ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ដែល​បើកឡាន​បំ​បុក​បា​រ៉ា​ស់​សមត្ថកិច្ច រកឃើញ​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​

235
ចែករម្លែក

ដោយ​៖ ឆាយា​នាថ / ភ្នំពេញ​៖ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បានដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​មូលដ្ឋាន​របស់ខ្លួន ស្រាប់​តែមាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើកឡាន​បំ​បុក​បា​រ៉ា​ស់​សមត្ថកិច្ច​។ ក្រោយមក ពេល​សមត្ថកិច្ច​ចាប់ខ្លួនបាន រកឃើញ​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​។

​បទល្មើស​នេះ គឺ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២៖៣០​នាទី រំលង​អ​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ជិត​ស្ពាន​ហង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន ថ្លែងថា សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​ម៉ាក lexus GS-300 ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ 2W-7669 បើកបរ​ដោយ​ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់ រួមជាមួយ​កូនតូច​ប្រុស​ស្រី​២​នាក់​ទៀត ធ្វើដំណើរ​ពី​លិចទៅ​កើត ចូល​គោលដៅ ក្នុង​ល្បឿន​លឿន​មិនបាន​ឈប់ឲ្យកម្លាំង​សមត្ថកិច្ច ត្រួតពិនិត្យ​នោះទេ ។​

​លោក​បន្តថា រថយន្ត​នោះបាន​បន្ថែម​ល្បឿន បើក​គេច​ចេញពី​គោលដៅ ទៅបុក​បា​រ៉ា​ស់​សមត្ថកិច្ច ឆ្ពោះ​ចូលក្នុង​កោះ​ពេជ្រ ក៏​ត្រូវបាន​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ។ ខណៈ​មក​ជិត​ខុន​ដូ​មួយកន្លែង បាន​ឈប់​រថយន្ត រួច​ក៏បាន​បោះថង់​ខ្មៅដែល​ដាក់​គ្រឿងញៀន ចោល​នៅ​ជិត​រថយន្ត រួច​រត់គេចខ្លួន បាត់ស្រមោល បន្សល់ទុក​នៅ​កូនតូច​ប្រុស​ស្រី​២​នាក់ នៅក្នុង​រថយន្ត ។ ក្រោយមកទៀត សមត្ថកិច្ច​ឆែកឆេរ ក្នុង​ថង់​ខ្មៅ ឃើញ​សុទ្ធតែ​គ្រឿងញៀន ទម្ងន់​ជិត​៥​គីឡូក្រាម​។

​សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេរ​ដល់​បន្ទប់ ។ ប៉ុន្តែ​ពេល​មិនទាន់​ដល់​បន្ទប់​ផង ស្រាប់តែ​ឃើញ​ជនជាតិ​ចិនដើរចេញ​ខាងក្នុង​សណ្ឋាគារ មាន​យួរ​វ៉ា​លិស​ខ្មៅ ចេញមក​ខាងក្រៅ​បាន​បន្តិច ស្រាប់តែ​ជនជាតិ​ចិន​រូបនោះ បាន​រត់​បម្រុង​សំដៅ​ឡើង​រថយន្ត ក៏ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ហើយ​បានឆែកឆេរ​រក​គ្រឿងញៀន ប្រភេទ ហេ​រ៉ូ​អ៊ី​ន ចំនួន​១៤​ដុំ ទៀត​។​

​បច្ចុប្បន្ន បុរស​ជនជាតិ​ចិន រួមទាំង​វត្ថុតាងថ្នាំញៀន​ជាច្រើន​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ឃាត់ខ្លួន​សាកសួរ តាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម