រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៧ មកពិនិត្យសិក្សាបន្ថែម និងបញ្ចូលសេចក្តីព្រាងច្បាប់៩ ដែលបានសិក្សារួច ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ

168
ចែករម្លែក

ដោយៈសុផល/ភ្នំពេញៈ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ជាលទ្ធផលកិច្ចប្រជុំ បានទទួលយកសេចក្តីព្រាងច្បាប់៧ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យសិក្សាបន្ថែម ហើយបញ្ចូលសេចក្តីព្រាងច្បាប់៩ ដែលបានសិក្សារួច ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នាពេលខាងមុខ។

សេចក្តីព្រាងច្បាប់ចំនួន៧ដែលអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តប្រគល់ ទៅគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សារួមមាន៖១- សេចក្តីព្រាងច្បាប់ស្តីពី មូលបត្ររដ្ឋ។ ២- សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរ សេវា ហិរញ្ញវត្ថុមិនមែនធនាគារ។ ៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការវិនិយោគ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណឥណ្ឌា។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៦- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៧- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពី ការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។

ចំណែកសេចក្តីព្រាងច្បាប់ ចំនួន៩ ដែលគណៈកម្មការជំនាញបានពិនិត្យសិក្សារួចហើយ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ – កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ – កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម