ADB ដំឡើង​តួលេខ​នៃ​ការ​ព្យាករណ៍​​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០២០

375
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ដោយ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន​នៃ​ផលិតកម្ម​វិស័យ​កសិក​ម្ម​និង​ការកើនឡើង​នៃ​ការនាំចេញ​ផលិតផល​មិនមែន​សម្លៀកបំពាក់​ដូចជា​កង់ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នោះ​ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ព្រឹក​ទី​២៣ខែកញ្ញាឆ្នាំ​២០២០​នេះ បាន​ដំឡើង​តួលេខ​នៃ​ការ​ព្យាករ​ណ៍សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ ២០២០​។​

​នៅ​សន្និសីទ​សារព័ត៌មាន​ស្តីពី​បច្ចុប្បន្នភាព​នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update)​សម្រាប់​ឆ្នាំ​២០២០​ ដែល​រៀបចំឡើង​នៅ​ទី​ស្នាក់ ការ​របស់ ADB ប្រចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ ធនាគារ​នេះ​បាន​ព្យា​ក​រពី​ការធ្លាក់ចុះ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ក្នុង​រង្វង់ -៤.០% បើ​ធៀប​ទៅនឹង -៥.៥% នៃ​ការ​ព្យាករ​ណ៍កាលពី​ខែមិថុនា​កន្លងទៅ​។​

​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​ថ្លែង​ក្នុង​សន្និសីទ​ពី​ចម្ងាយ​ថា​៖​ជំងឺ​រាតត្បាត​បណ្ដា​លពី​វីរុស​កូ​រ៉ូ​ណា ជា​បញ្ហា​ប្រឈម​ពិភពលោក​ដែល​មិន​ធ្លាប់មាន​ពីមុនមក ​ប៉ុន្តែ​ជា​សំណាងល្អ​ប្រទេស​កម្ពុជា​មិនបាន​មាន​វិបត្តិ​ផ្នែក​សុខាភិបាល​នោះទេ​។ យើង​រំពឹងថា​កំណើនសេដ្ឋកិច្ច នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់​៥,៩% នៅក្នុង​ឆ្នាំ​២០២១ ដោយសារ​កម្លាំង​ជំរុញ​នៃ​គោលនយោបាយ​គាំទ្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង ការគាំទ្រ​ផ្នែកហិរញ្ញប្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​លោកស្រី​បន្តថា ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ការបញ្ជាទិញ​ពី​អឺរ៉ុប​និង​អាម៉េរិក​ខាងជើង​បាន​នាំ​ដល់​ការបិទទ្វារ​នៃ​រោងចក្រ​សម្លៀកបំពាក់​ ទំនិញ​ធ្វើដំណើរ​និង​ស្បែកជើង (GTF) ប្រហែល​១​ភាគ​៣​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០​។ ប៉ុន្តែ​កំណើន​នៃ​ការផលិត​កង់​និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​បាន​ជំរុញ​ឱ្យ​ការនាំចេញ​ផលិតផល​ក្រៅពី​ទំនិញ​កាត់ដេរ របស់​កម្ពុជា កើនឡើង ៣០,៣% ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២០​។​

​លោកស្រី Sunniya Durrani-Jamal បាន​បន្ថែមថា​ កំណើន​សរុប​នៃ​ផលិតផល​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា​នឹង​កើន ៥,១% ក្នុង​ឆ្នាំ ២០២០​ប្រសិនបើ​ការនាំចេញ​នៃ សម្លៀកបំពាក់​ទំនិញ​ធ្វើដំណើរ​និង​ស្បែកជើង​បន្ត​ងើបឡើង​។​កូ​វីដ​១៩​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ វា​ត្រូវបាន​រំពឹងថា​នឹងមាន​ការបើក​ដំណើរ ការ​ជា​បណ្ដើរៗ​ឡើងវិញ​នៅ​ឆមាស​ទី​២ នៃ​ឆ្នាំ ២០២០ ប៉ុន្តែ​វិស័យ​សេវាកម្ម​ត្រូវបាន ព្យាករ​ថា​នឹង​ធ្លាក់ចុះ ១៥,១% ក្នុង​ឆ្នាំ ២០២០ ។ ការមកដល់​នៃ​ទេសចរ​អន្តរជាតិ បាន​ធ្លាក់ចុះ​៩៨,១% ឆ្នាំ​លើ​ឆ្នាំ​នៅក្នុង​ត្រីមាស​ទី ២ ដែល​បាន​បង្ខំ​ឱ្យ​អាជីវកម្ម​ជាង ៣០០០ ត្រូវ​បិទទ្វារ​ហើយ​កម្មករ​ប្រមាណ​៤៥.០០០ នាក់​បាត់បង់​ការងារ​។ ហា​និភ័យ​នៅតែមាន ដូចជា​ការបន្ត​ធ្លាក់ចុះ​នៃ​ឧស្សាហកម្ម​កាត់ដេរ និង​សំណង់ និង​ការថយចុះ នៃ​កសិផល ដោយសារ​មាន​ភ្លៀង​ធ្លាក់​តិច ក្នុង​ខែមិថុនា​និង​ខែកក្កដា​។​តម្រូវ ការ​អ្នកប្រើប្រាស់ក៏​អាច​បន្តធ្លាក់ចុះ​ដោយសារ​ជំងឺ​រាតត្បាត​នេះ​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​គាំទ្រ​ដល់​ការឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ទៅនឹង​ជំងឺ​រាតត្បាត​នេះ និង បានផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន ២៥០ លាន​ដុល្លារ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ ពង្រីក​ការ​គាំពារ​សង្គម​និង​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​ក្រោម​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​ឆ្នាំ​២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ផ្តល់​ជា​ប្រាក់កម្ចី​ជំនួយឥតសំណង និង ជំនួយ​បច្ចេកទេស​ចំនួន ១,៤៥ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​គាំទ្រ​ការគ្រប់គ្រង​វិស័យ កសិកម្ម​និង​ធនធានធម្មជាតិ ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រស់នៅ​ទីក្រុង​និង​ជនបទ​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​កកើត​ឡើងវិញ​ព្រមទាំង​លើកកម្ពស់​ការអប់រំ និង ការអភិវឌ្ឍ​ជំនាញ​។​គំនិត​ផ្តួចផ្តើម​ទាំងនេះ​មាន​គោលបំណង​ពង្រីក​វិសាលភាព​នៃ​ការទទួលបាន​សេវាសាធារណៈ ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​និង​លើកកម្ពស់​គុណ ភាព​សេវាកម្ម ក៏ដូចជា​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច​និង​ការវិនិយោគ​ក្នុងប្រទេស​៕ BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម