​ធនាគារ​មេ​យ​ប៊ែ​ង ផ្តល់​ម៉ាស់​តម្បាញ ៦.០០០ ម៉ាស់ ដល់​ក្រសួង​អប់រំ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩

154
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន /
​ភ្នំពេញៈ
ធនាគារ​មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភីអិលស៊ី បានប្រគល់ ជូន​ម៉ាស់​តម្បាញ ដោយ​ដៃ ចំនួន ៦.០០០ ម៉ាស់ ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្របពេល ជាមួយនឹង​ការបើក​ឲ្យ ដំណើរការ​ឡើងវិញ នៃ​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ខួប​លើក​ទី​៦០ ឆ្នាំ របស់​ធនាគារ​មេ​យ​ប៊ែ​ង នៅក្នុង​ឆ្នាំនេះ​។​

​ម៉ាស់​តម្បាញ ដោយ​ដៃ​ទាំងនេះ ត្រូវបាន​ប្រគល់ ជូន​ដល់​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​អញ្ជើញ ចូលរួម​ដោយ​លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូត ម៉ាឡេស៊ី ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ការផ្តួចផ្តើម​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី ការប្តេជ្ញាចិត្ត​របស់ ធនាគារ​មេ​យ​ប៊ែ​ង ក្នុងការ​គាំទ្រ​ដល់ ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដាក់​ឲ្យ ដំណើរការ​ឡើងវិញ នៃ​ការអប់រំ​ដល់​កុមារ និង​យុវជន​ជំនាន់​ក្រោយ ព្រមទាំង​ពង្រឹង នូវ​វិធានការ​ចាំបាច់ សម្រាប់​ការពារ ដល់​សិស្សានុសិស្ស គ្រូបង្រៀន បុគ្គលិក និង​គ្រួសារ​របស់​ពួកគេ​។ ចាប់តាំងពី​ការចាប់ផ្តើម នៃ​ការ​ផ្ទុះឡើង នៃ​វីរុស​នេះ ម៉ាស់​តម្បាញ ដោយ​ដៃ គឺជា​គំនិត​ផ្តួចផ្តើម​មួយ ក្នុងចំណោម គំនិត​ផ្តួចផ្តើម ជាច្រើន ដើម្បី​ជួយ​កាត់បន្ថយ ភាព​តានតឹង លើ​សហគមន៍ ដែល​រង​ផលប៉ះពាល់ ដោយ​វីរុស​កូ​រ៉ូ​ណា​នេះ​។​

​បន្ថែម​លើ​នេះ ធនាគារ បានផ្តល់​វិភាគទាន ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​ដល់ គំនិត​ផ្តួចផ្តើម​របស់ រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធ ប្រឆាំងនឹង​ការរីក រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ក៏ដូចជា ផ្ដល់នូវ​គម្រោង​ជំនួយ​ហិរញ្ញវត្ថុ ជា​ទម្រង់​នៃ​ការរៀបចំ រចនាសម្ព័ន្ធ និង​រៀបចំ​ឡើងវិញ នូវ​ការទូទាត់​សង ហិរញ្ញប្បទាន ឡើងវិញ និង​ការកំណត់​ឡើងវិញ នូវ​ការសង​ឥណទាន សម្រាប់​អតិថិជន ដែល​រង​ផលប៉ះពាល់​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថាៈ ” នៅក្នុង​អំឡុងពេល ដ៏​លំបាក​នេះ ខ្ញុំ​ពិតជា​មាន​សេចក្តីរំភើប ដែល​ឃើញ​ក្រុមហ៊ុន ដូចជា ធនាគារ​មេ​យ​ប៊ែ​ង បាន​ជួយ​ដល់​សហគមន៍​កម្ពុជា យ៉ាងសកម្ម ។ ខ្ញុំ​មានការ​រីករាយ យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់ ធនាគារ​មេ​យ​ប៊ែ​ង ក្នុង​ការផ្តល់​ការគាំទ្រ ដល់ សហគមន៍ ប្រកបដោយ​ចីរភាព ស្រប​ពេលដែល​កម្មវិធី ទាំងអស់នេះ បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន ជូន​ដល់​ប្រជាជន និង​ប្រទេស​របស់​យើង ។​

​នាយក​ប្រតិបត្តិ របស់​ធនាគារ មេ​យ​ប៊ែ​ង Dato ‘Mohd Hanif Suadi បានលើកឡើង​ថាៈ ” ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ គឺជា​ស្ថានភាព​អកុសល ហើយ​ធនាគារ បាន​កំពុង​ចាត់វិធានការ​ការពារ យ៉ាង​ត្រឹមត្រូវ ឲ្យ​ស្របទៅនឹង​បេសកកម្ម​របស់​យើង ការផ្តល់​ហិរញ្ញវត្ថុ ប្រកបដោយ​អរិយ្យ​ភាព ។ សុខុមាលភាព របស់​ប្រជាជន នៃ​ប្រទេស​កម្ពុជា មាន​សារៈសំខាន់ យ៉ាងខ្លាំង ព្រោះ​វា​ជា​មូលដ្ឋានគ្រឹះ នៃ​កំណើនសេដ្ឋកិច្ច ដូច្នេះ​ការថែរក្សា​សុខភាព និង សុខុមាលភាព របស់​ប្រជាជន​កម្ពុជា នៅតែ​ជា​អាទិភាព ដ៏​ធំធេង សម្រាប់​ពួកយើង នៅ​ធនាគារ​មេ​យ​ប៊ែ​ង ” ។​

​ម៉ាស់​តម្បាញ ដោយ​ដៃ “ អំណោយ​នៃ​ក្តី​ស្រលាញ់ ” ចំនួន ៦.០០០ ម៉ាស់ ត្រូវបាន​ផលិត​ចេញពី​ក្រណាត់ និង​សូត្រ​សុទ្ធ ដែល​អាច​សម្អាត និង​ប្រើប្រាស់ ឡើងវិញ​បាន ។ ម៉ាស់​តម្បាញ​នេះ មាន​លំនាំ​ឆ្កួត ខុសៗ​គ្នា និង​ពណ៌​ផ្សេងៗ ដែល​គេ​ស្គាល់​ថា ជា​ក្រមា គឺជា​លក្ខណៈ​ទឹក​ភណ្ឌ តម្បាញ​សូត្រ របស់​កម្ពុជា និង​ត្រូវបានធ្វើ ដោយ​ដៃ​ផ្ទាល់ ស្ត្រី​ជំនាញ​តម្បាញ ១៥០ នាក់ នៅ​ខេត្តតាកែវ ក្រោម​កម្មវិធី​ស្ត្រី និង​តម្បាញ របស់​ធនាគារ​មេ​យ​ប៊ែ​ង ដោយមាន​ការសហការ ជាមួយ​ដៃគូ អង្គការ​សូត្រ​ពណ៌ ។ កម្មវិធី​នេះ ក៏បានផ្តល់​នូវ​ឱកាស ក្នុង​ការជួយ​បន្ថែម ដល់​ស្ត្រី​តម្បាញ​កម្ពុជា ដែល​ស្របទៅនឹង​បេសកកម្ម​ទូទៅ របស់ រាជរដ្ឋាភិបាល ក្នុងការ​ឆ្ពោះទៅរក​ការជំរុញ កំណើនសេដ្ឋកិច្ច និង​ជួយ​សហគមន៍ ឲ្យ​ប្រសើរ​ឡើងវិញ ពី​ស្ថានភាព​ដែល​មិនបាន​ព្រៀងទុក​ជាមុន ដោយ​ការរីក រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ។​

​កម្មវិធី​នេះ បានបង្ហាញ​ឲ្យ​ឃើញ នូវ​ការបន្ត​ការប្តេជ្ញាចិត្ត របស់​សម្ព័ន្ធ​ធនាគារ​មេ​យ​ប៊ែ​ង ចាប់តាំងពី​ឆ្នាំ ១៩៦០ ក្នុងការ​បង្កើត​ឲ្យ​មាន​ឥទ្ធិ​ផល ជា​វិជ្ជមាន ដល់ សហគមន៍ នៅក្នុង​ទីផ្សារ ដែល​ខ្លួន​មាន​វត្តមាន ។ នៅក្នុង​ខែកក្កដា ឆ្នាំនេះ ធនាគារ​មេ​យ​ប៊ែ​ង បានប្រគល់​ម៉ាស់ ដែល​ផលិត ដោយ​ស្ត្រី​តម្បាញ​កម្ពុជា ទៅកាន់ លេខាធិការដ្ឋាន​អាស៊ាន ដែលជា​សារ បង្ហាញ​នូវ​សុ​ឆន្ទៈ និង​សាមគ្គីភាព នៅក្នុង​តំបន់ ក៏ដូចជា តំណាង​ឲ្យ​ក្តីសង្ឃឹម និង​ការ​អធិស្ឋាន របស់​ស្ត្រី​តម្បាញ ដល់​ប ណ្តា​សមាជិក​អាស៊ាន ទាំង ១០ ប្រទេស ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម