រុស្ស៊ីផ្តល់វ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃដល់បុគ្គលិកអង្គការសហប្រជាជាតិ

227
ចែករម្លែក

តើអ្នកនឹងធ្វើអ្វីនៅពេលដែលលោកវ៉្លាឌីមៀរ ពូទីនផ្តល់វ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ីដោយឥតគិតថ្លៃ?

បុគ្គលិកអង្គការសហប្រជាជាតិនៅញូវយ៉កនិងនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងជម្រើសបែបនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីបានផ្តល់ឱ្យពួកគេនូវវ៉ាក់សាំង Sputnik-V នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតនៅឆ្នាំនេះ ដែលប្រារព្ធខួបគម្រប់ ៧៥ ឆ្នាំរបស់ស្ថាប័នមួយនេះ។

មានតែលទ្ធផលពីការសិក្សាតូចតាចស្តីពីវ៉ាក់សាំងរុស្ស៊ីប៉ុណ្ណោះត្រូវបានបោះពុម្ពផ្សាយ ដែលធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកវិទ្យាសាស្ត្រមួយចំនួនថាវាមិនទាន់បានត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់ទូលំទូលាយនោះទេ និងជំរុញឱ្យមានការចម្អកទូទាំងពិភពលោកអំពីផលប៉ះពាល់ដែលអាចកើតមានឡើង។

លោកពូទីនបាននិយាយនៅក្នុងសុន្ទរកថាថតទុកជាមុនពីទីក្រុងមូស្គូថា “យើងគ្រប់គ្នាអាចប្រឈមនឹងវីរុសដ៏គ្រោះថ្នាក់នេះ។ វីរុសនេះមិនយល់មុខបុគ្គលិករបស់អង្គការសហប្រជាជាតិនៅទីស្នាក់ការកណ្តាលនិងអង្គភាពក្នុងតំបន់នោះឡើយ”។

ជំងឺកូវីដ១៩បានធ្វើឱ្យមហាសន្និបាតឆ្នាំនេះក្លាយជាផលិតកម្មការងារពីផ្ទះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ។

លោកពូទីនដែលបានប្រកាសពីវ៉ាក់សាំងនេះទៅកាន់ពិភពលោកកាលពីខែមុននិងថាកូនស្រីគាត់ស្ថិតក្នុងចំណោមអ្នកដែលទទួលវ៉ាក់សាំង បាននិយាយថា “ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនដល់បុគ្គលិកអង្គការសហប្រជាជាតិនូវជំនួយចាំបាច់និងជាពិសេសយើងស្នើសុំផ្គត់ផ្គង់វ៉ាក់សាំងរបស់យើងដោយឥតគិតថ្លៃដល់បុគ្គលិករបស់អង្គការនិងអង្គភាពបុត្រសម្ព័ន្ធរបស់ខ្លួនដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង”។

លោកបានពណ៌នាអំពីការផ្តល់ជូនកាលពីថ្ងៃអង្គារថាជាការឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្ស យ៉ាងដូច្នេះថា “សហសេវិកមួយចំនួនមកពីអ.ស.បបានសួរអំពីបញ្ហានេះហើយយើងនឹងមិននៅព្រងើយកន្តើយចំពោះពួកគេឡើយ”។

អ្នកនាំពាក្យអ.ស.បលោក ស្តេហ្វេន ឌូចារីក បាននិយាយថា “យើងសូមថ្លែងអំណរគុណប្រធានាធិបតីពូទីនចំពោះការផ្តល់ជូនដ៏សប្បុរសរបស់គាត់ដែលនឹងត្រូវសិក្សាដោយសេវាកម្មវេជ្ជសាស្រ្តរបស់យើង”៕ ដោយ ៖ កញ្ញាដាលីស

លោកពូទីនផ្តល់ជូនវ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃដល់បុគ្គលិកអ.ស.ប

ទីតាំងផ្សាយពាណិជ្ជកម្ម