​រូបថត​ឯកសារ​និង​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

343
ចែករម្លែក

ដោយ សួត វិចិត្រ ៖ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២០ សិស្សានុសិស្ស​សរុប​ចំនួន​៧​នាក់ ក្នុងនោះ​មាន​សិស្សស្រី​ចំនួន​៤​នាក់ នៃ​វិទ្យាល័យ​អន្លង់វែង បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​ស្ដីពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅ​ការិយាល័យ​មជ្ឈមណ្ឌល​ស​ន្ដិ​ភាព​អន្លង់វែង​។ វេទិកា​ថ្នាក់រៀន​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​ទៅលើ​ប្រ​វ​ត្ដិ​សាស្ដ្រ លើកកម្ពស់​ការយល់ដឹង​អំពី​សន្ដិភាព និង​ការផ្សះផ្សា​។​

សិស្សានុសិស្ស​នៃ​វិទ្យាល័យ​អន្លង់វែង ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​ស្ដីពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅ​ការិយាល័យ​មជ្ឈមណ្ឌល​ស​ន្ដិ​ភាព​អន្លង់វែង កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២០(​សួត វិចិត្រ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

សិស្សានុសិស្ស​នៅក្នុង​ក្រុម​នេះ​បាន​ផ្តោត​ការចាប់អារម្មណ៍​លើ​បទ​បង្ហាញ ដែល​ប្រើប្រាស់​កម្រង​រូបថត​ប្រវត្តិសាស្ត្រ​ប្រមាណ​ជិត​៤០​សន្លឹក ដែល​បង្ហាញ​ពី​ការកកើត​បក្ស​កុម្មុយនីស្ដ​កម្ពុជា​, ព្រឹត្តិការណ៍​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥, ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ និង​ពលកម្ម​កុមារ​នៅតាម​ការដ្ឋាន​។ ជាពិសេស ភាពយន្ត​ឯកសារ​មួយចំនួន​ដែល​រួមមាន​ប្លង់គោល​អភិវឌ្ឍន៍​ស្រុក​អន្លង់វែង ក៏ត្រូវ​បាន​ចាក់​បញ្ចាំង​ដែរ​។
​ដោយ​ផ្តើមចេញ​ពីបទ​បង្ហាញ​ដំណាក់កាល​ដំបូង​នេះ សិស្សានុសិស្ស​ក៏បាន​ផ្ដោត​ការពិភាក្សា​តាម​ក្រុម​តូចៗ​របស់ខ្លួន​រយៈពេល​ប្រមាណ​ជា​១៥​នាទី​អំពី​រូបថត​ទាំងនេះ​។ បន្ទាប់មក ប្រធាន​ក្រុម​នីមួយៗ​បាន​បញ្ចេញ​ទស្សនៈ យោបល់ និង​ការយល់ឃើញ​របស់​ក្រុម​នីមួយៗ ដោយបាន​លើកឡើងថា ការដឹកនាំ​សង្គម​មួយ​តាម​លទ្ធិកុម្មុយនីស្ដ និង​ការដាក់​សង្គមមនុស្ស​ឲ្យ​រស់នៅ​ស្មើភាព​គ្នា​គ្មាន​វណ្ណៈ​ក្នុង​ជំនាន់​ខ្មែរក្រហម គឺជា​ស្ថានភាព​មួយ​ដែល​ពិបាក​ទទួលយក​បំផុត ហើយ​ថែមទាំង​បាន​បំបិទ​សិទ្ធិសេរីភាព​របស់​ប្រជាជន​ទាំងស្រុង​ដែរ​។ ប្រជាជន​បានទទួល​រងទុក្ខវេទនា និង​ការរំលោភ​សិទ្ធិសេរីភាព​យ៉ាងធ្ងន់ធ្ងរ តាមរយៈ​ការធ្វើការ​ហួសកម្លាំង ការ​បង្អត់អាហារ និង​ការសម្លាប់​រង្គាល​ជាដើម​។ ផលវិបាក​ដ៏​គួរ​ឲ្យ​រន្ធត់​បាន​បន្សល់ទុក​នូវ​ការស្លាប់​ប្រជាជន​អស់​ជិត​ពីរលាន​នាក់​។ ក្រុម​នីមួយៗ​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ការមិន​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​អប់រំ​ត្រឹមត្រូវ គឺ​មិនអាច​បណ្តុះ​ធនធានមនុស្ស និង​ប​ន្ទុ​ច​បង្អាក់​ដល់​គំនិត​បង្កើត​ថ្មី​ទៀតផង​។ ការណ៍​នេះហើយ​ដែល​សង្គម​មិន​ឲ្យ​ជឿនលឿន​ទៅមុខ​បានទេ ប្រសិនបើ​កុមារ​តូចៗ​មិន​ទទួលបាន​ការអប់រំ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​។​

សិស្សានុសិស្ស​នៃ​វិទ្យាល័យ​អន្លង់វែង ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​ស្ដីពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅ​ការិយាល័យ​មជ្ឈមណ្ឌល​ស​ន្ដិ​ភាព​អន្លង់វែង កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២០(​សួត វិចិត្រ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

បន្ទាប់មក សិស្សានុសិស្ស​ផ្តោតលើ​បទ​បង្ហាញ​បន្ត ដែល​សុទ្ធសឹងតែ​ជា​រូបភាព​ទាក់ទង​នឹង​មន្ទីរ​សន្ដិសុខ​ស​-២១ ឬ​គុក​ទួលស្លែង និង​លលា​ដ៏​ក្បាល​ជនរងគ្រោះ​និង​រណ្តៅ​សាកសព​រួម​នៅឯ​វាលពិឃាដ​បឹង​ជើងឯក​។ អ្នកទោស​ប្រមាណ​១​ម៉ឺន​៤​ពាន់​នាក់​ត្រូវបានធ្វើ​ទារុណកម្ម​សួរចម្លើយ​នៅ​គុក​ទួលស្លែង និង​ដឹក​យកទៅ​សម្លាប់​នៅ​វាលពិឃាដ​បឹង​ជើងឯក​។ បទ​បង្ហាញ​ក៏បាន​ភ្ជាប់​ទៅនឹង​រូបភាព​នៃ​ការបង្កើត​ឲ្យ​មាន​តុលាការ​ដើម្បី​ស្វែងរក​យុត្ដិធម៌​ជូន​ជនរងគ្រោះ​ប្រមាណ​ជិត​២​លាន​នាក់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ខ្មែរក្រហម​។ កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ជា​អតីត​ប្រធាន​មន្ទីរ​ស​-២១ ឬ​គុក​ទួលស្លែង ត្រូវបាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រ​ព្រឹ​ត្ដទៅ​នឹង​គុក​ទួលស្លែង​។ ឌុ​ច បាន​ស្លាប់​នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅនេះ​។
​ផ្នែក​ចុងក្រោយ​នៃ​វេទិកា​ថ្នាក់រៀន​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ​ដំណើរការ​វិវឌ្ឍន៍ និង​ការ​ប្រែ​មុខមាត់​ថ្មី​នៃ​សហគមន៍​អន្លង់វែង តាមរយៈ​វីដេអូ​ប្លង់គោល​ប្លង់គោល​ស្រុក​អន្លង់វែង​ដែល​បង្ហាញ​អំពី​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​អនាគតកាល​។ ក្នុងនោះ រឿងរ៉ាវ​របស់​ប្រជាជន​នៅក្នុង​មូលដ្ឋាន​ក៏ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​តំបន់​ទេសចរណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​ទាំង​១៤​កន្លែង​ដែរ ដែល​បម្រើ​ឲ្យ​ការចងចាំ ការអប់រំ និង​ការផ្សះផ្សា​។ សិស្សានុសិស្ស​ក្នុង​ក្រុម បាន​មើលឃើញ​ពី​សក្ដានុពល​នៃ​សហគមន៍​របស់ខ្លួន ដែល​ធ្លាប់ជា​តំបន់​ដ៏​ជូរចត់​មួយ​នៃ​សមរភូមិ​ប្រយុទ្ធ​ចុងក្រោយ​របស់​ខ្មែរក្រហម​ថា​ជា​តំបន់​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​មួយ និង​បង្កប់​ទៅដោយ​រឿងរ៉ាវ​ជាច្រើន​រាប់មិនអស់​ដែល​មនុស្ស​គ្រប់រូប​គួរ​យល់ដឹង ។

សិស្សានុសិស្ស​នៃ​វិទ្យាល័យ​អន្លង់វែង ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​ស្ដីពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅ​ការិយាល័យ​មជ្ឈមណ្ឌល​ស​ន្ដិ​ភាព​អន្លង់វែង កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២០(​សួត វិចិត្រ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

បន្ទាប់ពី​វេទិកា​ថ្នាក់រៀន​បានបញ្ចប់​ទៅ សិស្សានុសិស្ស​ទាំង​៥​នាក់​នៅក្នុង​ក្រុម ក៏បាន​បញ្ចេញ​ទស្សន​យល់ឃើញ​រៀងៗ​ខ្លួន ជុំវិញ​ការរៀនសូត្រ​តាមរយៈ​រូបថត​នេះ និង​ទៅលើ​បញ្ហា​ផ្សេងៗ​ទាក់ទង​ទៅនឹង​សិទ្ធិ​កុមារ ការសម្លាប់រ​ងា្គ​ល ជាពិសេស គឺ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​សហគមន៍​របស់ខ្លួន​ដូចខាងក្រោម​៖
​សាន់ ឡាំង​អេង ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​នៃ​វិទ្យាល័យ​អន្លង់វែង​បាន​យល់ឃើញថា​៖ «​ការប្រើប្រាស់​រូបថត​ដើម្បី​រំលេច​រឿងរ៉ាវ​ប្រ​វ​ត្ដិ​សាស្ដ្រ​នេះ គឺជា​របៀប​សិក្សា​មួយ​ដ៏​ល្អ​បំផុត ពីព្រោះ​យើង​អាច​ចង​ចាំបាន​កាន់តែច្រើន​ក្នុង​រយៈពេល​ដ៏​យូរ​ទៅមុខ​។ ក្នុង​វេទិកា​ថ្នាក់រៀន​នេះ ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​រូបថត​មួយចំនួន​ទាក់ទង​នឹង​ពលកម្ម​កុមារ​ក្នុង​សហករណ៍​។ ខ្ញុំ​យល់ថា​កុមារ​មិនគួរ​ត្រូវបាន​ប្រើប្រាស់​ឲ្យ​ធ្វើ​ការងារ​ទាំងនេះ​ទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​ការគិត និង​ការលូតលាស់​របស់​កុមារ​ទាំងនោះ​។ ខ្ញុំ​គិតថា កុមារ​គួរតែ​ទទួលបាន​ការអប់រំ​ជំនួស​វិញ​។ រាល់​ពេលដែល​ខ្ញុំ​ដាក់ខ្លួន​ទៅក្នុង​ស្ថានភាព​ទាំងនោះ​ម្ដងៗ ខ្ញុំ​មាន​អារម្មណ៍​ថា ពិបាក​ទទួលយក​ខ្លាំងណាស់ ពីព្រោះ​វា​មាន​ភាព​គ្រោតគ្រាត​ដល់​ផ្លូវ​អារម្មណ៍​។ ទៅ​ថ្ងៃ​អនាគត ខ្ញុំ​ចង់​មើលឃើញ​ពី​ភាពប្រសើរឡើង​នៃ​សហគមន៍ (​អន្លង់វែង​) ហើយ​មិន​ចង់​ឲ្យ​មានការ​វិលត្រឡប់​ទៅរក​ស្ថានភាព​ទាំងនោះ​ទៀត​ដែរ​។ ខ្ញុំ​ចង់​ឲ្យ​មានការ​អភិវឌ្ឍន៍​នូវ​ធនធាន​ដែល​យើង​មាន​ស្រាប់​ក្នុង​តំបន់​នេះ តាមរយៈ​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ​ទាំង​១៤​ចំណុច ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ទាំង​ពេលបច្ចុប្បន្ន​ផង និង​អនាគត​ផង​»​។​

សិស្សានុសិស្ស​នៃ​វិទ្យាល័យ​អន្លង់វែង ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​ស្ដីពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅ​ការិយាល័យ​មជ្ឈមណ្ឌល​ស​ន្ដិ​ភាព​អន្លង់វែង កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២០(​សួត វិចិត្រ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទូច ស៊ា​ង​ឡាយ ភេទ​ស្រី អាយុ​១៦​ឆ្នាំ បាន​យល់ឃើញថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែក ចំពោះ ការពិភាក្សា​ជា​ក្រុម និង​ពិពណ៌នា​តាមរយៈ​រូបថត​បែបនេះ​។ ការប្រើប្រាស់​រូបថត ដើម្បី​រំលេច​រឿងរ៉ាវ​ប្រ​វ​ត្ដិ​សាស្ដ្រ គឺ​ធ្វើ​ឲ្យ​យើង​ចងចាំ​នូវ​ខ្លឹមសារ​ទាំង​នោះបាន​កាន់តែ​ច្រើន និង​ធ្វើ​ឲ្យ​យើង​ស្រមើស្រមៃ​បាន​កាន់តែ​ខ្ពស់​។ ក្នុងចំណោម​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញជូន​ខាងលើនេះ ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​រូបថត​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​ពលកម្ម​កុមារ​ក្នុង​សហករណ៍​។ ដំបូង​ឡើង​ខ្ញុំ ស្រមើស្រមៃ​រូបភាព​ទាំងនោះ​មិន​ចេញ​ទេ ប៉ុន្ដែ​ក្រោយពី​បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​នេះ​រួចមក ខ្ញុំ​ក៏​ចាប់ផ្ដើម​យល់បាន​កាន់តែច្រើន​។ ខ្ញុំ​បានឃើញ​កុមារ​តូចៗ​ត្រូវបាន​ខ្មែរក្រហម​ប្រើប្រាស់​ឲ្យ​ធ្វើ​ការងារ​យ៉ាង​មមាញឹក ដែល​ទាំងនោះ​គឺជា​ការរំលោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​។ ខ្ញុំ​មិន​ចង់ឃើញ​រូបភាព​ទាំងនេះ នៅ​ជំនាន់​ក្រោយ​ទៀត​ទេ​។ ខ្ញុំ​ចង់ឃើញ​នូវ​ភាពភ្លឺស្វាង​នៃ​សហគមន៍​របស់ខ្លួន​នៅ​អន្លង់វែង​ឲ្យ​មានការ​ទទួលស្គាល់​កាន់តែ​ទូលំទូលាយ តាមរយៈ​ការចូល​ទស្សនា​តំបន់​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ការ​ពិណ​ណ៌​នា​នូវ​រឿងរ៉ាវ​ផ្សេងៗ​ក្នុង​តំបន់​នេះ​។​»
​ខេន សុវណ្ណ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​យល់ឃើញថា​៖ «​ការរៀនសូត្រ តាមរយៈ​រូបថត នេះ បានផ្ដល់​ចំណេះដឹង​ជាច្រើន​សម្រាប់​ខ្ញុំ​។ ខ្ញុំ​មើលឃើញថា ប្រជាជន​កាល​ជំនាន់​នោះ គឺ​រស់នៅ​យ៉ាង​លំបាក​វេទនា​ខ្លាំងណាស់​។ ប្រជាជន​ជាច្រើន​បាន​ស្លាប់បាត់​បង់ជីវិត​។ កុមារ​តូចៗ​ត្រូវ​រស់នៅ​ដោយ​ខ្វះ​ការអប់រំ និង​ភាពកក់ក្ដៅ​ពី​ឪពុកម្ដាយ​។ ខ្ញុំ​តូច​ចិ​ត្ដ​ត្រង់​ថា នៅពេលដែល​របប​ខ្មែរក្រហម​ដួលរលំ​ទៅ ធនធានមនុស្ស​សង្គម​របស់ខ្លួន​ត្រូវ​ធ្លាក់​ដល់​កម្រិត​សូន្យ​។​»
​ណាត ទី​រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​យល់ឃើញថា​៖ «​ខ្ញុំ​មើលឃើញ​ពី​ស្ថានភាព​ដ៏​លំបាក​នៃ​ភាពអត់ឃ្លាន​ក្រោម​របប​ខ្មែរក្រហម​។ ខ្ញុំ​ធ្លាប់​ឮ​ជីដូន​របស់ខ្ញុំ​ដំណាល​ថា គាត់​ហូប​បបរ​។ ជំនាន់​នោះ​មិន​ងាយ​បាន​បាយ​ហូប​ទេ​។ ខ្ញុំ​មិន​ចង់​ឲ្យ​សង្គម​របស់ខ្លួន​វិលត្រឡប់​ទៅរក​ស្ថានភាព​ទាំងអស់នោះ​ទៀត​ទេ​។​»
​ហាក់ ឈុនលី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​យល់ឃើញថា «​ការរៀនសូត្រ​ជា​ក្រុម​បែបនេះ គឺ​ផ្ដល់​គុណ​សម្បត្ដិ​ជាច្រើន​សម្រាប់​ការចងចាំ​ជារួម​លើ​ផ្នែក​ប្រ​វ​ត្ដិ​សាស្ដ្រ​។ នៅក្នុង​ឱកាស​នេះ យើង​អាច​ពិភាក្សាគ្នា និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ហើយ​វា​ក៏​បង្ហាញ​ពី​សាមគ្គីភាព​របស់​យើង​ដែរ​។ ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពី​គ្រោងឆ្អឹង និង​លលា​ដ៏​ក្បាលមនុស្ស​ដែល បាន​តម្រៀប​ចេញ​ជា​រូប​ផែនទី​នៃ​ប្រទេស​កម្ពុជា​។ ខ្ញុំ​នឹក​ស្រមៃ​ថា ប្រទេស​យើង​មិនគួរ​ធ្លាក់​ទៅក្នុង​ភាពឃោរឃៅ​បែបនេះ​ទេ​»៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម