ថៃ​ចាប់ផ្តើម​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង ក្រុមហ៊ុន​ហ្វេ​សប៊ុក ហ្គូ​ហ្គោល និង ធ្វី​តធ័​រ ចំពោះ​ខ្លឹមសារ​លើ​បណ្តាញ​សង្គម​

292
ចែករម្លែក

ក្រសួង​ឌីជីថល​ថៃ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី ២៣ ខែកញ្ញា​ថា​ខ្លួន​នឹង​ចាប់ផ្តើម​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ក្រុមហ៊ុន ហ្វេ​សប៊ុក​(Facebook)​ធ្វី​តធ័​រ​(Twitter ) និង ហ្គូ​ហ្គោល​(Google) នៅ​សប្តាហ៍​នេះ ​ចំពោះ​ការ​មិន​អើពើ​នឹង​សំណូមពរ​មួយ​ចំនួន​ដើម្បី​ឱ្យ​ដក​ខ្លឹមសារ​សរសេរ​បង្ហោះ​មួយចំនួន នៅក្នុង​អ្វី​ដែល​ជា​ករណី​តវ៉ា​ជា​លើកដំបូង​របស់​ប្រទេស​នេះ ប្រឆាំង​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណែ​ត​ដ៏​ធំៗ​នេះ​។​

​រដ្ឋមន្ត្រី​នៃ​ក្រសួង​ឌីជីថល​ថៃ លោក ពុត​ទី​ពង់ ពុន​ណា​កាន់​តា បាន​និយាយថា​ក្រសួង​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​ប្រឆាំង​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺ​ណែ​ត នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែ​កញ្ញា បន្ទាប់ពី​ក្រុមហ៊ុន​​អាម៉េរិក​ទាំងនោះ​បាន​ខ​ក​ខាន​ចំពោះ​ការ​កំណត់​ពេលវេលា​ដើម្បី​គោរព​តាម​បទបញ្ជា​តុលាការ​ថៃ​ឱ្យ​ដក​ចេញ​ខ្លឹម​ស្លារ​មួយចំនួន​។​

​លោក បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា “​យើង​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ទាំងនោះ ហើយ​បាន​ធ្វើ​ការព្រមាន​ដល់​ក្រុមហ៊ុន​ទាំង​នោះ​ចំនួន​២​ដង​មក​ហើយ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​​អនុវត្ត​តាម​រាល់​សំណើ​ទាំងអស់​នោះ​ទេ​”​។​

​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ខ្លឹមសារ​នោះ​ឬ​ច្បាប់​អ្វី ដែល​ត្រូវបាន​រំលោភ​នោះ​ទេ ។ អ្នក​តំណាង​ក្រុមហ៊ុន​ទាំង​៣​នេះ មិន​អាច​ស្នើសុំ​ដើម្បី​ធ្វើ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ទាំងនេះ​បាន​ភ្លាមៗ​ទេ​។​

​លោក​បាន​និយាយថា​ក្រសួង​ក៏​នឹង​ដាក់​ពាក្យបណ្តឹង​ដាច់ដោយឡែក​ពីគ្នា​ប្រឆាំង​មនុស្ស ១០ នាក់​ដែល​ក្រសួង​នេះ​បាន​និយាយថា​បាន​រិះគន់​របបរាជានិយម​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុងអំឡុង​​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​មួយ កាលពី​ចុង​សប្តាហ៍​។​

​ប្រទេស​ថៃ​មានច្បាប់​ប្រឆាំង​ការប្រមាថ​ព្រះមហាក្សត្រ​យ៉ាង​តឹងរឹង ដែល​ហាម​ការប្រមាថ​ព្រះមហាក្សត្រ របប​រាជានិយម​និង​សែ​រាជវង្ស​។ ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​ថៃ​ក៏​ត្រូវបាន​ប្រើ​ដើម្បី​ដាក់ទោស​លើ​​ការរិះគន់​តាម​ប្រព័ន្ធ​អន​ឡាញ​ចំពោះ​រាជវង្ស​ផងដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រដ្ឋមន្ត្រី​​ក្រសួង​ឌីជីថល​ថៃ លោក​ពុត​ទី​ពង់ ពុន​ណា​កាន់​តា​

ទីតាំងផ្សាយពាណិជ្ជកម្ម