កំពូលតារាបូលីវូដនាង ឌីពីកា ប៉ាឌូកូណេ ត្រូវប៉ូលិសហៅទៅសួរនាំរឿងគ្រឿងញៀននៅក្នុងការស៊ើបអង្កេតករណីធ្វើអត្តឃាតរបស់លោកស៊ូសាន ស៊ីង រាជបុត្រ

176
ចែករម្លែក

ប៉ូលិសឥណ្ឌាបាននិយាយនៅល្ងាចថ្ងៃពុធទី២៣កញ្ញាថា កំពូលតារាសម្តែងបូលីវូដនាង ឌីពីកា ប៉ាឌូកូណេ ត្រូវបានកោះហៅមកសាកសួរ ជាផ្នែកមួយនៃការស៊ើបអង្កេតគ្រឿងញៀនជុំវិញការធ្វើអត្តឃាតរបស់តារាសម្តែង ស៊ូសាន ស៊ីង រាជបុត្រ។

ការស៊ើបអង្កេតនេះបាននាំទៅដល់ការចាប់ខ្លួនតារាសម្តែងនាង រី ចក្រាបូទី រួចទៅហើយដោយគេចោទប្រកាន់ថាបានទិញថ្នាំញៀនឱ្យលោករាជបុត្រ ជាអតីតមិត្តប្រុសរបស់នាង ដែលគេប្រទះឃើញស្លាប់កាលពីខែមិថុនានៅក្នុងផ្ទះល្វែងរបស់គាត់ ដោយប៉ូលិសបាននិយាយថាគាត់បានសម្លាប់ខ្លួន។

ការធ្វើអត្តឃាតរបស់រាជបុត្រអាយុ ៣៤ ឆ្នាំ ដែលសម្តែងក្នុងភាពយន្តល្បីៗរាប់មិនអស់ បានបង្កឱ្យមានការជជែកវែកញែកអំពីសុខភាពផ្លូវចិត្តនៅក្នុងឧស្សាហកម្មភាពយន្តតម្លៃរាប់ពាន់លានដុល្លារនេះ។

ប៉ុន្តែក្រុមគ្រួសាររបស់គាត់បានជំទាស់នឹងរបាយការណ៍ដែលថាគាត់មានជំងឺបាក់ទឹកចិត្តហើយបានចោទប្រកាន់នាងចក្រាបូទីអាយុ ២៨ ឆ្នាំពីបទលួចលុយរបស់គាត់និងយាយីគាត់។ នាងបានបដិសេធដាច់ខាតចំពោះការចោទប្រកាន់នេះ។

មរណភាពរបស់រាជបុត្របានបង្កឱ្យមានព្យុះបោកបក់ខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌា កន្លែងដែលមានការអំពាវនាវច្រើនឡើងដើម្បីជំរុញឱ្យមានការស៊ើបអង្កេតកាន់តែទូលំទូលាយទៅលើអ្វីដែលគេហៅថា “ក្រុមម៉ាហ្វីយ៉ាគ្រឿងញៀន” របស់បូលីវូដ ដោយបណ្តាញទូរទស្សន៍ជាច្រើនបានប៉ាន់ស្មានថា នាងចក្រាបូទីជាអ្នករុញលោករាជបុត្រឱ្យឈានដល់ដំណាក់កាលធ្វើអត្តឃាត ដោយការទិញកញ្ឆាឱ្យគាត់ជក់។

ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌាគឺការិយាល័យស៊ើបអង្កេតមជ្ឈិមបាននិងកំពុងស៊ើបអង្កេតការស្លាប់របស់គាត់ចាប់តាំងពីខែមុន។ ការិយាល័យត្រួតពិនិត្យគ្រឿងញៀន (NCB) ក៏កំពុងពិនិត្យមើលការប្រើប្រាស់កញ្ឆារបស់គាត់ផងដែរ។

កាលពីដើមសប្តាហ៍នេះប៉ុស្តិ៍ទូរទស្សន៍ TimesNow បានផ្សាយផ្នែកនៃការសន្ទនាតាម WhatsApp អំពីការទិញកញ្ឆារវាងនាងប៉ាឌូកូណេនិងអ្នកចាត់ការទូទៅរបស់នាង។

លោកខេភីអេស ម៉ាល់ហូត្រា នាយករង NCB បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា NBC បានកោះហៅនាងប៉ាឌូកូណេក៏ដូចជាតារាសម្តែងស្រីបីនាក់ទៀត គឺនាងសារ៉ា អាលីខាន់ នាងស្រាដា កាពួ និងនាងរ៉ាគុល ព្រីតស៊ីង សម្រាប់ការសាកសួរ។

ប៉ូលិសក៏បានឃុំខ្លួនមនុស្សមួយចំនួនរួចជាស្រេចទាក់ទិននឹងករណីនេះផងដែរ រួមមានប្អូនប្រុសរបស់នាងចក្រាបូទី និង សមាជិកបុគ្គលិកផ្ទះរបស់លោករាជបុត្រ៕ ដោយ ៖ កញ្ញាដាលីស

កំពូលតារាបូលីវូដនាង ឌីពីកា ប៉ាឌូកូណេ
លោកស៊ូសាន ស៊ីង រាជបុត្រ ធ្វើអត្តឃាតកាលពីខែមិថុនា

ទីតាំងផ្សាយពាណិជ្ជកម្ម