តៃវ៉ាន់​អះអាងថា មាន​កាំជ្រួច​បាញ់​ដល់​មូលដ្ឋានទ័ព​ចិន​

307
ចែករម្លែក

​របាយការណ៍​សារព័ត៌មាន​ថ្មី​មួយ​មក​ពី​មូលដ្ឋាន​ទ័ពអាកាស​តៃវ៉ាន់​បាន​បញ្ចេញ​ឲ្យដឹងថា កងទ័ពអាកាស​របស់​តៃវ៉ាន់​កំពុង​ត្រៀម​ទុក​កាំជ្រួច​បណ្តែត​បាញ់​ពី​អាកាស​ទៅ​ដី​ដែល​អាច​វាយប្រហារ​ចិន​​ដីគោក​បាន​។​

​កាលពី​ថ្ងៃ​២២​កញ្ញា ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោកស្រី សាយ អ៊ីង​វេន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​មូលដ្ឋានទ័ព​អាកាស​ម៉ា​គុង​(Makung Air Force Base) នៅលើ​កម្រង​កោះ​ប៉េង​ហ្គូ ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។​​ក្នុងជំនួប​នេះ លោកស្រី​បាន​ស្វាគមន៍​ក្រុម​អាកាសយានិក​យន្តហោះ​ប្រយុទ្ធ​F-CK-1C/D​ជាច្រើន​នាក់​និង​បាន​អរគុណ​ពួកគេ​ដែល​បាន​ធ្វើ​ការងារ​បែប​ជា​វីរបុរស​នៅក្នុងការ​រារាំង​យន្តហោះ​យោធា​ចិន​មិន​​ឲ្យហោះ​កាត់​ខ្សែបន្ទាត់​កណ្តាល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ចុង​សប្តាហ៍​, នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត The Drive​។​

​ទោះជា​យ៉ាងណា ទូរទស្សន៍ Formosa TV​របស់​ក្រុង​តៃប៉ិះ ក៏​បាន​បង្ហាញឃ្លីប​វីដេអូ ដែល​បង្ហាញឲ្យឃើញ​សព្វាវុធ​នៅក្បែរៗ​នោះ រួម​មាន​កាំជ្រួច​បណ្តែត​Wan Chien(​ដាវ​រាប់ម៉ឺន​)​ដែល​ត្រូវ​បំពាក់​លើ​​យន្តហោះ​ប្រយុទ្ធ F-CK-1C/D​។​

​បើ​តាម​ក្រុមប្រឹក្សា​ផ្តល់យោបល់​មួយ​នៅ​អាម៉េរិក កាំជ្រួច​ផលិត​ក្នុងស្រុក​នេះ​អាច​ហោះ​បាន​ចម្ងាយ​១៥០​ម៉ៃល៍​(២៤១,៤​គីឡូម៉ែត្រ​) ដែល​ដាក់​ចិន​ដីគោក រួម​ទាំង​ទីក្រុង​សៀ​មិន ក្នុង​ចម្ងាយ​វាយប្រហារ​ដល់​។​

​កាំ​ជ្រួច​Wan Chien​ផលិត​នៅ​តៃវ៉ាន់​និង​កាំជ្រួច​ប្រឆាំង​នាវា​AGM-84 Harpoon​ផលិត​នៅ​អាម៉េរិក ត្រូវបាន​តាំង​បង្ហាញ​នៅ​មុខ​យន្តហោះ​ផលិត​ក្នុងស្រុក F-CK-1C/D​នៅ​មូលដ្ឋាន​ទ័ពអាកាស​ម៉ា​គុង​កាលពី​ថ្ងៃ​២២​កញ្ញា ឆ្នាំ​២០២០

​យន្តហោះ​ផលិត​ក្នុងស្រុក F-CK-1C/D ផ្ទុក​កាំជ្រួច​Wan Chien

​ពេល​ចុះ​ទៅ​ជួប​ទាហាន​អាកាស​នៅ​មូលដ្ឋាន​ទ័ពអាកាស​ម៉ា​គុង លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​អះអាងថា​តៃវ៉ាន់​នឹងមិន​អនុញ្ញាត​អោយ​យន្តហោះ​ចិន​ចេញចូល​ដែនអាកាស​តៃវ៉ាន់​ទៀត​ទេ​

​នៅជាប់​នឹង​កាំជ្រួច​បណ្តែត គឺ​កាំជ្រួច​ប្រឆាំង​នាវា​AGM-84 Harpoon ផលិត​នៅ​អាម៉េរិក ដែល​យន្តហោះ​តៃវ៉ាន់​តែង​បំពាក់​តាម​ខ្លួន​ជាប់​ក្នុង​សមយុទ្ធ​និង​ការហោះ​ល្បាត​នា​មួយ​រយៈពេល​ចុងក្រោយ​​នេះ​។​

​សូមបញ្ជាក់​ថា ចិន​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​បំបែក​ខ្លួន​មួយ​របស់​ខ្លួន​ចាប់តាំងពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(​ចិន​ប៉េកាំង​)​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៩​ពេល​កងទ័ព​ក្រហម​វាយ​បណ្តេញ​កង​​កម្លាំង​សាធារណរដ្ឋ​ទៅ​កាន់​កោះ​នេះ​ក្នុង​សង្គ្រាម​ស៊ីវិល​ចិន​។​ចិន​មិនដែល​ច្រាន​ចោល​ការប្រើ​កម្លាំងយោធា​ដើម្បី​ចាប់​យក​កោះ​នេះ​មក​នៅ​ក្រោម​ការ​គ្របគ្រង​របស់​ខ្លួន​ឡើយ​។​

​អាម៉េរិក​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្កើន​ការគាំទ្រ​អាជ្ញាធរ​តៃវ៉ាន់ ចំ​ពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​មាន​ជម្លោះ​នឹង​គ្នាច្រើន ចាប់តាំងពី​បញ្ហា​ពាណិជ្ជកម្ម​​បច្ចេកវិទ្យា ហុងកុង​និង​សមុទ្រ​ចិន​ខាងត្បូង​។​

​កិច្ចព្រមព្រៀង​ទិញ​លក់​សព្វាវុធ​ធំ​២ រវាង​អាម៉េរិក​និង​កោះ​តៃវ៉ាន់ ត្រូវបាន​ចុះហត្ថលេខា​ឬ​ស្នើឡើង​នៅពេល​២​ឆ្នាំ​មកនេះ ។​កិច្ចព្រមព្រៀង​ឬ​សំណើ​នេះ​រួម​មាន​ការទិញ​យន្តហោះ​ប្រយុទ្ធ​F-16V “Viper” ​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​AGM-84H/K SLAM-ER​និង​យន្តហោះ​យកការណ៍​និង​ប្រយុទ្ធ MQ-8B Reaper ។​

​ក្នុងពេល​ជាមួយគ្នា ចិន​ប៉េកាំង​បង្កើន​ការ​ល្បាត​ក្នុង​អា​កាស​និង​លើ​ទឹក​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។​គ្រាន់​តែ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​យន្តហោះ​នៃ​កងទ័ពអាកាស​ចិន​ចំនួន​៣៧​គ្រឿង​បាន​ហោះ​ឆ្លង​ហួស​​អ្វី​ដែល​តៃវ៉ាន់​អះអាងថា​«​ខ្សែបន្ទាត់​កណ្តាល​»​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​អាជ្ញាធរ​ក្រុង​តៃប៉ិះ​អះអាង​ថា​វា​កំណត់​ព្រំដែន​រវាង​ចិនដីគោក​និង​កោះ​តៃវ៉ាន់​។​ទោះជា​យ៉ាងណា​ទាំង​អាកាសយានិក​ចិន​និង​​ក្រសួងការបរទេស​ចិន​បាន​និយាយថា នៅ​ច្រក​សមុទ្រ​នេះ​មិន​មាន​ខ្សែ​កណ្តាល​ដូច​តៃវ៉ាន់​អះអាង​នោះ​ទេ​។​

​ក្រោយ​ចិន​បញ្ជូន​យន្តហោះ​ចូល​កាន់តែ​កៀក​ដូច្នេះ ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា​ខ្លួន​«​មាន​សិទ្ធិ​ការពារ​ខ្លួន​និង​វាយបក​» ទោះ​ជា​យន្តហោះ​ចិន​មិន​បាន​រំលោភ​បូរណភាព​ទឹកដី​របស់​តៃ​វ៉ាន់ក្តី​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​វ៉ាង វេន​ប៊ីន បាន​ច្រាន​ចោល​ការតវ៉ា​របស់​តៃវ៉ាន់ ដោយ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា «​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។​អ្វី​ដែល​ហៅថា​ខ្សែ​កណ្តាល​​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ​មិនមាន​ទេ​»៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម