លេង​ចឹង​ហ្ម​ង​! ឧទ្យាន​ជាតិ​ថៃ នឹង​ខ្ចប់​សំរាម​ដឹក​ដល់​ផ្ទះ​របស់​អ្នក​ពង្រាយ​

239
ចែករម្លែក

​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​ថៃ​មួយ​កន្លែង​អាចនឹងទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ដ៏​គួរ​ឱ្យ​ខ្មាស​គេ​មិន​អាច​បំភ្លេចបាន នៅពេល​មាន​ការព្រមាន​ថា​សំរាម​នឹង​ត្រូវ​ខ្ចប់​ដឹក​ទៅដល់​ផ្ទះ​របស់​​អ្នក​ដែល​ពង្រាយ​វា​។
​ ​
​ឧទ្យាន​ជាតិ​ខា​វ យ៉ៃ (Khao Yai National Park) គឺជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​មួយ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ទីនោះ និង​ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​ក្នុងប្រទេស​ថៃ​ពិតជា​ធុញទ្រាន់​នឹង​ការពង្រាយ​​សំរាម​ដែល​បំផ្លាញ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​សត្វ​ដែល​រស់នៅ​ទីនោះ​។​
​ ​
​ជា​សំណាងល្អ រដ្ឋ​មន្ត្រី​បរិស្ថាន លោក វ៉ា​រ៉ាវុធ ស៊ី​ល​ផា​-​អា​ឆា (Varawut Silpa-archa) បាន​នឹកឃើញ​ដំណោះស្រាយ​ដ៏​ឆ្លាត​វៃ​មួយ​។​
​ ​
​លោក​បាន​បង្ហោះ​ចែករំលែក​រូបថត​មួយ​សន្លឹក​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហាញ​ពី​ដប​ប្លា​ស្ទិក កំប៉ុង​កញ្ចប់​នំ​ដែល​ត្រូវបាន​ប្រមូល​ច្រក​ថង់​ត្រៀម​ដឹកបញ្ជូន​ទៅ​ដល់​ផ្ទះ​អ្នក​ពង្រាយ​វា​អម​ជា​​មួយ​លិខិត​ខ្លី​មួយ​ដែល​សរសេរ​ថា “​អ្នក​ភ្លេចរបស់​ទាំងនេះហើយ​”​។​
​ ​
​ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ដែរ​ថា អ្នក​ដែល​គេ​ចាប់បាន​ពេល​ចោល​សំរាម​នៅ​ហ្នឹង​កន្លែង អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគា​ររ​ហូត​ដល់​ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​ផង​ដែរ​។

​ជា​វិធានការ​ទប់ស្កាត់ ពេល​នេះ​ភ្ញៀវទេសចរ​ត្រូវបាន​តម្រូវ​ឱ្យ​ផ្ដល់​អាសយដ្ឋាន​ដែល​ពួកគេ​រស់នៅ មុន​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចូល​ទៅ​កម្សាន្ត​នៅក្នុង​ឧទ្យាន​ជាតិ​ខាងលើនេះ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ដប​ប្លា​ស្ទិក កំប៉ុង​ កញ្ចប់​នំ​ដែល​ត្រូវបាន​ប្រមូល​ច្រក​ថង់​ត្រៀម​ដឹកបញ្ជូន​ទៅ​ដល់​ផ្ទះ​អ្នក​ពង្រាយ​វា​អម​ជា​​មួយ​លិខិត​ខ្លី​មួយ​ដែល​សរសេរ​ថា “​អ្នក​ភ្លេចរបស់​ទាំងនេះហើយ​”​

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម