ពលរដ្ឋ​ប្តឹងតវ៉ា​ទៅ​តុលាការ​ខេត្តសៀមរាប សុំ​ផ្អាក​ការអនុវត្ត​ទំនាស់​ដីធ្លី​ជាមួយ​លោកស្រី​លី អ៊ុំ​អេង​

1440
ចែករម្លែក
លោកសុជាតិនៅលើដីដែលមានទំនាស់

ដោយៈ​ឆាយា​នាថ​/​សៀមរាបៈ​ពលរដ្ឋ​៣​នាក់ ដែល​អះអាងថា​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​មួយកន្លែង​យូរ​ឆ្នាំ​មកហើយ ប្តឹងតវ៉ា​ទៅ​តុលាការ​ខេត្តសៀមរាប សុំ​ផ្អាក​ការអនុវត្ត​ដែល​សម្រេច​ឱ្យ​រុះរើ​ឬ​រំកិល​សម្ភារៈ​ចេញពី​ទីតាំង​ទំនាស់​ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ សហ​កូនបំណុល សង្ឃឹម​និង​ជឿជាក់ថា តុលាការ​ខេត្តសៀមរាប ពិតជា​មាន​សុភ​វិនិច្ឆ័យ​សម្រេច​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ ។

​សហ​កូនបំណុល​ទាំង​៣​នាក់ គឺ លោកស្រី សែម សឿត លោកស្រី ហៀ​ង ឡា​លីន និង លោក សុ ជាតិ បាន​រួមគ្នា​ប្តឹងតវ៉ា​ទៅ​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប មានកម្ម​វត្ថុ​ប្តឹង​សុំ​តវ៉ា​នឹង​ដីកា​សម្រេច​ចាត់ចែង​ជា​បណ្ដោះអាសន្ន​លេខ​១៩/២០១៨ ចេញ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ របស់លោក អ៊ុំ ចាន់ថុល ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប ត្រង់ចំណុច​ទាំង​មូលនៃ​ដីកា​សម្រេច​។

​លោក អ៊ុំ ចាន់ថុល ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​សម្រេច​ចាត់ចែង​ជា​បណ្ដោះអាសន្ន សម្រេច​ហាមឃាត់​សហ​កូនបំណុល ប្រកប​អាជីវកម្ម​នៅលើ​ទីតាំង​ទំនាស់​ដែលជា​កម្មសិទ្ធិ​របស់ម្ចាស់​ បំណុល​ឈ្មោះ លី អ៊ុ​អេង ។ ឱ្យ​សហ​កូនបំណុល​ទាំង​៣​នាក់ រុះរើ​ឬ​រំកិល​សម្ភារៈ ចេញពី​ទីតាំង​ទំនាស់​នេះ ។

​សហ​កូនបំណុល​ទាំង​៣​នាក់ អះអាង​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមេសា ថា ក្រោយពី​បានទទួល​ដីកា​សម្រេច​​ចាត់ចែង​ជា​បណ្ដោះអាសន្ន​និង​ក្រោយពី​បាន​ពិនិត្យមើល​ចប់សព្វគ្រប់ ពួកគេ​យល់ឃើញថា ការចេញ​ដីកា​នេះ​ធ្វើឱ្យ​ខូចខាត​ផលប្រយោជន៍​សហ​កូនបំណុល​យ៉ាងធ្ងន់ធ្ងរ ដោយហេតុថា ធ្វើឱ្យប៉ះពាល់​ជីវភាព​គ្រួសារ និង មុខរបរ​រកស៊ី​ចិញ្ចឹមជីវិត ព្រោះ​កន្លងមក​សហ​កូនបំណុល​បាន​ចូលមក​ប្រកប​ធ្វើ​អាជីវកម្ម បើក​កន្លែង​កម្សាន្ត​ដូចជា ថាសហោះ ជិះ​កូន​ទា ឡាន​បុក​គ្នា នៅ​លើដី​ទំនាស់ ចាប់តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ ហើយ​ទីតាំង​ដី​នេះ គឺ​កម្មសិទ្ធិ​របស់​អាជ្ញាធរ​អប្សរា ហើយ​ថែមទាំង​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ពី​សាលាក្រុង​សៀមរាប , សាលាខេត្ត​សៀមរាប និង អនុ​ក្រិ​ត្យ​ស្តីពី​ការធ្វើ​ប្រទាន​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់​ប្រើប្រាស់​និង​ដាំ​ដុះ​ជាក់ស្ដែង​ក្នុង​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប​លេខ ១៥៨ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ត្រឹមត្រូវ​តាមច្បាប់ រហូតមកដល់​សព្វថ្ងៃ​នេះ ពុំដែល​មានការ​រំខាន​ពី​បុគ្គល​ណាមួយ​ទេ មាន​​ត្រឹមតែ​ការណែនាំ​ពី​អាជ្ញាធរ​ដែនដី ឱ្យមាន​សណ្ដាប់ធ្នាប់​របៀប​រៀបរយ បរិស្ថាន​ល្អ​តែប៉ុណ្ណោះ ។

​សហ​កូនបំណុល អះអាងថា ទើបតែ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ បានទទួល​ដីកា​សម្រេច​របស់​តុលាការ ដោយ​អះអាងថា ដី​នេះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ លី អ៊ុំអេង ទៅវិញ ដោយ​សំអាង​ទៅលើ​ប័ណ្ណកម្មសិទ្ធិ​មួយ​សន្លឹក គឺ​វា​មិនអាច​បញ្ជាក់​បានឡើយ ព្រោះថា កន្លងមក​ដី​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់រ​ដ្ឋ ធ្វើ​អាជីវកម្ម​ស្របច្បាប់ ហើយ​បាន​បង់ពន្ធ​ជូន​រដ្ឋ​តាម​កំណត់​និង​មាន​ភាពសុខសាន្ត​រហូត​មក ពុំ​ដែលមាន​បញ្ហា​អ្វី​ឡើយ ហើយ​ស្រាប់​តែមាន​ម្ចាស់បំណុល​មក​អះអាងថា ជា​ដី​របស់ខ្លួន ហើយ​បាន​ផ្អាក​អាជីវ​កម្មនេះ​ទៅវិញ គឺ មាន​ភាពអយុត្តិធម៌​ខ្លាំងណាស់ ។

​សហ​កូនបំណុល បន្ថែមថា ដី​នេះ​មានការ​ដឹង​ឮជា​សាធារណៈ កាន់កាប់​ជាប់ៗ​ជាច្រើន​ឆ្នាំ ពុំដែល​កើតមាន​អំពើហិង្សា ព្រមទាំង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ ។ ហេតុដូចនេះ សហ​កូនបំណុល សូមឱ្យ​លោក អ៊ុំ ចាន់ថុល ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប មេត្តា​ផ្អាក​ការអនុវត្ត​នេះ និង ផ្តល់​ភាពយុត្តិធម៌ ជូន​ពួកគេ​ផង ៕​មន

ដីដែលមានទំនាស់

ទីតាំងផ្សាយពាណិជ្ជកម្ម