សមត្ថកិច្ចក្នុងដែនជំនាញត្រូវចុះស្រាវជ្រាវករណីទន្ទ្រានដីឧទ្យានជាតិព្រះមុនីវង្សបូកគោ

127
ចែករម្លែក

ដោយ:បូកគោ/កំពតៈ  អភិបាលខេត្តកំពតបានជំរុញដល់​មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជ្រាវជាបន្ទាន់តាមរបាយការណ៍របស់មេឃុំស្តីពីមន្ត្រីអាវុធហត្ថ និងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពតកាន់កាប់ដីព្រៃក្នុងឃុំបឹងទូក ស្រុកទឹកឈូ។ ប្រសិនបើរកឃើញថាជាការបំពានលើដែនឧទ្យានជាតិព្រះមុនីវង្សបូកគោចាំបាច់ត្រូវចាត់ការតាមផ្លូវច្បាប់។

ថ្មីៗនេះ លោកជាវ តាយបានចុះពិនិត្យសកម្មភាពនៃការកាន់កាប់ដីក្បែរឧទ្យាជាតិព្រះមុនីវង្សបូកគោក្នុងភូមិសាស្ត្រ ឃុំបឹងទូក ស្រុកទឹកឈូក្រោយទទួលរបាយការណ៍អំពីមានភាពមិនប្រក្រតីមួយចំនួន។ ដោយសង្កេតឃើញថាមានការកាន់កាប់ផ្នែកខ្លះនៃដែនជាតិ លោកអភិបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានត្រូវសហការចុះស្រាវជ្រាវសកម្មភាពនេះជាបន្ទាន់។

ក្រុមការងារត្រូវពិនិត្យផ្ទៀងផ្ទាត់ឯកសារជាមួយផែនទីមេរបស់ជំនាញនីមួយៗឱ្យបានច្បាស់លាស់ រួចធ្វើរបាយការណ៍ដាក់ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តក្នុងភាពជាក់លាក់បំផុត។ លោកជាវ តាយបានបញ្ជាក់ថា ប្រសិនបើស្រាវជ្រាវឃើញថាសកម្មភាពទាំងនេះជាការបំពានចូលដីបរិស្ថាន ឬគម្របព្រៃឈើ នោះមិនត្រូវចេញប័ណ្ណកម្មសិទ្ធិឱ្យទេគឺត្រូវក្សាការពារទុកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក្នុងដែនជំនាញចាំបាច់ត្រូវចាត់ការតាមផ្លូវច្បាប់ផងដែរ។

បន្ថែមលើនេះ អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងកិច្ចថែរក្សាការពារដីឯកជនរបស់រដ្ឋ និងដីសាធារៈជាទ្រព្យសម្បត្តិរដ្ឋដដែល ពោលគឺមិនត្រូវបណ្តែតបណ្តោយឱ្យជនឱកាសនិយមលួចទន្រ្ទានកាន់កាប់ដោយខុសច្បាប់ឡើយ។

របាយការណ៍របស់មេឃុំបឹងទូកបានបញ្ជាក់ថាអ្នកកាន់កាប់ដីដែលលោកអភិបាលខេត្តតម្រូវឱ្យចុះស្រាវជ្រាវនោះរួមមាន លោកជឹម វុទ្ធី មន្ត្រីអាវុធហត្ថចូលនិវត្តន៍ លោកសែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត និងលោកអ៊ុក ចាន់ឌីណា អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត។

ទាក់ទិនករណីខាងលើ លោកជឹម វុទ្ធី បញ្ជាក់ថាប្រវត្តិទីតាំងនេះ ដើមឡើយស្ថិតនៅក្នុងទឹកដីសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ លោកបានកាន់កាប់តាំងពីឆ្នាំ២០០៨ ដោយមានឯកសារទទួលស្គាល់ពីលោកចៅសង្កាត់ទៀតផង។ រីឯលោក អ៊ុក ចាន់ឌីណាបានរៀបរាប់ថាដីនោះលោកបានទិញបន្តពីគេក្នុងឆ្នាំ២០១៨ ដោយមានសាក្សីគ្រប់គ្រាន់ទោះបីលោកស្រីមេឃុំបឹងទូកមិនចុះហត្ថលេខាទទួលស្គាល់ក្តី។ ម្ចាស់មុនបានកាប់កាប់តាំងពីឆ្នាំ២០០៨ ដែលមានឯកសារចេញពីលោកចៅសង្កាត់អណ្តូងខ្មែរ។

ដោយឡែកលោក សែម សឿនបានបញ្ជាក់របាយការណ៍របស់លោកស្រីមេឃុំបឹងទូកជាការមូលបង្កាច់ព្រោះដីទាំងនោះសុទ្ធតែមានអ្នកកាន់កាប់ និងអាជ្ញាធរមូលដ្ឋាទទួលស្គាល់តាំងពីឆ្នាំ២០០៨។ អ្នកខ្លះទិញបន្ត ក្នុងនោះមានរូបលោកផងដែរ ពោលគឺមិនមែនទើបតែទៅចូលកាន់កាប់ទេ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម