ម៉ុង ប៊ុន​ណូ​រ៉ា ក្រោយ​បញ្ចប់​ជម្លោះ​ជាមួយ​ផលិតករ កំពុង​ងាក​មក​លើកតម្កើង​សម័យ​លង្វែក

224
ចែករម្លែក

ភ្នំពេញៈ​ក្រោយ​បញ្ចប់​ជម្លោះ​រឿង​លុយកាក់​ថ្លៃ​ថត​រឿង​ជាមួយ​ផលិតករ​ម្នាក់ រហូត​បង្ក​ការ ភ្ញាក់ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​រួចមក​តារា​សម្តែង​ប្រុស​លោក ម៉ុង ប៊ុន​ណូ​រ៉ា កំពុង​ងាក​មក​បង្ហាញ​សកម្មភាព​ថ្មី​ដោយ​លើកតម្កើង​ឈុត​បុរាណ សម័យ​លង្វែក ដើម្បី​ទទួល​ការគាំទ្រ​ពី​មហាជន​ខ្មែរ​ទូទៅ​។

លោក ម៉ុង ប៊ុន​ណូ​រ៉ា បាន​ប្រាប់​ឱ្យដឹងថា បើទោះបីជា​មិនមែនជា​លើកដំបូង ដែល​លោកបាន​គ្រង​សម្លៀកបំពាក់​បែប​បុរាណ​ខ្មែរ ប៉ុន្តែ​លើក​នេះ​លោក​ទទួលបាន​អារម្មណ៍​ថ្មី​ប្លែក មិន​ធ្លាប់មាន​ព្រោះតែ​សម្លៀកបំពាក់​ខ្មែរ​បុរាណ​ឈុត​នេះ​ច្នៃប្រឌិត​យ៉ាង​ប្រណីត និង​ស្រស់ ស្អាត​ជាខ្លាំង​។ លោក​បន្តថា ឈុត​នេះ​ត្រូវបាន​រចនា​តាម​ប្រពៃណី​នៃ​ការ​ស្លៀកពាក់​ដោយលោក Meak Koun ។

លោក​បាន​បញ្ជាក់ថា ក្រុមការងារ​ឈុត​បុរាណ​នេះ​បង្កើតឡើង​នៅ ខេត្តសៀមរាប​។ ក្រុម​ការ ងារ​មាន​សម្លៀកបំពាក់​គ្រប់​សម័យកាល ប៉ុន្តែ​លោក​ទើបនឹង​បញ្ចេញ​ឈុត​សម័យ​លង្វែក ក្រោយ​អ្នក​រចនា​បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ដើម្បី​រៀបចំ​ឲ្យ​មាន​ឈុត​ប្រណីត​នេះ​កើតចេញ​ជា​រូបរាង​ឡើង និង​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​កាន់តែច្បាស់​ពី​សិល្បៈ​វប្បធម៌ ប្រពៃណី​ពិសេស​សម្លៀកបំពាក់​ខ្មែរ​។

តារា​ប្រុស​រូប​សង្ហា​នេះ​បាន​និយាយថា ឈុត​ទាំងនេះ​ក៍​នឹងត្រូវ​ផ្តល់ជូន​សម្រាប់​អ្នកមាន ចំណាប់អារម្មណ៍​ចង់​ថត​ទុកជា​អនុស្សាវរីយ បាន​ផងដែរ​។ លោក​រំពឹងថា​ការចូល រួមចំណែក ផ្សព្វផ្សាយ និង​បង្ហាញ​ឈុត​ទាំងនេះ​របស់លោក​និង​ក្រុមការងារ​នឹង​ទទួលបាន​ការគាំទ្រ ច្រើន​ពី​មហាជន​ដើម្បី​លើកស្ទួយ​សិល្បៈ​វប្បធម៌​និង​អត្តសញ្ញាណ​ជាតិខ្មែរ​យើង​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម