កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​បាញ់​ទៅលើ​ជនជាតិ​កូរ៉េ​ខាងត្បូង​ហើយ​ដុត​បំផ្លាញ​សាកសព​

233
ចែករម្លែក

​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែកញ្ញា​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា​បាន​បាញ់​ទៅលើ​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ម្នាក់​និង​ដុត​សាកសព​របស់គាត់​ហើយ​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ដាក់​ទណ្ឌកម្ម​លើ​​អ្នក​ដែល​ទទួលខុសត្រូវ​។​

​បុរស​នោះ គឺជា​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ពី​នាវា​កូរ៉េខាងត្បូង​មួយ​ដែល​បាន​កំពុង​ត្រួតពិនិត្យ​មើល​ការនេសាទ​ដែល​គ្មាន​ការអនុញ្ញាត​នៅ​ជិត​ព្រំដែន​សមុទ្រ​អន្តរ​កូរ៉េ​ដែលជា​​កន្លែង​ដែល​បាន​កើត​ឡើង​នូវ​ការប្រយុទ្ធ​គ្នា​នៃ​កងទ័ពជើងទឹក​កូរ៉េ​ទាំង​ពីរ​និង​ការវាយប្រហារ​ស្លាប់​មនុស្ស​ជាច្រើន​ដែល​ត្រូវ​បាន​ស្តីបន្ទោស​ទៅលើ​កូរ៉េខាងជើង​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា​មន្ត្រី​ដែល​បាត់​ខ្លួន​នោះ​បាន​ស្ថិត​នៅ​ឆ្នេរសមុទ្រ​កូរ៉េខាងជើង​នៅ​កាលពី​ថ្ងៃ​អង្គារ​។ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​គាត់​បាន​ទៅដល់​កូរ៉េខាងជើង​​ដោយ​វិធី​យ៉ាងណា​នោះ​ហើយ​ព័ត៌មាន​ចុងក្រោយ​ដែល​ក្រសួង​នេះ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មិន​បាន​និយាយថា​គាត់​បាន​ស្លាប់​ដោយ​របៀប​ណា​នោះទេ​។​

​ទោះ​យ៉ាងណា​ការបាត់​ខ្លួន​និង​ការស្លាប់​របស់​បុរស​នេះ​ត្រូវបាន​រំពឹងថា​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ដែល​អាក្រក់​រួច​ហើយ​រវាង​ប្រទេស​ជា​គូប្រជែង​គ្នា​នេះ​គឺ​កាន់តែ​អាក្រក់​ឡើង​។​

​ក្រសួង​ការពារ​ជាតិ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​ខ្លួន​បាន​សន្និដ្ឋានថា​កូរ៉េ​ខាងជើង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ​នេះ ដោយ​ផ្អែក​លើ​ការវិភាគ​នៃ​ការស៊ើបអង្កេត​ផ្សេងៗ​ហើយ​កូរ៉េខាងត្បូង​​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​កូរ៉េខាងជើង​នេះ​។​

​កូរ៉េខាងជើង​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការប្រកាស​របស់​កូរ៉េ​ខាងត្បូង​នេះ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាវា​រដ្ឋាភិបាល​មួយ​គ្រឿង​បើក​នៅក្បែរ​នាវា​កងទ័ព​ជើង​ទឹក​កូរ៉េខាងត្បូង​នៅ​ជិត​កោះ​Yeonpyeong នៅ​កូរ៉េ​ខាងត្បូង (​រូប​ឯកសារ​ឆ្នាំ​២០១០)

ទីតាំងផ្សាយពាណិជ្ជកម្ម