ប្រមុខ​ការទូត​កម្ពុជា ប្រជុំ​វិភាគ វាយ​តម្លៃភាព​តានតឹង ដោយ​ការប្រកួតប្រជែង រវាង​មហាអំណាច​ធំៗ​

218
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញៈ
លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ ដោយមាន​ការចូលរួមពី​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់ របស់​ក្រសួង ធ្វើការ​វិភាគ វាយតម្លៃ សភាពការណ៍​តំបន់ និង​អន្តរជាតិ និង​ភាព​តានតឹង ប្រកបដោយ​គ្រោះថ្នាក់ ដែល​បង្កឡើងដោយ​ការប្រកួតប្រជែង រវាង​មហាអំណាច​ធំៗ និង​ត្រួតពិនិត្យ​ការងារ ពាក់កណ្តាល​ឆ្នាំ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងថាៈ កិច្ចប្រជុំ បានធ្វើ​ការវិភាគ វាយតម្លៃ​សភាពការណ៍​តំបន់ និង​អន្តរជាតិ ដែល​គ្របដណ្តប់ដោយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ មកលើ​វិស័យ​សុខាភិបាល សង្គមកិច្ច និង​សេដ្ឋកិច្ចពិភពលោក និង​ភាព​តានតឹង ប្រកបដោយ​គ្រោះថ្នាក់ ដែល​បង្កឡើងដោយ​ការប្រកួតប្រជែង រវាង​មហាអំណាច​ធំៗ​។ ផ្តើមចេញពី​ស្ថានការណ៍​នេះ អង្គប្រជុំ បានធ្វើការ​ពិភាក្សា ផ្លាស់ប្តូរ​ទស្សនៈ និង​កំណត់​ចេញនូវ​បន្ទាត់នយោបាយ វិធី និង​មធ្យោបាយ ដែល​ត្រូវ​ចាត់ទុកថា ប្រសើរ​បំផុត ដើម្បី​បន្ត​ការពារ ផលប្រយោជន៍ របស់​ប្រទេសជាតិ និង​ប្រជាជន​យើង ពោលគឺ​ការពារ​ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បង្កលក្ខណៈ​អនុគ្រោះ ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​

​ប្រមុខ​ការទូត​កម្ពុជា បាន​បន្តថាៈ កិច្ចប្រជុំ ក៏បាន​ត្រួត​ពិនិត្យឡើងវិញ នូវ​សមិទ្ធផល​ទាំងឡាយ ដែល​សម្រេចបាន ក្នុងការ​អនុវត្តន៍​ការងារ​ធំៗទាំង ៥ របស់​ក្រសួង ដោយ​ផ្ដោត​ការយកចិត្តទុកដាក់ ជាពិសេស​លើ​ការងារ កែ​ទម្រង់​ផ្ទៃក្នុងរស់​រវើក និង​ស៊ី​ជម្រៅ​។ ក្នុងន័យនេះ អង្គប្រជុំ បាន​រំលេច អំពី​ការ​ប្រឈម និង​កាលានុវត្តភាព បណ្តា​សម្ពាធ ទាំង​ក្នុង និង​ក្រៅ មកលើ​ការងារ​ប្រចាំថ្ងៃ និង​ពិភាក្សា រិះរក​ដំណោះស្រាយ​នានា ឆ្លើយតប​នឹង​ការ​ប្រឈម​ទាំងនោះ ដើម្បី​កែសម្រួល​បណ្ដា​ការងារ និង​អាទិភាព ឲ្យ​ស្រប​នឹង​ការវិវឌ្ឍន៍​បត់បែន នៃ​សភាពការណ៍ បន្ត​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​។​

​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​តំណាង​ស្ថាប័ន ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ក្នុងឋានៈ​ជា​ភ្ញៀវកិត្តិយស​៕/V/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម