ចិនអះអាងថាយន្តហោះចារកម្មអាម៉េរិកបន្លំធ្វើជាយន្តហោះស៊ីវិលជាង១០០ដងក្នុងឆ្នាំ២០២០

263
ចែករម្លែក

ក្នុងពេលមានការផ្តោតចិត្តទុកដាក់លើសកម្មភាពរបស់យន្តហោះស៊ើបការណ៍អាម៉េរិកនៅក្បែរប្រទេសចិន រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាម៉េរិកថាក្លែងបន្លំយន្តហោះចារកម្មទាំងនោះជាយន្តហោះស៊ីវិលជាង ១០០ ដងតែក្នុងឆ្នាំ២០២០មួយ ដោយហៅការអនុវត្តនេះថាជាការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរហើយព្រមានថាវាបង្កគ្រោះថ្នាក់ដល់យន្តហោះស៊ីវិលមែនទែន។

ជាច្រើនលើកច្រើនសាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញយន្តហោះស៊ើបការណ៍អាម៉េរិកហាក់បាត់ដាននៅពាក់កណ្តាលជើងហោះហើរនៅក្នុងកម្មវិធីតាមដានជើងហោះហើរអន្តរជាតិ ដែលត្រូវបានជំនួសវិញដោយអ្វីដែលហាក់ដូចជាយន្តហោះស៊ីវិលដោយប្រើលេខកូដរលកសញ្ញាក្លែងក្លាយ។ បន្ទាប់មក យន្តហោះស៊ីវិលទាំងនោះហោះលើផ្លូវហោះហើរធម្មតា ដោយល្បាតយ៉ាងខ្លាំងក្លានៅលើតំបន់មួយជាច្រើនម៉ោង មុនពេលបង្វែរទិសត្រឡប់ចូលផ្លូវយន្តហោះចារកម្មអាម៉េរិកវិញ។

កាលពីថ្ងៃទី ១៦ ខែកញ្ញាមន្ត្រីរដ្ឋាភិបាលចិនម្នាក់បានបញ្ជាក់ពីការសង្ស័យទាំងនោះ ដោយនិយាយថាសហរដ្ឋអាម៉េរិកបានអនុវត្តទម្លាប់បែបនេះកាលពីឆ្នាំមុន។

លោកវ៉ាង វិនពីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍មុនថា “វាជាល្បិចចាស់របស់យោធាអាម៉េរិកក្នុងការប្រើលេខកូដរលកសញ្ញាក្លែងក្លាយដើម្បីក្លែងបន្លំជាយន្ដហោះស៊ីវិលរបស់ប្រទេសដទៃទៀត”។

លោកនិយាយថា “យោងតាមទិន្នន័យមិនពេញលេញមួយ ចាប់តាំងពីដើមឆ្នាំនេះយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាម៉េរិកបានបន្លំធ្វើជាយន្តហោះស៊ីវិលតាមប្រព័ន្ធអេឡិចត្រូនិចរបស់ប្រទេសដទៃទៀតនៅសមុទ្រចិនខាងត្បូងជាងមួយ១០០ដង។ ការអនុវត្តដែលបានរៀបរាប់ខាងលើគឺមានសភាពធ្ងន់ធ្ងរដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អាកាសចរណ៍អន្តរជាតិ រំខានដល់សណ្តាប់ធ្នាប់អាកាសចរណ៍និងសុវត្ថិភាពនៅក្នុងដែនអាកាសពាក់ព័ន្ធគំរាមកំហែងដល់សន្តិសុខរបស់ចិននិងបណ្តាប្រទេសក្នុងតំបន់។ ចិនជំទាស់ដាច់ខាតចំពោះរឿងនេះ”។

លោកវ៉ាងបន្ថែមទៀតថា “យើងទទូចដល់ភាគីអាម៉េរិកឱ្យបញ្ឈប់ឥរិយាបទបង្ករឿងប្រកបដោយគ្រោះថ្នាក់នេះដើម្បីបញ្ចៀសឧបទ្ទវហេតុនៅលើអាកាសនិងលើសមុទ្រ។ ចិននឹងបន្តធ្វើការជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីការពារសេរីភាពនិងសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងការហោះហើរលើសមុទ្រចិនខាងត្បូងក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់”៕ ដោយ ៖ កញ្ញាដាលីស

ចិនថាយន្តហោះចារកម្មអាម៉េរិកបន្លំធ្វើជាយន្តហោះស៊ីវិលជាង១០០ដងក្នុងឆ្នាំ២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម