ហាយឡែនឌ័របើករេចង្កូតចូលទៅបុករថយន្តក្រុង ខ្ទេចដាច់កង់មុខម៉ូតូបោលបុកពីក្រោយរង ខូចខាត

128
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបើករេចង្កូតចូលទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុករថយន្តក្រុងបើកច្រាសទិស បណ្តាលឲ្យដាច់ខ្ទេចកងមុខ ស្របពេលកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀត បោលលឿនជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រកំពុងមានបញ្ហា បណ្តាលឲ្យបែកខ្ទេចកញ្ចក់ក្រោយ សំណាងល្អមនុស្សម្នាក់គ្រាន់តែរងរបួសស្រាល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវផ្សារតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តហាយឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1788 បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រេចង្កូតចូលទៅបំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកពីចំហៀងរថយន្តក្រុង ម៉ាក ISUZU ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ37 -0203 បើកច្រាសទិស បណ្តាលឲ្យរថយន្ត ហាយឡែនឌ័រ ដាច់កង់មុខខាងឆ្វេងក្រាបដល់ដី ហើយស្របពេលដែលរថយន្តទាំង ២គ្រឿងជួបបញ្ហាភ្លាមនោះ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-4340 បើកល្បឿនលឿនពីត្បូងទៅជើង វ៉ាក់អើ ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយរថយន្តហាយឡែនឌ័រ បណ្តាលឲ្យបែកកញ្ចក់ក្រោយខ្ទេច អ្នកបើកបរម៉ូតូរងរបួសក្បាលស្រាល ។

បើតាមសម្តីអ្នកបើកបររថយន្តក្រុង បានឲ្យដឹងថា ខណៈដែលគាត់កំពុងបើកបរ ស្រាប់ តែឃើញរថយន្តហាយឡែនឌ័រ បើករេចូលមកគន្លងផ្លូវរបស់គាត់ ទោះជាសុីផ្លេ តែនៅបើកចូលទៀត។

តែបើតាមសម្តីអ្នកបើកបររថយន្តហាយឡែនឌ័រវិញ បានឲ្យដឹងថា គាត់មិនបានស្រវឹងស្រាដូចដែលគេសង្ស័យនៅកន្លែងកើតហេតុឡើយ មកពីរថយន្តរបស់គាត់មានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ទើបរេចូលគន្លងផ្លូវម្ខាងទៀត។

ក្រោយកើតហេតុ ករណីគ្រោះថ្នាក់ចរាចរខាងលើ នគរបាលមូលដ្ឋានចុះពិនិត្យសម្រួលចរាចរ រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោកស្នងការក្រុងភ្នំពេញ វាស់វែង យកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយពេលក្រោយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម