រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងចូលរួមកិច្ចប្រជុំកំពូលអឺរ៉ុប ស្តីពីការគ្រប់គ្រងសំណល់ តាមប្រព័ន្ធអនឡាញ

105
ចែករម្លែក

ដោយៈមូលសម្បត្តិ/ភ្នំពេញៈ នៅក្នុងឱកាសទទួលជួបលោក Daniel Schmucking ប្រធានប្រចាំប្រទេសអង្គការ KONRAD ADENAUER នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា លោកនឹងធ្វើបទអន្តរាគមន៍ ស្តីពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសំណល់ តាមរយៈវីដេអូ ខនហ្វើរេន ( Video Conference ) ជាមួយថ្នាក់ដឹកនាំ នៃប្រទេសអឺរ៉ុប និងប្រទេសផ្សេងទៀត រួមជាមួយផ្នែកឯកជន និងអង្គការសង្គមស៊ីវិល នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប ស្តីពីការគ្រប់គ្រងសំណល់ ដែលរៀបចំឡើង នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ។ នេះបើតាមគេហទំព័រ របស់ក្រសួងបរិស្ថាន បានចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអឺរ៉ុប ស្តីពីការគ្រប់គ្រងសំណល់ នឹងរៀបចំឡើង ក្នុងពេលជាមួយគ្នា ផងដែរ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយអង្គការ KONRAD ADENAUER សហការជាមួយ សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា អង្គការ GIZ និងដៃគូមួយចំនួនទៀត ដើម្បីពង្រឹងការចូលរួមពី ផ្នែកឯកជន ចំពោះការប្រតិបត្តិ មេត្រីភាពបរិស្ថាន ជាពិសេការគ្រប់គ្រងសំរាម និងកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថាៈ ដើម្បីគ្រប់គ្រងសំណល់-សំរាមនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ លេខ១១៣ សំដៅធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវ សោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី និងលោកបណ្ឌិត Daniel Schmucking បានពិភាក្សាការងារបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាល ស្តីពីអភិបាលកិច្ចល្អ និងការគ្រប់គ្រងសំណល់ នៅតាមទីប្រជុំជន ដល់មន្រ្តីថ្នាក់ក្រោមជាតិ ដែលកន្លងមក ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់បច្ចេកទេស អនុវត្តមុខងារ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់ ក្នុងគោលបំណង ផ្តល់ការគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាព ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីចូលរួមអនុវត្តមុខងារ គ្រប់គ្រងបរិស្ថាន នៅថ្នាក់ក្រោមជាតិ ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹងសំរាមតាមទីប្រជុំជន និងការអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ក្នុងគោលដៅពង្រឹង កិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានផ្ទេរមុខងារសំខាន់ៗ ចំនួន៥ ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ការគ្រប់គ្រងប្រព័ន្ធ តំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍ តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និងការងារអភិវឌ្ឍន៍ ដោយចីរភាព។

បន្ថែមពីនេះ ការលើកកម្ពស់ ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ ប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រងបរិស្ថាន លោកសាយ សំអាល់ បានស្នើឱ្យអង្គការ KONRAD ADENAUER សម្របសម្រួលជាមួយ ទូរទស្សន៍អាល្លឺម៉ង់ DW ដើម្បីសហការផ្សព្វផ្សាយឯកសារ ទាក់ទងនឹងការអប់រំបរិស្ថាន ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម