ស្ដ្រី​មេការ​ខារ៉ាអូខេ ដែល​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជេរប្រមាថ​ដល់​នគរបាល​ពេល​បំពេញភារកិច្ច​នោះ​គឺ គាត់​ល្មើសច្បាប់​ចរាចរណ៍​

890
ចែករម្លែក

​ដោយៈ​អង្គរតូច/ ​សៀមរាប​ ៖ បន្ទាប់ពី​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មេការ​ខារ៉ាអូខេ​ព្រីម​មៀរ បង្ហោះ​សារ​ជេរប្រមាថ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ដែល​កំពុង​បំពេញភារកិច្ច នាយការិយាល័យ​នគរបាល ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បញ្ជាក់ថា ស្ត្រី​ម្នាក់​នោះ​គឺ​គាត់​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​។

​លោក​វរសេនីយឯក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តសៀមរាប បាន​ថ្លែងប្រាប់​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា​នេះ​ថា មន្ត្រីនគរបាល​ចរាច​រណ៍ ដែល​រង​ការ​ជេ​ប្រមាថ​ពី​សំណាក់​ស្ត្រី សម្ដី​ខ្លាំង​នោះ គឺ​លោក​អនុសេនីយ៍ត្រី ស វីឡា រួមទាំង​មន្ត្រីនគរបាល​ជាច្រើន​នាក់​ទៀត ដែល​កំពុង​បំពេញភារកិច្ច នៅ​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់​។

​ចំណែក​ស្ត្រី​ដែល​ជិះ​ម៉ូតូ​ល្មើស​និង​ច្បាប់​ចរាចរណ៍​នោះ គឺ​ពុំទាន់​បាន​ស្គាល់ឈ្មោះ​នោះទេ ព្រោះ​បន្ទាប់ពី​កើតហេតុ គ្រួសារ​គាត់​មក​ដឹក​ចេញ​បាត់​ដោយ​បន្សល់ទុក​នៅតែ​ម៉ូតូ​ម៉ាក​ហ្សូ​មឺ​X នៅ​នឹង​គោលដៅ​ប៉ុណ្ណោះ​។

​លោក​បន្តថា ស្ត្រី​រូបនេះ​ជិះ​ម៉ូតូ​ល្មើស​ស្លាក​សញ្ញា បត់​ឆ្វេង​(​ស្លាក​សញ្ញា​មាន​យូរហើយ​)​។ ក្នុង​គ្រា​ដែល​ស្ត្រី​ខាងលើ​ជិះ​ម៉ូតូ​ល្មើស​ស្លាក​សញ្ញា នគរបាល​នៅ​ទីនោះ​បាន​ឃាត់ ដើម្បី​ណែនាំ​ដល់​រូបគាត់​អំពី​ច្បាប់​និង​ស្លាក​សញ្ញា ប៉ុន្តែ​ត្រូវ​ស្ត្រី​ខាងលើ ស្រែក​ឡូឡា​ជេរប្រមាថ​ដល់​ក្រុម​សមត្ថកិច្ច​ទៅវិញ​។ តាមពិត​មន្ត្រី​របស់លោក​មិនបាន​ជេរប្រមាថ តប​ទៅវិញ​ដូច​ការលើកឡើង​របស់​ស្ត្រី​ខាងលើ​នោះឡើយ​។

​ពេលនេះ​ខាង​លោក​មានបំណង​ហៅ​គាត់ មក​និយាយ​គ្នា​និង​ណែនាំ​ពី​ផ្លូវច្បាប់ តែ​មិនឃើញ​គាត់​ចូល​ខ្លូន​មក​សោះឡើយ​។ លោក​បាន​លើកឡើងថា កម្លាំង​នគរបាល​ចរាចរណ៍​ដែល​ចុះ​បំពេញការងារ​ទាំងនេះ គឺជា​អ្នក​អនុវត្តន៍​ច្បាប់ មិនមែន​ចេះតែ​ចុះមក​លេងៗ​នោះទេ សូមមេត្តា​យោគយល់​។

​លោកនាយ​ការិយាល័យ​បញ្ជាក់​ចុងក្រោយ​ថា ករណី​ជេរប្រមាថ​នេះ ខាង​លោក​មិន​ប្តឹងផ្តល់​អ្វី​ទេ គឺ​គ្រាន់តែ​រងចាំ​ឲ្យ​គាត់​ចូលខ្លួន​មក​ដោះស្រាយ ដើម្បី​ណែនាំ​ផ្លូវច្បាប់​ដល់​គាត់ ហើយ​ពិន័យ​ត្រឹមតែ​២៥០០០​រៀល​តាម​កំហុស​របស់គាត់​ប៉ុណ្ណោះ ពីព្រោះ​ពេលខ្លះ​ប្រជាពលរដ្ឋ នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​។ ប៉ុន្តែ​ប្រសិនបើ​គាត់​នៅតែ​បន្ត​ជេរប្រមាថ ជា​សាធ​រណៈ​បែបនេះ​ទៀត ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​ខេត្តសៀមរាប នឹង​ប្តឹង​គាត់​តាមផ្លូវ​ច្បាប់​។​

​ទោះជា​បែបនេះ ស្ត្រី​ដែល​គេ​ស្គាល់​ថា​ជា មេការ​ខារ៉ាអូខេ​ព្រីម​មៀ បាន​បង្ហោះ​សារ​ជេរប្រមាថ និង​ជេរ​ប្រមាន​ជា​សារ​សម្លេង តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​(Sava Ck ) យ៉ាង​ពេញទំហឹង រហូត​ប​ជ្ឈ​ដ្ឋា​ន​នានា រិះគន់​ផង​សរសើរ​ផង​។​

​សូម​រំលឹកថា ករណីនេះ​កើតឡើង​នៅ​គោលដៅ​រង្វង់​មូល​វត្ត​ដំណាក់ កាលពី ថ្ងៃទី​៩ ខែមេសា​ឆ្នាំ​២០១៨​។ រហូតមកទល់​ពេលនេះ ស្ត្រី​ខាងលើ​នៅ​មិនទាន់​លុបចោល សារ​ជេរប្រមាថ​នោះ​នៅឡើយ​ទេ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម