ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់កម្ចី ២៩ លានដុល្លារ សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ នៅកម្ពុជា

123
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត ហិរញ្ញប្បទានជាង ២៩ លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវា តាមរយៈ កំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេស នៅតាមតំបន់ជនបទ ដែលភាគច្រើន ពលរដ្ឋក្រីក្រ រស់នៅ។

កម្មវិធីទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រង វិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការ រួមមាន ប្រាក់កម្ចី ផ្តោតលើគោលនយោបាយ ចំនួន ២០ លានដុល្លារ ដែលនឹងគាំទ្រ ដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រង សារពើពន្ធនៃ រដ្ឋបាលមូលដ្ឋាន ក៏ដូចជា រដ្ឋបាលសាធារណៈ។ វាក៏ រួមបញ្ចូល ប្រាក់កម្ចីអនុវត្តន៍ គម្រោង ចំនួន ៩,៣៥ លានដុល្លារ ដើម្បីជួយកសាង សាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌល បណ្តុះបណ្តាល សម្រាប់មន្រ្តីរាជរដ្ឋាភិបាល ក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ហិរញ្ញប្បទាន ដល់គម្រោងនេះ ចំនួន ១,៧ លានដុល្លារ ផងដែរ។

អ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រង វិស័យសាធារណៈ របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Jhelum Thomas បានមានប្រសាសន៍ថាៈ “ គម្រោងនេះ មានគោលបំណង ជួយដល់រដ្ឋបាលមូលដ្ឋាន នៅទូទាំងប្រទេសកម្ពុជា ក្នុងការផ្តល់នូវ សេវាសាធារណៈមូលដ្ឋាន ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ហើយក៏នឹងបង្រួមគម្លាត តំបន់ជនបទ និងទីប្រជុំជន ផងដែរ។ គម្រោងនេះ ចាំបាច់ណាស់ ខណៈដែលជំងឺរាតត្បាតកូវីដ ១៩ ធ្វើឱ្យប្រជាពលរដ្ឋ មួយចំនួន បានផ្លាស់ទី ពីទីក្រុង ទៅជនបទ។ ប្រការនេះ នឹងនាំដល់សម្ពាធបន្ថែម ដល់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់ជំនួយសង្គម និងសេវាកម្មចំបាច់ ដូចជា ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអនាម័យ ដើម្បីគាំទ្រដល់ ការរីកចម្រើនកំណើន ប្រកបដោយបរិយាប័ន្ន និងសមធម៌ ” ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា បានកើនឡើង ៨,០% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ កាត់បន្ថយភាពក្រីក្រ មកនៅត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ពី ៤៧,៨% ក្នុងឆ្នាំ ២០០៧។ ប៉ុន្តែពលរដ្ឋកម្ពុជា ជាង ៧០% រស់នៅជាមួយ ចំណូលតិចជាង ៣ ដុល្លារ ក្នុងមួយថ្ងៃ ហើយការទទួលបាន សេវាមូលដ្ឋាន ក៏មិនទាន់ស្មើគ្នា។ គ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រឈមហានិភ័យធ្ងន់ធ្ងរ ខណៈដែលមានជំងឺរាតត្បាតកូវីដ ១៩ ដែលបាននាំឱ្យមាន ការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ នៃវិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាក នៃជីវភាពរស់នៅ។

កម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ នឹងបំពេញបន្ថែមលើ កម្មវិធីទី១ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រង វិស័យហិរញ្ញវត្ថុសាធារណៈ បានធ្វើវិមជ្ឈការ ដែលកំពុងតែមានដំណើរការ។ វានឹងជួយពង្រឹង ការសម្របសម្រួលការងារ ទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីទទួលបាន ការផ្តល់សេវាកម្ម ដែលឆ្លើយតបនឹងតម្រូវការ ប្រកបដោយការទទួលខុសត្រូវ ដែលរួមបញ្ចូល នូវការពង្រឹងផែនការថវិកា សវនកម្ម និងមុខងារអ្នកស៊ើបអង្កេត ជាយុទ្ធសាស្រ្ត ។ វាក៏នឹងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងចំណូលនិង ចំណាយ ដើម្បីឆ្លើយតបនឹង តម្រូវការក្នុងមូលដ្ឋាន និងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេល វែង របស់មន្រ្តីរដ្ឋបាលមូលដ្ឋាន។ គម្រោងនេះ នឹងគាំទ្រដល់ការសាង សង់ និងដំណើរការ នៃសាលារដ្ឋបាល មូលដ្ឋានជាតិថ្មី ដែលនឹងផ្តល់នូវ ការអភិវឌ្ឍជំនាញ តាមរចនាសម្ព័ន្ធ សម្រាប់មន្រ្តីរដ្ឋបាលមូលដ្ឋាន។

រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់វិមជ្ឈការ ក្នុងឆ្នាំ ២០០១។ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តប្រឈមមុខនឹងបញ្ហា នៃភាពខ្សោយ ក្នុងការធ្វើផែនការ ថ្នាក់ក្រោមជាតិ ការគ្រប់គ្រងចំណូល និងចំណាយ មិនសូវមានប្រសិទ្ធភាព និងការអភិវឌ្ឍជំនាញមន្រ្តីសាធារណៈ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ការគាំទ្រ យ៉ាងទូលំទូលាយ ដល់កំណែទម្រង់វិមជ្ឈការ របស់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០២ ដូចជាការគាំទ្រដល់ កំណែទម្រង់ច្បាប់ គោលនយោបាយ និង ស្ថាប័ន។ នៅចន្លោះឆ្នាំ ២០០២ និងឆ្នាំ ២០១២ ការចូលរួមរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តោតលើការពង្រឹង ក្រុមប្រឹក្សាឃុំសង្កាត់ និងការពង្រីកសេវាកម្ម នៅតាមតំបន់ជនបទ។ ចាប់តាំងពីឆ្នាំ ២០១២ មកការគាំទ្ររបស់ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រឹង ការសម្របសម្រួលការងារ របស់ រាជរដ្ឋាភិបាល ក្របខ័ណ្ឌច្បាប់ ស្ថាប័ន និងការកំណត់តួនាទី និងភារកិច្ច ក្នុងការផ្តល់សេវា។ គម្រោងថ្មីនេះ គឺស្របទៅនឹងអាទិភាព ដែលបានដាក់ ក្នុងយុទ្ធសាស្ត្រភាពជាដៃគូ របស់ ADB សម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣ ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំ ប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះ គ្រប់គ្រងដោយ សមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់នេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម