ក្រសួងសុខាភិបាល​ណែនាំ ៤ ចំណុច​ក្នុងការ​លើកកម្ពស់​បំបៅ​ដោះ​ម្តាយ​ដល់​កូន​

120
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ បាន​លើក​ឡើ​ថា ថ្មីៗ​នេះ​ក្រសួងសុខាភិបាល បាន​សង្កេតឃើញថា មាន​ម្តាយ​មួយចំនួន បាន​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព​កូនៗ​របស់​ពួកគាត់ បន្ទាប់ពី​បាន​បំបៅ​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត ។ ក្នុងចំណោម​ម្តាយ​ទាំងនោះ មាន​ម្តាយ​មួយចំនួន​បានបញ្ជាក់​ថា​កូនៗ​របស់​ពួកគាត់ មាន​បញ្ហា​ស្លេកស្លាំង បន្ទាប់ពី​បាន​បំបៅ​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត រួចមក ហើយ​លទ្ធផល​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បាន​បញ្ចា​ក់ថា កូន​របស់គាត់​មាន​បញ្ហា​កង្វះ​ជាតិ​ដែក ។​


​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា ក្រសួងសុខាភិបាល​សូម​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​កំពុងធ្វើការ​ផ្នែក គាំពារ​មាតា និង ទារក ត្រូវ ៖


១. បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ ដើម្បី ធានា​ឱ្យបាន​នូវ​អាហារូបត្ថម្ភ​ល្អ សម្រាប់​មាតា និង កុមារ ក្នុងនោះ​ការ​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ គឺជា​ការវិនិយោគ​ដ៏​ប្រសើរ​បំផុត ដើម្បី កាត់បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កុមារ ។​


២. បង្កើន​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សារសំខាន់ នៃ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង ហានិភ័យ​ការ​បំបៅកូន​ដោយ​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត ទាំង​នៅ​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ រួមទាំង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង ឯកជន ។​


៣. ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង ឯកជន បណ្តាញ​ព័ត៌មាន​សង្គម ត្រូវ​បន្ត​ផ្សព្វផ្សាយ និង បង្កើត​កម្មវិធី​ផ្សេងៗ​ឱ្យ​សកម្ម ពាក់ព័ន្ធ​នឹង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ប្រកបដោយ​អត្ថន័យ និង ខ្លឹមសារ​អប់រំ​ខ្ពស់ ។​


៤. បន្ត​ការពង្រឹង​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​អនុក្រឹត្យ​លេខ ១៣៣ ចុះ​ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង កុមារ និង ប្រកាស​រួម​អន្តរក្រសួង​លេខ ០៦១ ចុះ​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០០៧ ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​លេខ ១៣៣ ។​


​តាមរយៈ​សេចក្តីប្រកាស និង ការណែនាំ​ខាងលើនេះ គឺជា​ការបញ្ជាក់​ឱ្យឃើញ​អំពី​ក្តីបារម្ភ​របស់​ក្រសួងសុខាភិបាល ( ក៏ដូចជា​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​គាំពារ​មាតា និង ទារក ) ចំពោះ​បញ្ហា​សុខភាព និង ការលូតលាស់​របស់​ទា​រក និង កុមារ នៅ កម្ពុជា ។​


​ត្រូវបាន​រកឃើញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​បំបៅ​ដោះ​ម្តាយ​ដល់​កូន បាន​ថយចុះ​គួរឱ្យ​បារម្ភ ហើយ​បែរជា​កើនឡើង​នូវ​ការ​បំបៅកូន​ដោយ​ផលិតផល​ជំនួស​ផ្សេងៗ​ដូចជា​ម្សៅ​ទឹកដោះគោ​ជាដើម ហើយ​ប្រការនេះ ត្រូវបាន​អ្នកពាក់ព័ន្ធ​អះអាងថា ដោយ​កត្តា​មួយចំនួន ដូចជា​ការអនុវត្ត​ច្បាប់ ( អនុក្រឹត្យ ១៣៣ ជាដើម ) នៅមានកម្រិត បណ្តាលឱ្យ​ការផ្សព្វផ្សាយ​លក់​ផលិត​ចិញ្ចឹម​ទារក និង កុមារ ( ដូចជា​ម្សៅ​ទឹកដោះគោ ជាដើម ) ត្រូវបាន​ធ្វើឡើង​យ៉ាង​គគ្រឹកគគ្រេង និង បំផ្លើស​ហួស​ពី​ការណ៍​ពិត បណ្តាលឱ្យមាន​ការយល់​ច្រឡំ​របស់​មាតាបិតា​អាណាព្យាបាល អំពី​គុណប្រយោជន៍ នៃ ផលិតផល​ទាំងនោះ ។​


​ក៏​នៅមាន​កត្តា​មួយចំនួនទៀត ដូចជា​កត្តាសេដ្ឋកិច្ច និង សង្គម ជាដើម ដែល​ធ្វើឱ្យ​ស្ត្រី​ជា​ម្តាយ​មានការ​ងារ និង រវល់​ច្រើនជាង​មុន ខណៈ​ស្ត្រី​ជា​ម្តាយ​ខ្លះ​យល់ច្រឡំ​ថា ការ​បំបៅកូន​ដោយ​ទឹកដោះ​របស់គាត់ ( ម្តាយ ) គឺជា​ភាពមិន​ស៊ី​វិ​ល័យ មិនទាន់​សម័យ និង ធ្វើឱ្យ​គាត់ ( ម្តាយ ) ឆាប់​ធ្លាក់​សម្រស់ ( ដូចជា​ខូច​សម្រស់​សុដន ជាដើម ) ខណៈ​អ្នកខ្លះ​យល់ ( តាម​ការផ្សព្វផ្សាយ​លក់ ) ថា ការចិញ្ចឹម​កូន​ដោយ ផលិតផល​ជំនួស ដូចជា​ម្សៅ​ទឹកដោះគោ​ជាដើម គឺជា​ភាព​ស៊ី​វិ​ល័យ ភាពទាន់សម័យ ជាពិសេស​ធ្វើឱ្យ​កុមារ​មាន​សុខភាព​ល្អ រឹងមាំ និង ឆ្លាត​វាងវៃ ជាដើម ។​


​ហេតុនេះ​ក្រសួងសុខាភិបាល​បញ្ជាក់​ឡើងវិញ​ថា ភស្តុតាង​វិទ្យាសាស្ត្រ បានបង្ហាញ​ច្បាស់​ថា ទឹកដោះ​ម្តាយ​គឺជា​អាហារ ដ៏​ល្អ​ឥត​ខ្ជោះ​សម្រាប់​ទារក និង កុមារ នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ គ្មាន​ផលិតផល​ណាមួយ រួមទាំង​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ផង ( នេះ​មិនទាន់​គិតដល់​ម្សៅ​ទឹកដោះគោ ដែល​ផ្សំ​មិនបាន​ត្រឹមត្រូវ​តាម​រូបមន្ត​នៅឡើយ​ទេ ) ដែល​ល្អប្រសើរ​ជាង ( សូម្បីតែ​ស្មើ ក៏​មិនបាន​ផង ) ទឹកដោះ​ម្តាយ​ឡើយ ។​


​ការ​បំបៅកូន​ដោយ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ រួមទាំង​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ផង អាច​បង្ក​ហានិភ័យ​ជាច្រើន​ចំពោះ​កុមារ ដូចជា ៖ ជំងឺរាក ជំងឺ​សួត ជំងឺហឺត ព​ន្ទុ​ភាព​ឆ្លាត​វៃ​ចុះខ្សោយ ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង បញ្ហា​លើស​ទម្ងន់ និង ធាត់​ជ្រុល​ជាដើម ៕ Kh

ប្រសិនបើ​អ្នក​គិតថា ការ​បំបៅកូន​ដោយ​ផលិតផល​ជំនួស ដូចជា​ម្សៅ​ទឹកដោះគោ ជាដើម គឺជា​ភាពទាន់សម័យ ធ្វើឱ្យ​កូន​មាន​សុខ​ភាពល្អ និង ឆ្លាត​វៃ​ជាង​ការ​បំបៅ​ដោះ​ម្តាយ​នោះ អ្នក​គួរ​សិក្សា និង ពិ​ក​ចារណា​ឡើងវិញ ( រូបៈ អ៊ី​ន​ធឺ​ណេ​ត )

ទីតាំងផ្សាយពាណិជ្ជកម្ម