នឿយណាយ​, នយោបាយ​, នរណា​, និពន្ធ​, វាគ្មិន​, វៀង​, វ៉​, វង្វេង​, វាស់​, វាសនា​

451
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

នឿយណាយ ( កិ​. ) ធុញទ្រាន់​, ទ្រាន់ចិត្ត​, ជ្រេញចិត្ត​, រាងរអា​, ណាយចិត្ត​, រសាយចិត្ត : នឿយណាយ​ចាក​សេចក្ដី​ទុក្ខ​, នឿយណាយ​ចាក​ការងារ ។

នយោបាយ ( ន​. ) ឧបាយ​ក្នុង​ការណែនាំ​, កលល្បិច​ឬ​មេគំនិត​ដែល​គេ​ផ្ដើមឡើង ដើម្បី​ដឹកនាំ ជន​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅរក​ទីដៅ​យ៉ាងនេះ ឬ​យ៉ាងនោះ​, កិច្ច​ការដែល​ទាក់ទង​ដោយ​ការ គ្រប់គ្រង​រដ្ឋ : គប្បី​ដើរ​តាម​មាគ៌ា​នយោបាយ​នៃ​រដ្ឋបុរស ។

នរណា ( ន​. ) ប្រើ​ជា​បុច្ឆា​សព្វនាម​ថា មនុ​ស្សណា ? អ្នកណា ?; នរណា​ដើរ​នុ៎ះ ?; ឯង​ទៅជា មួយ​នឹង​នរណា ? (​ប្រើ​បាន​ចំពោះតែ​ជាមួយនឹង ណា ប៉ុណ្ណោះឯង​, ពុំដែល​ប្រើ​ជាមួយនឹង​ពាក្យ នុះ ឬ នោះ ថា នរ​នុះ ឬ នរ​នោះ ផង​ទេ ។

និពន្ធ ( កិ​. ឬ គុ​. ) តែង​ឡើង​, ចងក្រង​, រៀបរៀង : និពន្ធពង្សាវតារ​, និពន្ធ​រឿង​ប្រលោមលោក​; ដែល​ចង​ហើយ​; ដែល​តែង​ហើយ​, ដែល​សម្រេច​ឲ្យ​មាន​កម្រិត​ហើយ​,…​រឿង​និពន្ធ ។ ន​. ចំណង (​សេចក្ដី​), សេចក្ដី​តែង​, ពំនោល ។​ល​។ (​រ​. ស​.) : ព្រះ​និពន្ធ​, ព្រះរាជ​និពន្ធ គឺ​សេចក្ដី​ដែល ស្ដេច​ទ្រង់​តែង​, ទ្រង់​រៀបរៀង (​ម​. ព​. រាជនិពន្ធ ផង​) ។

វាគ្មិន ( គុ​. ) ដែល​ប៉ិន​និយាយ​, ដែល​ចេះ​និយាយ​ពីរោះ ។ ន​. អ្នក​ឈ្លាស​សម្តី​; អ្នកមាន​សម្តី ថ្វីមាត់​, អ្នក​ពូកែសម្តី : សូម​លោក​ថ្លែងការណ៍​ចុះ ព្រោះ​លោក​ជា​វាគ្មិន​មាន​ល្បី​ណាស់ ។

វៀង ( ន​. ) រាជធានី​, ក្រុង​; វាំង​; កំពែង​ក្រុង : វៀងចន្ទន៍ ក្រុង​ចន្ទន៍ (​ក្នុងប្រទេស​លាវ​ប៉ែក ខាងកើត​) ។

វ៉ ( ឧ​. )​សូរ​ឮ​ដោយ​ទឹក​ហូរ​ប៉ៈ​នឹង​ច្រាំង​ប្រឡាយ ឬ​ច្រក​ចង្អៀត​ជាដើម : ទឹក​ហូរ​វ៉​, ខ្យល់​បក់​ស្លឹក ឈើ​វ៉ៗ ។

វង្វេង ( កិ​. )​ភ្លេច​ឬ​ភ័ន្ត​ស្មារតី​, ភ័ន្ត​ផ្លូវ​; ភ័ន្ត​ដំណើរ​គ្នា​; ច្រឡំ​ចាំ​ពុំបាន​; ស្រវឹងចិត្ត​ជ្រប់ : វង្វេងកាម ស្រវឹង​កាមគុណ ។ វង្វេងគ្នា បែក​មិន​ចួប​គ្នា​ក្នុង​វេលា​ដើរ​ដំណើរ ព្រោះ​ភ័ន្តច្រឡំ​ផ្លូវ ។ វង្វេងចិត្ត ភ័ន្ត​ចិត្ត ។ វង្វេងជាតិ ភ័ន្ត​កំណើត​ទៅ​កើត​តាម​យថាកម្ម ខុស​បំណង ។ វង្វេងទិស ភ័ន្តច្រឡំ​ទិស ។ វង្វេងផ្លូវ ភ័ន្តច្រឡំ​ផ្លូវ ខុស​បំណង​ដែល​ត្រូវ​ទៅ ។ វង្វេងស្មារតី ភ័ន្ត​ស្មារតី​ចាំៗ​ភ្លេចៗ ឬ​បាត់ៗ ឃើញៗ ។​ល​។

វាស់ ( កិ​. ) ស្ទង់​ប្រមាណ​, ស្ទង់​ខ្នាត ដោយ​រង្វាស់ : វាស់ដី​, វាស់​ទទឹង​បណ្ដោយ​, វាស់កម្ពស់ ។ វាស់ព្រឹក ទាល់​ព្រឹក​, វាល់ព្រឹក ។ វាស់វែង វាស់​ឲ្យ​ដឹង​ប្រវែង​; វាស់​ឲ្យ​ដឹង​សព្វគ្រប់ ។ វាស់ល្ងាច ទាល់​ល្ងាច​, វាស់ល្ងាច ។

វាសនា ( ន​. ) ចរិយា ឬ ចរិត​ដែល​អប់រំ​សន្សំទុក​ឬ​កប់​ទុក​ក្នុង​ចិត្ត​, ចរិយា​ដែល​ថ្នឹក​ស៊ប់ ស៊ាំ​ជាប់​ជា​ទម្លាប់​កែប្រែ​ឬ​កម្ចាត់​ចោល​ពុំបាន​, បុព្វចរិយា​នៃ​កាយ​ប្រយោគ​និង​វចីប្រយោគ : មនុស្ស​មាន​វាសនា​ខុសគ្នា ។ ពាក្យ​នេះ​ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “​សំណាង​, ព្រេង សំណាង​, ភ័ព្វព្រេង​; បុណ្យ​ភ័ព្យ​” : មាន​វាសនា​ល្អ​, វាសនា​អាក្រក់ (​សរសេរ​ក្លាយជា វាស្នា តាម​សូរ​សំនៀង​និយាយ​ក៏មាន សម្រាប់​ប្រើ​ក្នុង​កាព្យ​ក៏មាន​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម