បច្ចុប្បន្នកម្ពុជាមានវារីវប្បករសរុបចំនួន៤៦.០០០

164
ចែករម្លែក

ដោយ:ពៅនិមល/ភ្នំពេញ: ដោយសារកំណើននៃសេចក្តីត្រូវការផលចាប់ត្រីទាំងទឹកសាប និងសមុទ្រ បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាមានវារីវប្បករសរុបចំនួន៤៦.០០០ ក្នុងនោះគ្រួសារដែលធ្វើវារីវប្បកម្មក្នុងស្រះមានចំនួន៤១,៩៣៩ និងគ្រួសារធ្វើវារីវប្បកម្មក្នុងបែចំនួន៤,០៦១។ នេះតាមការឱ្យរបស់លោករដ្ឋមន្រ្តីកសិកម្ម។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គិតមកទល់ពេលនេះ រដ្ឋបាលជលផលជួយសម្របសម្រួលបង្កើតសហគមន៍នេសាទបានចំនួន៥១៦ (ទឹកសាប៤៧៥ និងសមុទ្រ៤១)។ បង្កើតកន្លែងអភិរក្សជលផលសរុបចំនួន៦៧៧ បង្កើតស្រះជម្រកត្រីសហគមន៍ចំនួន៨៩៥ បង្កើតកន្លែងបង្កាត់ភ្ញាស់ត្រីបានចំនួន៣០៩ ក្នុងនោះ២៦៩កន្លែងជារបស់កសិករ។ លោកបន្តថា បណ្តុំវារីវប្បកម្មទាំងអស់នេះ ដោយសារកំណើននៃសេចក្តីត្រូវការ ដែលចាំបាច់ទាមទារឲ្យភាគីពាក់ព័ន្ធ ពិសេសសមាគមវារីវប្បករបង្កើនសមត្ថភាពចិញ្ចឹម បង្កាត់ពូជ ផលិតចំណី ថែរក្សា ការពារ និងអភិរក្ស ដើម្បីលើកម្ពស់ខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ។

ស្របពេលដែលសមាគមវារីវប្បករកម្ពុជាដែលទើបសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ លោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យសមាគមត្រូវបន្តជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មទាំងទឹកសាប និងសមុទ្រស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០។ លើកកម្ពស់ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារទៅជាលក្ខណៈពាណិជ្ជកម្ម។ ត្រូវបង្កើនចំនួនមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីដើម្បីធានាការផ្គត់ផ្គង់ពូជត្រី និងផ្សព្វផ្សាយបច្ចេកវិទ្យាសមស្របដល់វារីវប្បករឱ្យបានទូលំទូលាយ។ ត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទដែលបានបង្កើតរួចឱ្យក្លាយជាសហគមន៍នេសាទគ្មានបទល្មើស ព្រមទាំងត្រូវពង្រឹងការ គ្រប់គ្រង និងការពារកន្លែងអភិរក្សជលផលឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេស ត្រូវរួមគ្នាថែរក្សា ការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះ គឺបានបង្ហាញពីការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធឆ្លើយតបតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភា វូបនីយកម្ម និងពាណិជ្ជូបនីយកម្មនៃវិស័យវារីវប្បកម្មនៅកម្ពុជានាពេលអនាគត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីចាត់ទុកថា ការបង្កើតសមាគមនេះឡើង ស្របតាមគោលការណ៍របស់ក្រសួងក្នុងការជំរុញវិស័យវារីវប្បកម្មកម្ពុជាឲ្យមានលក្ខណ:គ្រប់ជ្រុងជ្រោយទាំងនីតិវិធីច្បាប់ បច្ចេកទេសផលិត ការងាររដ្ឋបាល និងហិរញ្ញវត្ថុដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាទាំងបរិមាណ និងគុណភាព ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ និងឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញឲ្យមាននិរន្តរភាព។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាតួនាទី ភារកិច្ច និងសមិទ្ធផលដែលសមាគមសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបរិមាណផលចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាប់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយ ចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ្-១៩។ សំខាន់ជាងនេះទៀត គឺស្របពេល និងទាន់សភាពការណ៍អនុវត្តជាក់ស្តែងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលខែកក្កដាកន្លងមកថា វារីវប្បករគួរចងក្រងសមាគមដើម្បីបង្កើត ឬរួមសាមគ្គីគ្នាជាកំលាំងសម្រាប់ធ្វើការតវ៉ាពីតម្លៃ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត និងហិរញ្ញវត្ថុការប្រាក់ទាប៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម