ថៅកែទឹកសុទ្ធលោកចុង សានសាន រុញទម្លាក់លោកជែក ម៉ាទៅលេខ២ ដើម្បីក្លាយជាមហាសេដ្ឋីផុតលេខរបស់ចិន

421
ចែករម្លែក

មហាសេដ្ឋីទឹកសុទ្ធនិងវ៉ាក់សាំងម្នាក់បានក្លាយជាអ្នកមានបំផុតរបស់ចិននៅក្នុងថ្ងៃ ដែលត្រូវបានកត់សម្គាល់ដោយការខាតបង់យ៉ាងខ្លាំងក្នុងចំណោមឥស្សរជនបច្ចេកវិជ្ជា។

យោងតាមសន្ទស្សន៍មហាសេដ្ឋីប៊្លូមបឺកបានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោកចុង សានសាន បានកើនដល់ ៥៨,៧ ពាន់លានដុល្លារអាម៉េរិកកាលពីថ្ងៃពុធ (២៣ កញ្ញា) ពោលគឺច្រើនជាងលោកជែក ម៉ា ២ ពាន់លានដុល្លារ។

បច្ចុប្បន្នលោកចុងគឺជាអ្នកមានបំផុតលំដាប់ទី ២ នៅអាស៊ីនៅពីក្រោយមហាសេដ្ឋីឥណ្ឌាលោក មូកេស អាំបានី និង ជាអ្នកមានជាងគេទី ១៧ នៅពីលើពិភពលោក។

លោកចុងមានឈ្មោះក្រៅហៅថា “ចចកឯកោ” សម្រាប់ការដកខ្លួនឆ្ងាយចេញពីឆាកនយោបាយនិងក្រុមជំនួញជាលក្ខណៈក្លឹបរបស់គាត់។ ទ្រព្យសម្បត្តិរបស់លោកចុងបានកើនឡើងជិត ៥២ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២០ គឺច្រើនជាងនរណាៗទាំងអស់នៅលើពិភពលោកលើកលែងតែលោកជេហ្វ បេហ្សូស នាយកក្រុមហ៊ុន Amazon.com និងលោក អេឡុន ម៉ាស នាយកក្រុមហ៊ុន Tesla Inc ។

មហាសេដ្ឋីអាម៉េរិកទាំងពីរនាក់នេះបានធ្លាក់ចុះទ្រព្យសម្បត្តិយ៉ាងខ្លាំងកាលពីថ្ងៃពុធដោយសារភាគហ៊ុនបច្ចេកវិជ្ជាបានធ្លាក់ចុះ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានធ្លាក់ចុះដែរ បន្ទាប់ពីព្រឹត្តិការណ៍ “ទិវាថាមពលអាគុយ” ប្រព្រឹត្តទៅមិនដូចការរំពឹងទុក។

ទ្រព្យសម្បត្តិរបស់លោកម៉ាសបានធ្លាក់ចុះជិត ១០ ពាន់លានដុល្លារ។

ការលក់សន្លឹកហ៊ុនជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុនទឹកសុទ្ធដប Nongfu Spring Co ដែលបានក្លាយជាក្រុមហ៊ុនពេញនិយមបំផុតក្នុងចំណោមវិនិយោគិននៅហុងកុង បានរុញលោកចុងឱ្យក្លាយជាអ្នកមានជាងគេបំផុតទាំងបីរបស់ចិនកាលពីដើមខែនេះ។

កំណើនទ្រព្យសម្បត្តិនេះបានកើតឡើងបន្ទាប់ពីការចុះបញ្ជីក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំង Beijing Wantai Biological Pharmacy Enterprise Co នៅផ្សារហ៊ុនហុងកុង បានធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់កើនថែម ២០ ពាន់លានដុល្លារទៀតនៅដើមខែសីហា។

ឥឡូវនេះលោកចុងនាំមុខគេលើចំណាត់ថ្នាក់ទ្រព្យសម្បត្តិនៅក្នុងប្រទេសចិន ដែលជាទូទៅត្រូវបានគ្របដណ្តប់ដោយមនុស្សដែលរកលុយបានពីក្រុមហ៊ុនបច្ចេកវិជ្ជា៕ ដោយ ៖ កញ្ញាដាលីស

លោកម៉ាធ្លាក់មកលេខ២ ចំណែកលោកចុងឡើងមកលេខ១ មហាសេដ្ឋីចិន

ទីតាំងផ្សាយពាណិជ្ជកម្ម