ចិន​និង​ឥណ្ឌា​យល់ព្រម​មិន​បញ្ជូន​កងទ័ព​បន្ថែម​ទៅ​ព្រំដែន

187
ចែករម្លែក

​ចិន​និង​ឥណ្ឌា​បាន​ព្រមព្រៀង​ឈប់​បញ្ជូន​កងទ័ព​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​ផ្ទុះ​អំពើ​ហិង្សា​នៅ​តំបន់ភ្នំ​ហេមពាន្ត​នៅតាម​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ពួកគេ​និង​ចៀសវាង​រាល់​សកម្មភាព​ណា​ដែល​អាច​​បង្ក​ភាពស្មុគស្មាញ​ដល់​ស្ថានភាព​តានតឹង​នៅ​ទីនោះ​។ ប្រទេស​ទាំង​២​នេះ បាន​និយាយ​ដូចនេះ កាលពី​ថ្ងៃ​អង្គារ​ទី​២២​ខែ​កញ្ញា​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន លោក វូ គៀន បាន​និយាយថា​មន្ត្រី​យោធា​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ទាំង​២​បាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​ចន្ទ​និង​ផ្លាស់ប្តូរ​យោបល់​អំពី​ព្រំដែន​ដែល​មាន​ជម្លោះ​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​នៅ​ទីក្រុង​ញូវដែលី​បាន​និយាយថា​ភាគី​ទាំង​២​បាន​ឯកភាពគ្នា​ចៀសវាង​ការយល់ច្រឡំ​និង​ការវាយតម្លៃ​ខុស និង​អត់ធ្មត់​មិន​ធ្វើ​​ការផ្លាស់ប្តូរ​ស្ថានភាព​ជា​ឯកតោ​ភាគី​”​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​និយាយថា​” ភាគី​ទាំង​២​ក៏​បាន​យល់ព្រម​រៀបចំ​កិច្ចប្រជុំ​កម្រិត​មេបញ្ជាការ​យោធា​ជុំ​ទី ៧ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​” ។​

​កងទ័ព​ឥណ្ឌា​និង​ចិន​រាប់ពាន់​នាក់​នៅ​ពេល​នេះ បាន​ប្រមូលផ្តុំ​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​ដែល​មាន​ជម្លោះ​នៅ​តំបន់ Ladakh ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​តំបន់​ទី​បេតិ៍​។​

​បន្ទាប់ពី​មាន​ភាព​តានតឹង​ជាច្រើន​សប្តាហ៍ ការប្រឈមមុខ​គ្នា​នៅ​តំបន់ភ្នំ​ហេមពាន្ត​ភាគ​ខាងលិច​បាន​កើតឡើង​ដោយ​មាន​ការ​ប៉ះទង្គិច​គ្នា​ដៃ​ទល់​នឹង​ដៃ​យ៉ាង​បង្ហូរឈាម កាលពី​ខែ​មិថុនា​​ដែល​នៅក្នុង​ការប៉ះទង្គិច​នោះ ទាហាន​ឥណ្ឌា​២០ នាក់​ត្រូវបាន​សម្លាប់​និង​ចិន​បាន​ទទួលរង​នូវ​ការស្លាប់​និង​របួស​ផងដែរ ប៉ុន្តែ​មិន​បាន​បញ្ជាក់​នោះទេ​។​

​ចាប់តាំងពី​ពេលនោះ​មក​ប្រទេស​ទាំង​២​បាន​និយាយថា ពួកគេ​កំពុង​ព្យាយាម​ដោះស្រាយ​ស្ថានការណ៍​តាមរយៈ​បណ្តាញ​ការទូត​និង​យោធា​ប៉ុន្តែ​ការចរចា​រហូតមកដល់​ពេលនេះ​ហាក់ដូចជា​បាន​ឈាន​ទៅ​មុខ​​តិចតួច​៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្បួន​រថយន្ត​យោធា​ឥណ្ឌា​ធ្វើដំណើរ​លើ​ផ្លូវ​មួយ​នៅ​ចម្ងាយ​ប្រហែល​១២០​គីឡូម៉ែត្រ​ពី​ព្រំដែន​ឥណ្ឌា​-​ទី​បេតិ៍ កាលពី​ថ្ងៃទី​៣​ខែ​កញ្ញា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម