មន្រ្តីជាន់ខ្ពស់នៃកម្ពុជាអះអាងថាការផ្លាស់ប្តូរតួនាទីនិងភារកិច្ចពិតជាចាំបាច់ក្នុងក្របខណ្ឌមន្រ្តីរាជការ

85
ចែករម្លែក

ដោយ:ពៅនិមល/ភ្នំពេញ: លោកមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្បុជា បានលើកឡើងថា ការផ្លាស់ប្តូរតួនាទី និងភារកិច្ច គឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងក្របខណ្ឌមន្រ្តីរាជការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងការងារក្នុងស្ថាប័នមួយ។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការកសាងស្ថាប័នរដ្ឋឲ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ទាមទារចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើធនធានមនុស្ស សំដៅលើកកម្ពស់សមត្ថភាព ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងពង្រឹងអភិបាលកិច្ច ហើយការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ឈានទៅធ្វើការប្រកួតប្រជែងជាលក្ខណអន្តរជាតិ ពិសេសក្នុងពេលដែលកម្ពុជាឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម (២០១៩- ២០២៣) និងជាពិសេសដើរទៅដល់គោលដៅ និងសម្រេចឲ្យបាននូវមហិច្ឆិតារបស់រដ្ឋាភិបាល លោករដ្ឋមន្ត្រីបានលើកយកចំណុចសំខាន់ៗជម្រាបជូនអង្គពិធីទាំងមូល និងមន្រ្តីដែលទើបតែងតាំងថ្មីដើម្បីជាគន្លឹះក្នុងការដឹកនាំ ការគ្រប់គ្រង បម្រើការ និងដោះស្រាយបញ្ហាដែលអាចកើតមានឡើងទាំងនៅមូលដ្ឋាន និងនៅអង្គភាពរបស់ខ្លួនផ្ទាល់ មានដូចជា៖ មន្រ្តីកសិកម្មត្រូវចុះមូលដ្ឋានដើម្បីអនុវត្តអនុសាសន៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល បម្រើ និងដោះស្រាយបញ្ហាប្រជាកសិករឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព គ្រប់កាលៈទេសៈ និងហេតុការណ៍ដែលកើតឡើងជាយថាហេតុក្នុងវិបត្តិនៃកូវីដ-១៩នេះ, បន្តផ្ទេរបច្ចេកទេសទំនើប ផ្សព្វផ្សាយពូជសត្វ ត្រី និងដំណាំសមស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និរន្តរភាព និងការប្រកួតប្រជែង ដើម្បីលើកកម្ពស់សមត្ថភាពផលិត ធានាបានបរិមាណ គុណភាព និងសុវត្ថិភាព។ ត្រូវបង្កើតឱ្យមានយន្តការផ្តល់ព័ត៌មានទីផ្សារកសិកម្ម ពង្រឹងការងារស្រាជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា ផែនការដាំដុះ ប្រមូលផល និងកែច្នៃជា មួយនឹងការបន្តពង្រឹងការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យ, ពិនិត្យឡើងវិញការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមាន: ប្រព័ន្ធស្រោចស្រប ផ្លូវ អគ្គិសនី អគាររដ្ឋបាល អគារស្នាក់នៅ អគារបណ្តុះបណ្តាល ឃ្លាំងស្តុកគ្រាប់ពូជ ជាពិសេសធនធានមនុស្សនៅតាមកសិដ្ឋាន ស្ថានីយពិសោធន៍ មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម សាកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្មទាំងអស់ ដើម្បីលើកកម្ពស់ ឬប្រែក្លាយកន្លែងទាំងអស់នោះទៅជាមជ្ឈមណ្ឌលឧត្តមភាពលើការងារស្រាវជ្រាវ បង្កាត់ រក្សា និងអភិរក្សាពូជដំណាំ ពូជ សត្វ ពូជត្រី ផលិតចំណី ស្រាវជ្រាវជំងឺ និងសត្វល្អិតចង្រៃ ដើម្បីធ្វើការផ្សព្វផ្សាយជូនប្រជាកសិករឲ្យយល់ដឹងបន្ថែម យកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសមស្រប និងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញលើរាល់កម្មវត្ថុនៃគម្រោងនានា ធ្វើយ៉ាងណាឲ្យសមស្របតាមស្ថានភាព និងសេចក្តីត្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករនៅមូលដ្ឋានក្នុងកាល: ទេស:នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងពិនិត្យឡើងវិញនូវគោលការណ៍នាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ ផលិតផលសត្វ ត្រី និងធាតុចូលកសិកម្មគ្រប់ប្រភេទ ធ្វើយ៉ាងណាចៀសវាងផលប៉ះពាល់ឬដាក់បន្ទុកបន្ថែមលើផលិតកម្មក្នុងស្រុក។ល។

នៅក្នុងអង្គពិធីនេះ លោករដ្ឋមន្រ្តី វេង សាខុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ដែលបានគិតគូ យកចិត្តទុកដាក់ និងឯកភាពតាមសំណើរបស់ក្រសួងដើម្បីតែងតាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមួយចំនួនទៀតក្នុងបំណងចូលរួមអភិវឌ្ឍវិស័យកសិកម្ម តាមរយ:ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងារនៅតាមអង្គភាពជំនាញនីមួយៗឲ្យកាន់តែល្អប្រសើរឡើង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម