​ក្រសួង​សេដ្ឋកិច្ច​ដាក់ឱ្យ​ដំណើរការ​សន្ធានកម្ម​ជា​ផ្លូវការ​រវាង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពន្ធដារ​

177
ចែករម្លែក

ដោយៈស៊ា​ថាំង​/ភ្នំពេញ​:កាលពី​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានរៀបចំ​ពិធី “​ដាក់ឱ្យ​ដំណើរការ​សន្ធានកម្ម​ជា​ផ្លូវការ​រវាង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) និង ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពន្ធដារ​” ក្រោម​អធិបតីភាព​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS តំណាង​របស់លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។​

បណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមពិធី « ដាក់អោយដំណើរការសន្ធានកម្មជាផ្លូវការរវាងប្រព័ន្ធបច្ចេកវិទ្យាពត៏មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ » ។ ( រូបថត គន្ធា )

​ថ្លែង​ទៅកាន់​អ្នកចូលរួម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប​មានប្រសាសន៍ថា​
​ការងារ​នេះ​បានសម្រេច​នូវ​ការងារ​ទំនើបកម្ម និង ស្វ័យប្រវត្តិកម្ម​នៃ​ការចែករំលែក​ទិន្នន័យ​ចំណូល​ពន្ធដារ​ទៅវិញទៅមក​រវាង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពន្ធដារ និង ប្រព័ន្ធ FMIS លើ​មុខងារ​ចំនួន​ពីរ ។​គឺ​មួយ​. ការបញ្ជូន​ទិន្នន័យ​ចំណូល​ថវិកា​ចេញពី​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពន្ធដារ​ទៅ​ប្រព័ន្ធ FMIS ជំនួស​ឱ្យ​ការចេញ​ក្រដាស​សលាក​ប​ត្រ​បង់ប្រាក់​ចូល​ថវិកាជាតិ និង ថ្នាក់ក្រោម​ជាតិ ដែល​ពីមុន​ត្រូវការ​ពេលវេលា​យូរ​, ប្រើប្រាស់​ក្រដាស​ស្នាម និង នីតិវិធី​ស្មុ​គ្រ​ស្មាញ​ជាច្រើន និង ពីរ​. ការបញ្ជូន​ទិន្នន័យ​ចំណូល​ពន្ធដារ ដែល​បាន​កាត់​ទុក​ដោយ​អគ្គនាយកដ្ឋាន រតនាគារជាតិ និង រតនាគារ​រាជធានី​-​ខេត្ត​ចេញពី​ប្រព័ន្ធ FMIS ទៅ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពន្ធដារ​ដោយ​បែងចែក​យ៉ាង​លម្អិត​ច្បាស់លាស់​ទៅតាម​ប្រភេទ​ពន្ធ​និង​អាករ​នានា ។​

បណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមពិធី « ដាក់អោយដំណើរការសន្ធានកម្មជាផ្លូវការរវាងប្រព័ន្ធបច្ចេកវិទ្យាពត៏មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ » ។ ( រូបថត គន្ធា )

​ចំណែក លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​-​ដ្ឋា​ន​ពន្ធដារ​បាន​ថ្លែង​ពី​វឌ្ឍនភាព និង អត្ថប្រយោជន៍​សំខាន់ៗ​នៃ​ការធ្វើ​សន្ធាន​កម្មនេះ និង បាន​ថ្លែងអំណរគុណ​ដល់​លោក​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប ដែល​បាន​ដឹកនាំ​ការ ឱ្យសម្រេចបាន​ការធ្វើ​សន្ធានកម្ម​រវាង​ប្រព័ន្ធ​ទាំងពីរ​នេះ​តាម​គោលដៅ​ចង់បាន​របស់លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុង​ការធ្វើ​ទំនើបកម្ម និង ស្វ័យប្រវត្តិកម្ម​ការប្រមូល​ចំណូល​ថវិកាជាតិ ហើយ​រហូតមក​ដល់ពេលនេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេចបាន​នូវ​ការងារ​ទំនើបកម្ម​ជា​បន្តបន្ទាប់​នានា ក្នុងការ​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ចំណូល​ពន្ធដារ​និង​អាករ​នានា និង ជាពិសេស​ប្រព័ន្ធ​ផ្ដល់​សេវា​ផ្សេងៗ​ជូន​អ្នក​ជាប់ពន្ធ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ធ្វើ​សន្ធានកម្ម​ទៅកាន់​ប្រព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល រួមមាន ប្រព័ន្ធ​ប្រមូល​ពន្ធគយ​និង​អាករ​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​, ប្រព័ន្ធគ្រប់គ្រង​មធ្យោបាយ​យានយន្ត​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែល​នឹង​សម្រេចបាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ពោលគឺ​ដូចនឹង​ពេលនេះ​គឺ​សម្រេចបាន​នូវ​ការតភ្ជាប់​ជាមួយ​ប្រព័ន្ធ FMIS ។​

​បន្ថែម​លើ​នេះ​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប បាន​បញ្ជាក់ជូន​អង្គពិធី​ថា បើ​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ ប្រព័ន្ធ FMIS បានដាក់ ឱ្យ​ដំណើរការ​ស្ទើរតែ​គ្រប់​អង្គភាព​ស្នូល​ទទួលបន្ទុក​ហិរញ្ញវត្ថុ​និង​ថវិកា​នៅ​ទូទាំងប្រទេស ដែល​រួមមាន​អង្គភាព​ទទួលបន្ទុក​ហិរញ្ញវត្ថុ​នៃ​ក្រសួង​-​ស្ថាប័ន​ទាំងអស់​, អង្គភាព​ថវិកា​អាណាប័ក​ផ្ទេរសិទ្ធិ​ពេញលេញ​, មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង រតនាគារ​រាជធានី​-​ខេត្ត​ទាំង ២៥ ។ លើសពីនេះ ប្រព័ន្ធ FMIS ក៏បាន​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត ក្នុងនោះ​មាន ៖ ប្រព័ន្ធ​ស្វ័យ​-​ប្រវត្តិ​កម្ម​ទិន្នន័យ​គយ​និង​ប្រព័ន្ធ​អេឡិចត្រូនិក​គយ​,​ប្រព័ន្ធ​ធនាគារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង របស់​ធនាគារពាណិជ្ជ​ដៃគូ​ជាច្រើន​, ប្រព័ន្ធគ្រប់គ្រង​បំណុល​សាធារណៈ និង ប្រព័ន្ធគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ ។ ការធ្វើ​សន្ធានកម្ម​ប្រព័ន្ធ​ទាំងពីរ​នេះ គឺជា​ការសម្រេចបាន​ដោយ​ជោគជ័យ​នូវ​ផែនការ​គន្លឹះ​មួយ​នៃ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ដែល​ចក្ខុវិស័យ​ដ៏​មោះមុត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​បង្កើន​ប្រសិទ្ធភាព​ដល់​ការងារ​គ្រប់គ្រង​ការប្រមូល​ចំណូល​ថវិកាជាតិ​, ការ​សន្សំសំចៃ​ចំណាយ​ថវិកាជាតិ​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ក្រដាស និង នីតិវិធី​ស្មុ​គ្រ​ស្មាញ​នានា​, ចូលរួម​បង្កើន​ផលិតភាព​ការងារ​របស់​មន្ត្រី​ពន្ធដារ និង​រតនាគារ និង ជាពិសេស​គឺ​ការផ្ដល់​ព័ត៌មាន​ស្ដីពី​ចំណូល​ថវិកាជាតិ​បាន​កាន់តែ​ឆាប់រហ័ស ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម