏​ខ្លី​ខាងមុខនេះ​។ នៅ​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត និង​ច្រករបៀង សងខាង​ច្រក​នេះ មាន​ពលរដ្ឋ​ខ្មែរ វិល​មក ក្នុង​ចំនួន​ពី ១.០០០ នាក់ ទៅ ១.២០០ នាក់ ក្នុង​១​ថ្ងៃៗ ក្នុង ៤-៥ ថ្ងៃ មកនេះ​។ ឯ​នៅតាម​ច្រករបៀង​មួយចំនួនទៀត តាម​បណ្តោយ​ព្រំដែន ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ ក៏មាន​ពលករ រាប់រយ​នាក់​ដែរ បាន​វិល​មក​ស្រុកកំណើត​វិញ ។​

​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​អោយដឹងថា ពលករ​ខ្មែរ​នៅ​ថៃ បាន​សម្រុក​វិល​មក​ស្រុកកំណើត តាម​ច្រកព្រំដែន ប៉ោយប៉ែត ច្រើនជាង​សព្វមួយដង នា​មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ មកដល់ ក្នុងនោះ ពលករ​មួយចំនួន បាន​ជិះ​រថយន្តក្រុង រថយន្តឈ្នួល ដឹក​អ្នកដំណើរ​ផ្សេងទៀត តែ​មិនទាន់​ក្តាប់បាន​ថា តម្លៃ​ឈ្នួល​ជិះ ឡើងថ្លៃ​នៅឡើយ​។​

​លោក​បាន​បន្តថា នៅ​ឆ្នាំនេះ មាន​អំណោយផល​ល្អ​មួយទៀត ដោយ​ពលករ ក៏បាន​ជិះ​រថភ្លើង ពី​ក្រុង​ប៉ោយប៉ែត មក​ក្រុង​សិរីសោភ័ណ ផងដែរ​។​

​ចំណែក​លោក​វរសេនីយ៍ អោក សំ​ណុ​ក នាយរង​ការិយាល័យ នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ និង​ជាម​ន្ត្រី​ប្រចាំការ នៅ​មណ្ឌល​ទទួល​ពលករ​ខ្មែរ ព្រំដែន​ប៉ោយប៉ែត បាន​ប្រាប់​នៅ​ថ្ងៃទី​១១ មេសា​នេះ​ថា​: ឆ្នាំ​២០១៨​នេះ ខុសពី​ឆ្នាំមុនៗ ទាក់ទិន​បរិមាណ​ពល​ករ វិល​មក​ស្រុកកំណើត​។ នោះ​គឺ​ចំនួន​ពលករ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូនមក ហើយ​ដឹកជញ្ជូន តាម​រថយន្ត​ទ្រុង សំណាញ់ របស់​នគរបាល​អន្តោ​ប្រវេសន៍​ថៃ បាន​ថយចុះ​ពី ៥០០-៧០០ នាក់ ក្នុង​មួយថ្ងៃ កាលពី​ឆ្នាំមុនៗ មក​នៅត្រឹម ១០០-២០០ នាក់ ក្នុង​មួយថ្ងៃ​។​

​លោក​បាន​បន្តថា ការថយចុះ​នេះ មកពី​ពលករ​ខ្មែរ ទាំង​ស្របច្បាប់ ទាំង​ខុសច្បាប់ បាន​វិល​មក​ស្រុកកំណើត នាឱកាស​បុណ្យចូលឆ្នាំ ដោយ​មធ្យោបាយ​ខ្លួនឯង ជាជាង​ឱ្យ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ថៃ ចាប់បញ្ជូន​។ នោះ​មកពី​ខាង​ភាគី​ថៃ តាមរយ​:​សេចក្តីសម្រេច របស់​គណ​:​រដ្ឋមន្ត្រី​ថៃ បានអនុញ្ញាត​ឱ្យ​ពលករ​បរទេស បាន​វិលត្រឡប់ ដោយ​សេរី មិន​គិត​ដកហូត​សិទ្ធិ ក្នុង​ទិដ្ឋាការ​ការងារ (VISA) ទៅលេង​ស្រុកកំណើត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី តាម​ចន្ទគតិ ដូច​ថៃ​ដែរ តាំងពី​ថ្ងៃទី​៥ ដល់ ៣០ ខែមេសា ឆ្នាំ​២០១៨ ខាងមុខ​។ ហេតុនេះ ពលករ​ខ្មែរ​មួយចំនួនធំ បាន​វិល​មក​ដោយ​ខ្លួនឯង តាម​ច្រក​ត្រង់ គឺ​ច្រក​ផ្លូវការ និង​ច្រករបៀង​។ ម្យ៉ាងទៀត ការថយចុះ​នូវ​ពលករ​ខ្មែរ វិល​មក​តាម​ច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត មកពី​ពលករ​មួយចំនួនធំ បាន​វិល​មក​តាម​ច្រកព្រំដែន អន្តរជាតិ​ដូង​-​បាន​ឡែ​ម ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ប្រភពព័ត៌មាន​ពី ច្រកព្រំដែន​អន្តរជាតិ ដូង បានឱ្យដឹង​ថ្ងៃទី​១១ មេសា នេះដែរ​ថា​: មកទល់​ថ្ងៃនេះ មាន​ពលករ​ខ្មែរ វិល​មក​តាម​ច្រក​នេះ ជាង ៣ ម៉ឺន​នាក់​ហើយ ពោលគឺ​ច្រើនជាង មក​តាម​ច្រក​អន្តរជាតិ ប៉ោយប៉ែត៕V

​ពលករ​ខ្មែរ នៅ​ថៃ សម្រុក​វិល​មក​ស្រុកកំណើត ដោយ​ខ្លួនឯង ដើម្បី​ចូលរួម ជាមួយ​គ្រួសារ ញាតិមិត្ត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំច ដ៏​ខ្លី​ខាងមុខនេះ (​រូប​:​ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម