ចិនប្រកាសថានឹងលែងបំភាយឧស្ម័នកាបូនត្រឹមឆ្នាំ២០៦០

201
ចែករម្លែក

ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានប្តេជ្ញាកាលពីថ្ងៃអង្គារទី២២កញ្ញាថា ប្រទេសបំពុលបរិស្ថានដោយឧស្ម័នផ្ទះកញ្ចក់ធំជាងគេបំផុតនៅលើពិភពលោកមួយនេះនឹងបញ្ចេញឧស្ម័នកាបូនច្រើនបំផុតនៅឆ្នាំ ២០៣០ និងលែងបញ្ចេញ ឧស្ម័នកាបូននៅឆ្នាំ ២០៦០​ ក្នុងអ្វីដែលសកម្មជនបរិស្ថានសាទរថាជាជំហាន ដ៏សំខាន់ឆ្ពោះទៅមុខ។

គោលដៅនេះត្រូវបានប្រកាសយ៉ាងច្បាស់លាស់បំផុតដោយប្រទេសចិន ដែលបានបំភាយឧស្ម័នផ្ទះកញ្ចក់១ភាគ៤នៅលើពិភពលោក ដែលគេស្តីបន្ទោសចំពោះការកើនឡើងសីតុណ្ហភាពយ៉ាងឆាប់រហ័ស។

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោកស៊ីបានគាំទ្រជាថ្មីចំពោះ កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនិងបានអំពាវនាវឱ្យមានការផ្តោតសំខាន់លើថាមពលបៃតង ខណៈដែលពិភពលោកងើបឡើងពីវិបត្តិកូវីដ១៩។

លោកស៊ីបានថ្លែងតាមរយៈវីដេអូយ៉ាងដូច្នេះថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស “គូសបញ្ជាក់អំពីជំហានអប្បបរមាដែលត្រូវធ្វើដើម្បីការពារផែនដី ដែលជាមាតុភូមិរួមគ្នារបស់យើង និង ប្រទេសទាំងអស់ត្រូវតែចាត់វិធានការ ដាច់ខាតដើម្បីគោរពកិច្ចព្រមព្រៀងនេះ”។

លោកនិយាយថា “យើងមានគោលបំណងបំភាយឧស្ម័នកាបូនិចខ្ពស់បំផុតមុនឆ្នាំ ២០៣០ និង សម្រេចឱ្យបាននូវការមិនបំភាយឧស្ម័នកាបូនមុនឆ្នាំ ២០៦០”។

លោកស៊ីបានទទូចដល់ប្រជាជាតិទាំងអស់ឱ្យចាប់យកឱកាសជាប្រវត្តិសាស្ត្រដែលបង្ហាញដោយបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាថ្មីនិងការផ្លាស់ប្តូរឧស្សាហកម្ម។

នៅក្នុងការដាក់ស្នើរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចិនបាននិយាយថា ការបំភាយឧស្ម័នរបស់ខ្លួននឹងឈានដល់កម្រិតកំពូលនៅត្រឹមឆ្នាំ ២០៣០៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកស៊ីថាចិននឹងលែងបំភាយឧស្ម័នកាបូនក្នុងឆ្នាំ ២០៦០

ទីតាំងផ្សាយពាណិជ្ជកម្ម