វៀតណាម​នាំ​ចេញ​ម៉ា​ស់មុខ​៨៥០​លាន​នៅ​៨​ខែ​មកនេះ​

178
ចែករម្លែក

​បណ្តា​ក្រុមហ៊ុន​សហគ្រាស​វៀតណាម បាន​នាំ​ចេញ​ម៉ាស់​ពេទ្យ​ជិត​៨៥០​លាន​នៅ​៨​ខែ​ដើមឆ្នាំ​នេះ នេះ​បើ​តាម​ការប្រកាស​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម​។​

​កាសែត​ប្រចាំថ្ងៃ Vietnam News ដែល​បាន​ស្រង់​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ខាងលើ បាន​និយាយថា សហគ្រាស​ជាង​៧០​បាន​នាំ​ចេញ​ម៉ាស់​ពេទ្យ​១៣៥​លាន​នៅក្នុង​ខែសីហា​តែមួយ​។​

​ប្រទេស​នាំចូល​ធំៗ​ជាង​គេ​សំរាប់​ម៉ាស់​ទាំងនេះ រួមមាន ជប៉ុន កូរ៉េខាងត្បូង អាឡឺម៉ង់ និង​សហរដ្ឋ​អាម៉េរិក​។​វៀតណាម​ក៏​នាំចេញ​ម៉ាស់​ទៅកាន់​ប្រទេស អូស្ត្រាលី ចិន ឡាវ ប៉ូឡូញ និង​សិង្ហ​បុរី ផងដែរ​។​

​ទំនិញ​ម៉ា​ស់មុខ​បាន​រំលេច​ការនាំចេញ​របស់​វៀតណាម​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​បណ្តា​សហគ្រាស​រោងចក្រ​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​បាន​កែសម្រួល​គ្រឿង​ម៉ាស៊ីន​និង​វត្ថុធាតុដើម​របស់គេ​ដើម្បី​​ផលិត​ម៉ាស់​ពេទ្យ ម៉ាស់​ប្រឆាំង​វីរុស​និង​មេរោគ​ធម្មតា រួម​ទាំង​ទំនិញ​ការពារ​សុខភាព​រាង​កា​យ​ដើម្បី​បំពេញ​កង្វះ​ខាត​នៅពេល​ទំនិញ​ប្រភេទ​នេះ​មាន​តំរូវ​ការកើនឡើង​ហើយ​ការបញ្ជា​ទិញ​សម្លៀកបំពាក់​​ត្រូវបាន​ពន្យារពេល​ឬ​កាត់បន្ថយ​។​

​នៅ​ចុងខែ​មេសា រដ្ឋាភិបាល​វៀតណាម​បានអនុញ្ញាត​ជា​ផ្លូវការ​ការនាំចេញ​ម៉ាស់​មុខ​វេជ្ជសាស្ត្រ ដរាបណា​បំពេញ​សេចក្តីត្រូវការ​ក្នុងស្រុក​រួចហើយ​។​

​សូមបញ្ជាក់​ថា រវាង​ខែមករា​និង​សីហា ចំណូល​ពី​ការនាំចេញ​របស់​វៀតណាម​មាន​ចំនួន​សរុប​ជាង​១៧៤,១​ពាន់​លាន​ដុល្លារ ដោយ​កើន​១,៦​ភាគរយ​ធៀប​នឹង​ចំណូល​កាលពី​ឆ្នាំមុន​៕​ប្រែ​សម្រួល​៖​វាសនា​

​រោងចក្រ​សហគ្រាស​វៀត​ណា​ម​ជាច្រើន​បាន​បង្វែរ​មក​ផលិត​ម៉ា​ស់មុខ ដោយសារ​តំរូវការ​ខ្ពស់

ទីតាំងផ្សាយពាណិជ្ជកម្ម