អាន់​វ៉ា អះអាងថា​លោក​មាន​ការគាំទ្រ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល តែ​នាយករដ្ឋមន្ត្រី​ធ្វើ​ងើយ​

328
ចែករម្លែក

​មេដឹកនាំ​ប្រឆាំង​ម៉ាឡេស៊ី លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ទី​២៣​កញ្ញា​ថា លោក​មាន​ការគាំទ្រ​យ៉ាង​មាំ​ពី​សមាជិក​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ តែ​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង​​ហាក់​មិន​អើពើ​និង​បាន​រិះគន់​«​អំពើ​ខ្វាក់ភ្នែក​»​របស់​ជន​ដែល​សាប​ព្រួស​អស្ថិរភាព​។​

​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ធ្លាក់​ចូល​ក្នុង​ចលាចល​នយោបាយ​ចាប់តាំងពី​សម្ពន្ធភាព​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ និង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែល​បាន​ឈ្នះឆ្នោត​និង​ចូល​​កាន់​អំណាច​ភ្លាមៗ​នៅ​ឆ្នាំ​២០១៨ បាន​រលាយ​ទៅវិញ​កាលពី​ខែ​កុម្ភៈ ដោយសារ​ជម្លោះ​ដណ្តើម​អំណាច​គ្នា​។​

​លោក មូ​យីត​ឌីន យ៉ាស​ស៊ីន បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក្រោយ​ការដួលរលំ​សម្ពន្ធភាព​នេះ ក្រោម​ការគាំទ្រ​ពី​គណបក្ស​ដែល​ញាំញី​ដោយ​រឿងអាស្រូវ​ពុករលួយ ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​កាលពី​២​ឆ្នាំមុន តែ​ក្រុម​លោក​មាន​សម្លេង​ភាគច្រើន​តិចតួច​ក្នុង​សភា​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​ពុធ អ្នកនយោបាយ​ជើងចាស់ អាន់​វ៉ា បាន​និយាយថា ឥឡូវ​លោក​មាន​ការគាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​និង​បណ្តេញ​​លោក មូត​យីត​ឌីន​។​

​អតីត​អ្នក​រង់ចាំ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​យូរ​បំផុត​ក្នុង​លោក​វ័យ​៧៣​ឆ្នាំ​រូប​នេះ​(​អាន់​វ៉ា​)​បាន​និយាយថា​«​យើង​មាន​សម្លេង​ភាគច្រើន​រឹងមាំ​។​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​មូ​យីត​ឌីន​ដួលរលំ​​ហើយ​»​។​

​ទោះជា​យ៉ាងណា លោក​មិន​បាន​បញ្ចេញ​អោយដឹងថា សមាជិក​សភា​ប៉ុន្មាន​នាក់​គាំទ្រ​លោក ឬ​ក៏​គណបក្ស​ណា​ខ្លះ​រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ថ្មី​។​

​រដ្ឋាភិបាល​មួយ​ត្រូវការ​សម្លេង​គាំទ្រ​ពី​សមាជិក​សភា​យ៉ាងតិច​២២២​រូប​។​រីឯ ព្រះមហាក្សត្រ​មាន​អំណាច​តែងតាំង​នាយករដ្ឋមន្ត្រី​បើ​បេក្ខជន​ណា​ម្នាក់​អាច​បញ្ជាក់​ថា​ខ្លួន​មាន​សម្លេង​គាំទ្រ​គ្រប់​គ្រាប់​ក្នុង​​សភា​។​

​អាន់​វ៉ា បាន​និយាយថា លោក​បាន​ការអនុញ្ញាត​អោយ​ចូល​គាល់​ស្តេច​កាលពី​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា តែ​ត្រូវបាន​ពន្យារពេល​ទៅកាន់​ថ្ងៃ​មិន​កំណត់​មួយ ដោយសារ​ព្រះមហាក្សត្រ​ត្រូវ​ពិនិត្យ​ព្រះរាជសុខភាព​។​

​នៅពេល​អតីត​យុទ្ធ​មិត្ត​ក្លាយ​ជា​គូសត្រូវ​អះអាង​ដូច្នេះ លោកមូ​យីត​ឌីន​ហាក់​មិន​ភ្ញាក់ផ្អើល​និង​បាន​ចំណាយ​ពេល​ភាគច្រើន​នៅក្នុង​ការ​ថ្លែង​តាម​ទូរទស្សន៍​និយាយ​អំពី​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ដែល​រងគ្រោះ​​ពី​ជំងឺ​កូវី​ដ​១៩​។​

​ទោះជា​យ៉ាងណា នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា លោកនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​អោយ​ប្រជាជន​ម៉ាឡេស៊ី គាំទ្រ​រដ្ឋាភិបាល​របស់​លោក នៅ​ពេល​ប្រទេស​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​និង​សុខាភិបាល​។​លោក​បាន​​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​សុំអោយ​អ្នក​រាល់គ្នា​ច្រានចោល​អំពើ​ខ្វាក់ភ្នែក​របស់​អ្នកនយោបាយ​ខ្លះ ដែល​មាន​បំណង​ធ្វើអោយប៉ះពាល់​ស្ថិរភាព​នយោបាយ​និង​ផែនការ​សេដ្ឋកិច្ច​ជាតិ ដែល​កំពុង​ត្រូវ​អនុវត្ត​យ៉ាង​​ល្អ​នៅ​ពេល​នេះ​»​។​

​ចំណាត់ការ​របស់​អាន់​វ៉ា កើត​ឡើង​នៅ​មុន​ការបោះឆ្នោត​នា​ចុង​សប្តាហ៍​នេះ​សំរាប់​សភា​នៅក្នុង​រដ្ឋ​សា​បា ដែល​នឹង​ជា​ការ​ធ្វើតេស្តិ៍​ដ៏​សំខាន់​អំពី​ប្រជាប្រិយភា​ពនៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​។​

​រដ្ឋាភិបាល​របស់​លោកមូ​យីត​ឌីន មាន​ការលំបាក​ក្នុង​ការដឹកនាំ​ម៉ាឡេស៊ី​ឆ្លងកាត់​ពេលដែល​ប្រទេស​ជួប​ជំងឺឆ្លង​និង​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​ដើរ​ថយក្រោយ​យ៉ាង​អាក្រក់​បំផុត​ធៀប​នឹង​សកម្មភាព​សេដ្ឋ​​កិច្ច​នានា​នៅ​២០​ឆ្នាំ​មកនេះ​៕​ប្រែ​សម្រួល​៖​វាសនា

មេដឹកនាំ​ប្រឆាំង អាន់​វ៉ា អ៊ីប្រាហ៊ីម និយាយ​ក្នុង​សន្និសីទកាសែត​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃ​២៣​កញ្ញា​

ទីតាំងផ្សាយពាណិជ្ជកម្ម