​សម្តេច​តេ​ជោ ហ៊ុន សែន​៖​អរគុណរុស្ស៊ី​ដែល​បាន​ជួយ​កម្ពុជា​តាំងពី​ទសវត្ស​រិ៍​៨០ ជួយ​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា​រហូតមកដល់​ថ្ងៃ​នេះ

217
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក អាណា​តូ​លី បូ​រ៉ូ​វី​ក (ANATOLY BOROVIK)​ទូត​ថ្មី របស់​សហព័ន្ធរុស្ស៊ី ចូលជួប​សម្ដែង​ការគួរសម និងពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ២៤ ខែកញ្ញា​២០២០ ។​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណរ​ស្ស៊ី​ដែល​បាន​ជួយ​កម្ពុជា​តាំងពី​ទសវត្ស​រិ៍​៨០ ជួយ​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា​រហូតមកដល់​ថ្ងៃនេះ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្រោយ​ជំនួប​នោះ​ថា​៖​លោក អាណា​តូ​លី បូ​រ៉ូ​វី​ក បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់លោក​ប្រធានាធិបតីរ​ស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន​។ លោក បូ​រ៉ូ​វី​ក ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​រុស្សី​ដែលជា​ទំនាក់ទំនងដ៏​ល្អ​ដែលមាន​លក្ខណៈ​ជា​ដៃគូ​ជា​យូរអង្វែង​មកហើយ ។​លោក​បន្តថា ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​រយៈពេល​៦៤ ឆ្នាំ​មកហើយ ​ហើយ​ឆ្នាំក្រោយ​គឺជា​ទំនាក់ទំនង ខួប​លើក​ទី​៦៥ នៃ​ប្រទេស​ទាំងពីរ លោក​នឹង​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ឲ្យបាន​ច្រើន​ដើម្បី​ចូលរួម​អបអរ​នូវ​ទំនាក់ទំនង​ការទូត​ខួប​ទី​៦៥​រវាង​កម្ពុជា​និង​រុស្ស៊ី ។ ជាមួយគ្នា នេះដែរ​លោក អាណា​តូ​លី បូ​រ៉ូ​វី​ក ក៏បាន​ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពីលទ្ធភាព​ក្នុងការ​ពង្រឹងពង្រីក​មិត្តភាព​នេះ​និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នេះ​ឲ្យ​មាន​ការរីក​កាន់តែខ្លាំង​ឡើង​,​រឹងមាំ​កាន់តែខ្លាំង​ឡើង​,​ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​,​វិស័យសេដ្ឋកិច្ច​,​វិស័យ​ពាណិជ្ជកម្ម​,​វិស័យ​វប្បធម៌​,​វិស័យ​ការទូត ក៏ដូចជា​វិស័យ​ដទៃទៀត​ផងដែរ ។​

​លោក បូ​រ៉ូ​វី​ក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​ចំណាយពេល​ក្នុង​ថ្ងៃ​ខួប​ទី ២៧ នៃ​ការប្រកាស​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ហើយ​នេះ​គឺជា​ពេល​ដ៏​វិ​សេល​វិសាល មួយ ។ លោក បូ​រ៉ូ​វី​ក ក៏បាន​ឆ្លៀតពេល​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​លោក​បាន​មកកាន់​កម្ពុជា​តាំងពី​ឆ្នាំ ១៩៨៤ បម្រើ​ការងារ​ជា​អនុព័ន្ធយោធា​របស់​ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ​កម្ពុជា​ដោយបាន​ចំណាយពេល ៨​ឆ្នាំ​នៅ​កម្ពុជា​ដើម្បី​បម្រើ​ការងារ​ការទូត​ហើយ​លោក​មាន​អារម្មណ៍​ថា​លោក​ដូចជា​សាក្សី​នៃ​ដំណើរ​វិវឌ្ឍន៍​របស់​ក​ម្ពុ​ជា និង​ទំនាក់ទំនង​របស់​កម្ពុជា​រុស្ស៊ី​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​និង​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លោក អាណា​តូ​លី បូ​រ៉ូ​វិក​(Anatoly BOROVIK)​ដែល​ត្រូវបាន តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្ដេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​អំពី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​បាន​ជូន​សព្វ​សាធុការពរ​ជូន​សម្ដេច​តេ​ជោ​។​សម្ដេច​តេ​ជោ​បាន​យល់ស្រប​ជាមួយនឹង​អ្វីដែល​លោក បូ​រ៉ូ​វិក បានលើកឡើង​ស្ដីអំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​រុស្ស៊ី ។ សម្ដេច​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​រុស្ស៊ី​ក៏ដូចជា​ប្រជាជន​រុស្ស៊ី​ដែរ​ដែល​បានជួយ​កម្ពុជា​កន្លងមក​ជាពិសេស​នៅក្នុង​ទសវត្សរ៍ ៨០ ដែល​កម្ពុជា​នៅពេលនោះ​កំពុង​ជួប​នូវ​ការពិបាក​យ៉ាងច្រើន​បន្ទាប់ពី​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ សម្ដេច​ក៏បាន​មានប្រសាសន៍​បន្ត​ដែរ​ថា​ជំនួយ​របស់​រុស្ស៊ី​ពេលនោះ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការស្វែងរក​សុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ​របស់​ក​ម្ពុ​ជា​ជាពិសេស​ការ ផ្ដល់ជំនួយ​លើ​វិស័យ​អប់រំ​ដែល​វិស័យ​នោះបាន​នាំមក​នូវ​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​បម្រើការ​ងារ​នៅ​កម្ពុជា សម្រាប់​ជួយ​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា​រហូតមកដល់​ថ្ងៃនេះ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​រុស្ស៊ី​ផងដែរ​ដែល​បាន​រកឃើញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ , សម្ដេច​បាន​មានប្រសាសន៍ថា ​ការរក ឃើញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​នេះ​នឹង​អាចជួយ​ដល់​ពិភពលោក​យើង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វី​ដដែល​កំពុងតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ក៏ដូចជា​ទំនាក់ទំនង​ពិភពលោក​មានការ​ធ្លាក់ចុះ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម