ចាប់​ស្រោមអនាម័យ​ដែល​ប្រើ​រួច ត្រូវបាន​លាង​សម្អាត​ហើយ​លក់​វិញ​នៅ​វៀតណាម​

326
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ផ្សារ​នៅ​ខេត្ត​ប៊ិញ ឌឿ​ង បាន​រឹបអូស​ស្រោមអនាម័យ​ប្រើប្រាស់​រួច​ចំនួន ៣២៤.០០០ ស្រោម ដែល​បាន​បម្រុង​នឹង​សម្អាត​និង​លក់​វិញ​នៅលើ​ទីផ្សារ​។ នេះ​បើ​យោង​តាមវេប​សសាយ​vnexpress​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​២៣​កញ្ញា​។​

​នាយកដ្ឋាន​គ្រប់គ្រង​ទីផ្សារ​ប៊ិញ ឌឿ​ង បាន​ឆ្មក់​ចូល​ចាប់​នៅ​កន្លែង​ធ្វើ​ស្រោមអនាម័យ​នេះ​នៅ​ទីក្រុង ក្នុង​ខេត្ត​នេះ កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​នេះ ។​

​នាយកដ្ឋាន​គ្រប់គ្រង​ទីផ្សារ​វៀតណាម បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា​កន្លែង​ធ្វើ​ស្រោមអនាម័យ​នេះ ត្រូវ​បាន​ជួល​ដោយ​ស្ត្រី​ម្នាក់ ឈ្មោះ​ផាំ ធី ថាញ់ ង៉ុក​។​

​ក្រៅពី​ស្រោមអនាម័យ​ដែល​បាន​ប្រើ​រួច មាន​ទំងន់​សរុប​៣៦០​គីឡូគ្រាម​នេះ ក្រុម​អធិការ​ក៏​បាន​រកឃើញ​ស្រោមអនាម័យ​រាប់ពាន់​ដែល​ត្រូវបាន​វេច​ខ្ចប់​និង​ត្រៀម​យកទៅលក់ ដោយ​មិន​មាន​ឈ្មោះ ម៉ាក​យីហោ​ទេ​។​

​ស្ត្រី​ឈ្មោះ​ផាំ ធី ថាញ់ ង៉ុក អាយុ​៣២​ឆ្នាំនេះ បាន​និយាយថា ប្រហែល​មួយ​ដង​ក្នុង​មួយខែ មាន​គេ​ប្រគល់​ស្រោមអនាម័យ​ប្រើ​រួច​រាប់ពាន់​ស្រោម​ដល់​គាត់​។​

​ការងារ​របស់​គាត់​គឺ​លាង​សម្អាត ធ្វើ​ឱ្យ​ស្ងួត និង​តម្រៀប​ស្រោមអនាម័យ​នៅ​មុនពេល​ធ្វើ​ឱ្យ​វា​មើលទៅ​ល្អ​ស្អាត​ជា​ថ្មី​សម្រាប់​អតិថិជន​ថ្មី​។​

​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ប្រតិបត្តិការ​ខុសច្បាប់​នេះ មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង​ទេ​។​ក្រុម​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ករណីនេះ បន្ថែមទៀត​៕​ប្រែ​សម្រួល​៖​សុខា​/sn

ស្រោមអនាម័យ​ប្រើ​រួច​ត្រូវបាន​លាង​សម្អាត​សម្រាប់​ការលក់​វិញ នៅ​នៅ​កន្លែង​ធ្វើ​ស្រោមអនាម័យ​ខុសច្បាប់​ក្នុង​ខេត្ត​ប៊ិញ ឌឿ​ង

ទីតាំងផ្សាយពាណិជ្ជកម្ម