ចាប់ផ្តើមស្ថាបនាប្រព័ន្ធលូថ្មី ជំនួសលូចាស់ ដែលបាក់ស្រុត នៅសួនច្បារ ក្រុងកំពង់ចាម

125
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានចាប់ផ្តើមស្ថាបនា ប្រព័ន្ធលូថ្មី ប្រវែង ៨០ ម៉ែត្រ ជំនួសប្រព័ន្ធលូចាស់ ដែលបានបាក់ស្រុតសួនច្បារ នៅចំណុចលូ បង្ហូរទឹកកខ្វក់ ចេញពីក្រុងកំពង់ចាម កាលពីសប្តាហ៍ កន្លងទៅ។

លោក និល ប៊ុនលី ប្រធានការដ្ឋានសំណង់ ខាងលើ បានប្រាប់កាសែតរស្មីកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញាថាៈ ករណីស្ថានភាពទឹកទន្លេមេគង្គ មានលក្ខណៈអំណោយផល គឺស្រកចុះផុតច្រាំង ក្នុងរង្វង់ខែតុលា ខាងមុខនេះ យើងនឹងស្ថាបនាប្រព័ន្ធលូថ្មី ហើយរួចរាល់ចន្លោះ ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០។

លោកប្រធានការដ្ឋាន បានឱ្យដឹងទៀតថាៈ នៅចំពោះមុខ យើងកំពុងដំណើរការ សង់ផ្លូវចុះច្រាំង និងបង្ហូរទឹកចេញ ដើម្បីស្រង់យកម៉ូតូមួយគ្រឿង ដែលបានធ្លាក់ចូល ។ បន្ទាប់មក យើងកាយជីកឱ្យដល់បាតលូចាស់ ដែលមានជម្រៅ ប្រមាណ បួនម៉ែត្រ និងបុកគ្រឹះការពារ បាក់ស្រុតបន្តទៀត។

លោក ប៊ុនលី បានបន្តថាៈ ដើម្បីធានាគុណភាពសំណង់ គឺយើងចាក់បេតុង ឱបចង្កេះប្រព័ន្ធថ្មី និងចាត់បេតុង គ្របពីលើមួយជាន់ទៀត មានប្រវែង ៨០ ម៉ែត្រ ចាប់ពីមាត់អណ្តូងលូចាស់ ដល់ក្នុងទន្លេ។ ក្នុងនោះ យើងប្រើប្រាស់ប្រព័ន្ធលូមុខបី ដែលមុខកាត់លូនីមួយៗ មានទំហំ ០,៨ ម៉ែត្រ និងសង់អណ្តូងលូបណ្តែត ចំនួន ពីរ បន្ថែមទៀត ដើម្បីការពារការកកស្ទះ។

គួរបញ្ជាក់ថា កាលពីម៉ោង ១២ និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានបាក់ស្រុតសួនច្បារមាត់ទន្លេ ដែលទើបសាងសង់ហើយ ដោយសារប្រព័ន្ធលូចាស់ ទ្រុឌទ្រោម បណ្តាលឱ្យធ្លាក់ស្រូបចូលបុរសម្នាក់ កំពុងជិះម៉ូតូ ទៅក្នុងលូក្រោមដី ។ ប៉ុន្តែបុរសម្ចាស់ម៉ូតូ បានស្ទុះស្រវេស្រវារ ឡើងមកខាងលើរួចខ្លួន ឯម៉ូតូម៉ាកហុងដា វ៉េវ បានលិចបាត់ មិនទាន់រកឃើញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម