ត្រាំ​ប្រាប់​សហប្រជាជាតិ​ឲ្យ​ចិន​ទទួលខុសត្រូវ​ចំពោះ​ផល​នៃ​ការ​រាតត្បាត​វីរុស​កូរ៉ូណា តែ​តំណាង​ចិន​និង​គូ​ប្រជែង​របស់​លោក​ថា​…

285
ចែករម្លែក

​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា ប្រធានាធិបតី​អាម៉េរិក​ ​លោក​ដូណាល់ ត្រាំ បានទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ​ឲ្យចាប់​ចិន​មកទទួល​​ខុស​ត្រូវ​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ពេល​លោក​ខិតខំនិយាយ​ការពារ​ដំណោះស្រាយ​របស់​រដ្ឋាភិបាលលោក​ចំពោះ​ការផ្ទុះ​ជំងឺឆ្លង​នេះ​ដែល​រហូត​ដល់ពេ​លនេះ​បាន​សម្លាប់​ពលរដ្ឋ​អាម៉េរិក​ជាង​២០០.០០០​នាក់​ហើយ​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា «​យើង​បាន​ខិតខំ​ប្រយុទ្ធ​ខ្លាំង​ណាស់​ប្រឆាំងនឹង​សត្រូវ​មើលមិនឃើញ​នេះ​…​គឺ​វីរុស​ចិន​…​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​នៅ​១៨៨​ប្រទេស​។​នៅពេល​យើង​បន្ត​ដើរ​តាម​​អនាគត​ដ៏​ភ្លឺស្វាង​នេះ យើង​ត្រូវតែ​ឲ្យប្រទេស​នេះ​ទទួលខុសត្រូវ ដោយសារ​វា​បញ្ចេញ​មេរោគ​ទៅកាន់​ពិភពលោក​»​។​

​តែ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ច្រានចោល​ការចោទប្រកាន់​«​គ្មាន​មូលដ្ឋាន​ទាំងស្រុង​»​នេះ​។​

​ហ្សាង ជុន ឯកអគ្គរដ្ឋទូត​ចិន​នៅ​អង្គការ​សហប្រជាជាតិ​បាន​និយាយថា​«​នៅពេលនេះ ពិភពលោក​ត្រូវការ​សាមគ្គីភាព​និង​កិច្ចសហការ​គ្នា មិនមែន​ការប្រឈមមុខគ្នា​ទេ​។​យើង​ត្រូវ​បង្កើន​ការជឿ​ទុកចិត្ត​​គ្នា ហើយ​កុំ​សាប​ព្រួស​វីរុស​នយោបាយ​»​។​

​ក្នុងពេល​លោក​ត្រាំ​បន្ទោស​ចិន​ប៉េកាំង​ចំពោះ​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​ដែល​ចម្លង​និង​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​អាម៉េរិក​នោះ ខ្លួន​លោក​ផ្ទាល់​ក៏​ត្រូវបាន​រិះគន់​យ៉ាង​ខ្លាំង​ផងដែរ​អំពី​ការដោះស្រាយ​​ដ៏​អន់​ចំពោះ​ជំងឺឆ្លង​នេះ ដែល​ឥឡូវ​ក្លាយជា​ប្រធានបទ​មួយ​នៃ​ការ​ឈរឈ្មោះ​បោះឆ្នោត​ឡើង​វិញ​របស់​លោក​។​

​គូប្រជែង​ប្រធានាធិបតី​របស់លោក គឺ​លោកចូ បៃ​ឌិន បាន​អះអាង​ថា ត្រាំ​ខ្ជីខ្ជា​នៅក្នុង​ការឆ្លើយតប​នឹង​ជំងឺ​កូវី​ដ​១៩ និង​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​មនុស្ស​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​​ក្នុង​លោក​ដោយសារ​ជំងឺ​នេះ​។​

​ពិភពលោក​មើលឃើញថា រដ្ឋការ​របស់​ត្រាំ​បាន​ធ្វេសប្រហែស​និង​មើលស្រាល​ជំងឺ​នេះ​នៅ​ដំណាក់កាល​ដំបូង ហើយ​លោក​ត្រាំ​ខ្លួនឯងលើកទឹកចិត្ត​ឲ្យ​បើក​ដំណើរការ​សង្គម​សេដ្ឋកិច្ច​អាម៉េរិក​ឡើង​វិញ​ខណៈ​វីរុស​​នេះ​នៅ​បន្ត​ឆ្លង​រាលដាល​យ៉ាងខ្លាំង​នៅឡើយ ហើយបាន​រៀបចំ​ជួបជុំ​មហាជន​ធ្វើ​យុទ្ធ​ន​ការបោះឆ្នោត ដោយ​អ្នក​ចូលរួម​តិចតួ​ចពាក់​ម៉ាស់និង​អនុវត្ត​គម្លា​ត​សង្គម​៕ប្រែសម្រួល៖វាសនា/Ha

​ត្រាំ បន្ទោស​ការផ្ទុះ​ជំងឺឆ្លង​ចំពោះ​ចិន និង​ថា រដ្ឋាភិបាល​ចិន​ប្រព្រឹត្ត​បែប​មិន​ទទួលខុសត្រូវ​ដោយ​អនុញ្ញាត​ឲ្យ​វីរុស​នេះ​រាលដាល​ទៅ​ពាសពេញ​ពិភពលោក​

ទីតាំងផ្សាយពាណិជ្ជកម្ម