អគ្គស្នងការនគរបាលជាតិ ប្រកាសតែងតាំងមុខតំណែង ស្នងការនគរបាលថ្មី នៃខេត្តបាត់ដំបង

279
ចែករម្លែក

ដោយ:ប៊ុនណាត/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលសន្និសីទមិត្តភាពបាត់ដំបង ដាណាំង បានរៀបចំធ្វើពិធីប្រកាស ចូលកាន់មុខតំណែង ស្នង ការថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក្រោអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង ។

ក្នុងពិធីនេះ លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងនគរបាល ខេត្តបាត់ដំបង ត្រូវបានតែងតាំង ជាស្នងការនគរបាលថ្មី នៃខេត្តបាត់ដំបង និងបានតម្លើងឋាន​ន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវចូលនិវត្តន៍ និងទទួលបានការតែងតាំង ពីព្រះករុណា ព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ជាស្នងការនគរបាលខេត្ត ទើបឡើងថ្មី បានបេ្តជ្ញាចិត្ត ដើរតាមគំរូវីរភាពរបស់ លោកអតីតស្នងការខេត្ត ដើម្បីដកស្រង់ បទពិសោធន៍ការងារដឹកនាំ ធ្វើឲ្យស្នងការដ្ឋានខេត្ត និងអធិការដ្ឋាននគរបាល គ្រប់ក្រុង ស្រុកទាំង ១៤ ឲ្យមានការរីកចម្រើនជាបន្តទៀត ​ជាពិសេសប្តេជ្ញារក្សាសាមគ្គីភាព​ផ្ទៃក្នុង ឲ្យកាន់តែស្អិតរមួត រវាងថ្នាក់ដឹកនាំស្នងការ និងស្នងការរងខេត្ត ដោយបែងចែកភារកិច្ច ដាច់ដោយឡែកពីគ្នា ដើម្បីទទួលខុសត្រូវតាមផែននីមួយៗ ឲ្យបានច្បាស់លាស់ ជៀសវាងពេលមានកិច្ចការអី្វ ឆ្លើយដាក់គ្នា និងសាមគ្គីភាព ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឲ្យបានសេចក្តីសុខ ប្រកបរបររកស៊ី ដោយគ្មានការភ័យព្រួយ។

បន្ទាប់មក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ ដល់លោកស្នងការខេត្ត ដែលទើបឡើងថ្មី ត្រូវពង្រឹងសាមគ្គីភាព ជាធ្លង់មួយ ក្រោមដំបូលរាជរដ្ឋាភិបាល ស្របច្បាប់ ក្រសួងមហាផ្ទៃ ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងលុបបំបាត់ចោលជំងឺតួឯក ដណ្តើមស្នាដៃ និងយកមុខមាត់ តែម្នាក់ឯង មិនព្រមចែកភារកិច្ច ឲ្យថ្នាក់ក្រោមជួយ។

នាយឧត្តមសេនីយ៍ បានបន្តថាៈ ជាស្នងការថ្មី ត្រូវជួយដោះស្រាយ បញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋ ហើយអ្វីដែលប្រជាពលរដ្ឋ កំពុងភ័យព្រួយ អំពីបទល្មើសផ្សេងៗ ដូចជា ល្បែងស៊ីសង បញ្ហាគ្រឿងញៀនវាយលុក ក្នុងមូលដ្ឋាន បញ្ហាចោរលួច ចោរឆក់ប្លន់ ត្រូវតែចុះបង្ក្រាប ដូចភ្លៀងរលឹម តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ចំណែកបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលជាជំនាញរបស់ លោកស្នងការថ្មី ត្រូវបានក្រសួង កោតសរសើរថា ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កន្លងមកនេះ គ្មានគ្រោះថ្នាក់ មួយករណីទេ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម