ម៉ា​ក្រុង​៖ អឺរ៉ុប​នឹង​មិន​សម្របសម្រួល​ជាមួយ​អាម៉េរិក​រឿង ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើយ​

348
ចែករម្លែក

​ប្រធានាធិបតី​បារាំង​លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ព្រមាន​សហរដ្ឋ​អាម៉េរិក​ថា​អឺរ៉ុប​នឹង​មិន​ស្រុះស្រួល​អំពី​បញ្ហា​ដាក់​ទណ្ឌកម្ម​លើ​កម្មវិធី​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ឡើងវិញ​ឡើយ ហើយ​បាន​ព្រមាន​ថា​ការសើរើ​​ទណ្ឌកម្ម​សហប្រជាជាតិ​ទាំងអស់​ឡើង​វិញ​អាច​បំផ្លាញ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​បង្កើន​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា​។​

​លោក​ម៉ា​ក្រុង​បាន​វាយប្រហារ​រិះគន់​គោលនយោបាយ​«​ដាក់​សម្ពាធ​អតិបរមា​»​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​លោក​បាន​និយាយថា វា​បាន​បរាជ័យ​ក្នុង​ការរារាំង​អន្តរាគមន៍​របស់​អ៊ីរ៉ង់​នៅក្នុង​​តំបន់ ឬ​ខកខាន​ក្នុង​ការធានា​ថា អ៊ីរ៉ង់​នឹង​សំរេច​បាន​សព្វាវុធ​នុយគ្លេអ៊ែ​រ​។​

​ម៉ា​ក្រុង​បាន​ប្រាប់​សម័យប្រជុំ​លើក​ទី​៧៥​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា​« យើង​នឹង​មិន​សម្របសម្រួល​អំពី​ការប្រើ​ឡើងវិញ​យន្តការ​មួយ​ដែល​អាម៉េរិក​មិន​ស្ថិតក្នុង​ឋានៈ​ជា​អ្នក​មាន​សិទ្ធិ​យក​​វា​មក​អនុវត្ត​ឡើង​វិញ​ផង​ក្រោយពី​ខ្លួន​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​នេះ​ជា​ឯ​តោ​ភាគី​។​វា​នឹង​បំផ្លាញ​ឯកភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​សេចក្តីថ្លៃថ្នូ​នៃ​ការសំរេចចិត្ត​របស់​ខ្លួន ហើយ​នឹង​បង្ក​​ហានិភ័យ​នៃ​ការកើនឡើង​ភាព​តានតឹង​នៅក្នុង​តំបន់​»​។​

​សូមបញ្ជាក់​ថា នៅ​ខែ​នេះ​រដ្ឋការ​លោក​ត្រាំ​និយាយថា​ខ្លួន​ចាប់ផ្តើម​អនុវត្ត​ទណ្ឌកម្ម​របស់​សហប្រជាជាតិ​ឡើងវិញ​ទាំងអស់​លើ​អ៊ីរ៉ង់​។ ទណ្ឌកម្ម​ស​ប្រជាជាតិ​ប្រឆាំង​អ៊ីរ៉ង់​ត្រូវ​បាន​លុបចោល​ក្រោយ​រដ្ឋាភិបាល​​ក្រុងតេអេ​រ៉ង់ ចុះ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​មួយ​ជាមួយ​មហាអំណាច​ពិភពលោក​នៅ​ឆ្នាំ​២០១៥ តែ​រដ្ឋាភិបាល​អាម៉េរិក​ក្រោម​រដ្ឋការ​លោក​ត្រាំ​បាន​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នេះ​តែ​ឯង​នៅ​ឆ្នាំ​២០១៨​ដោយ​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​មិន​គ្រប់គ្រាន់​សំរាប់​ដោះស្រាយ​កម្មវិធី​កាំជ្រួច​ផ្លោង​របស់​អ៊ីរ៉ង់ ឬ​បញ្ឈប់​អន្តរាគមន៍​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

​ទោះជា​យ៉ាងណា ក្នុង​កាយវិការ​ទោរទន់​តាម​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន លោក​ម៉ា​ក្រុង​បាន​និយាយថា ចាំបាច់​ត្រូវមាន​ក្រប​ខណ្ឌ​បន្ថែម ដើម្បី​ដោះស្រាយ​នឹង​កម្មវិធី​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​មាន​ប្រសិទ្ធភាព ។​

​លោក​ម៉ា​ក្រុង​នៅតែ​និយាយ​ទទូចថា បារាំង ជាមួយ​សម្ពន្ធមិត្ត​អឺរ៉ុប ដូចជា​អង់គ្លេស និង​អាឡឺម៉ង់ នឹង​រក្សា​ការទាមទារ​អោយមាន​ការអនុវត្ត​ពេញលេញ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​ប្រទេស​ទាំង​​នេះ​នឹង​មិន​ទទួលយក​ការរំលោភ​ប្រព្រឹត្ត​ដោយ​អ៊ីរ៉ង់​ឡើយ​៕​ប្រែ​សម្រួល​៖​វាសនា​

ម៉ា​ក្រុង​ប្រតិកម្ម​ទៅ​នឹង​ចំណាត់ការ​របស់​អាម៉េរិក​ក្នុង​សុន្ទរកថា​នៅ​សម័យប្រជុំ​លើក​ទី​៧៥​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម