សកម្មជនហុងកុង យូស្វេ វ៉ុង ត្រូវចាប់ខ្លួនពីបទ “រៀបចំការជួបជុំខុសច្បាប់” កាលពីឆ្នាំ២០១៩

299
ចែករម្លែក

មេធាវីរបស់សកម្មជនហុងកុង យូស្វេ វ៉ុង បាននិយាយថា សកម្មជនរូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ទី២៤កញ្ញានេះទាក់ទងនឹងការតវ៉ានៅគ្រាកំពុងផ្ទុះភាពចលាចលខ្លាំងបំផុតនៅទីក្រុងនេះកាលពីឆ្នាំមុន។

ការឃុំខ្លួនអ្នកប្រឆាំងដ៏ល្បីល្បាញបំផុតរបស់ទីក្រុងនេះគឺជាការចាប់ខ្លួនជាបន្តបន្ទាប់ទៅលើពួកអ្នករិះគន់រដ្ឋាភិបាលនិងកើតឡើងបន្ទាប់ពីចិនបានដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មីមួយនៅលើទីក្រុងហុងកុងកាលពីចុងខែមិថុនា។

មេធាវីរបស់គាត់បាននិយាយថា វ៉ុងត្រូវបានចាប់ខ្លួនពីបទ “រៀបចំការជួបជុំខុសច្បាប់” នៅក្នុងបាតុកម្មឆ្នាំ ២០១៩ ប្រឆាំងនឹងការហាមប្រាមរបស់រដ្ឋាភិបាលលើម៉ាស់មុខ ដែលត្រូវបានដាក់ចេញនៅមុនជំងឺរាតត្បាតកូវីដ១៩។

អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យ ២៣ ឆ្នាំរូបនេះបាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺថាគាត់ក៏ត្រូវបានឃុំខ្លួនពីបទរំលោភលើ “ច្បាប់ប្រឆាំងនឹងម៉ាស់មុខ” ដែរ ដែលតាំងពីពេលនោះមកត្រូវបានចាត់ទុកថាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

មេធាវីរបស់លោកវ៉ុងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា វ៉ុងត្រូវបានចាប់ខ្លួននៅពេលដែលគាត់បានរាយការណ៍ទៅប៉ុស្តិ៍ប៉ូលិសមួយ ទាក់ទងនឹងករណីមួយទៀតប្រឆាំងនឹងគាត់ ដែលបច្ចុប្បន្នគាត់កំពុងត្រូវបានជំនុំជម្រះ។

លោកមេធាវី ចូណាដាន ម៉ាន់ និយាយថា “លោកវ៉ុងត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងការជួបជុំខុសច្បាប់មួយកាលពីថ្ងៃទី ៥ ខែតុលាឆ្នាំមុននៅពេលដែលមនុស្សរាប់រយនាក់បានដើរក្បួនប្រឆាំងនឹងបម្រាមប្រឆាំងនឹងម៉ាស់មុខ ដែលរដ្ឋាភិបាលបានដាក់ចេញ”។

ការហែក្បួននៅថ្ងៃនោះបានកើតឡើងបន្ទាប់ពីផ្នែកភាគច្រើននៃទីក្រុងបានផ្អាកសកម្មភាព ដោយរថភ្លើងក្រោមដីត្រូវបានផ្អាកហើយហាងនិងផ្សារជាច្រើនបានបិទបន្ទាប់ពីមានអំពើហិង្សានៅមួយយប់មុននោះ។

ក្រុមបាតុកររាប់រយនាក់ដែលពាក់ម៉ាស់ស្ទើរតែទាំងអស់បានធ្វើបាតុកម្មដោយគ្មានការអនុញ្ញាតឆ្លងកាត់តាមតំបន់ផ្សារទំនើបដ៏ល្បី Causeway Bay ពោលគឺមួយថ្ងៃបន្ទាប់ពីមេដឹកនាំទីក្រុង លោកស្រី ខារី​ ឡាំ បានចាត់ទុកការពាក់ម៉ាស់ជាអំពើខុសច្បាប់ ដោយយកមកប្រើវិញនូវអំណាចគ្រាអាសន្ននាសម័យអាណានិគម ដែលមិនបានយកមកប្រើអស់រយៈពេលកន្លះសតវត្សរ៍។

សកម្មភាពនៃការតស៊ូនេះបានកើតឡើងបន្ទាប់ពីយប់នៃភាពវឹកវរ នៅពេលដែលក្រុមបាតុករបានវាយបំផ្លាញស្ថានីយរថភ្លើងក្រោមដីរាប់សិបកន្លែង លួចហាងលក់ទំនិញដែលមានចំណងទាក់ទងជាមួយចិនដីគោក ដុតភ្លើង និង បិទផ្លូវ។ មនុស្សជាច្រើនបានស្រែកពាក្យស្លោកថា “គ្មានកុបករទេ មានតែពួកអ្នកជិះជាន់” និងពាក្យស្លោកតវ៉ាដ៏ពេញនិយមជាច្រើនទៀត។

នៅគ្រានៃការហែក្បួននោះ ទីក្រុងហុងកុងត្រូវបានវាយសំពងដោយការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យពោរពេញដោយហិង្សាខ្លាំងឡើងៗ អស់រយៈពេលបួនខែរួចទៅហើយ៕ ដោយ ៖ កញ្ញាដាលីស

សកម្មជនហុងកុង យូស្វេ វ៉ុង ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម