នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ប្រាប់​កូរ៉េខាងត្បូង​ថា​វា​ដល់​ពេល​ស្តារ​ទំនាក់ទំនង​ឱ្យ​ល្អប្រសើរ​វិញ​

279
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែកញ្ញា​នេះ បាន​ធ្វើ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជា​លើកដំបូង​ជាមួយ​សម​ភាគី កូរ៉េខាងត្បូង​របស់លោក​ចាប់តាំងពី​បាន​ឡើង​​កាន់តំណែង ដោយ​បាន​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន ថា​ប្រទេស​ជិតខាង​គ្នា​នេះ គួរតែ​ធ្វើការ​ដើម្បី​ដោះស្រាយ​ចំណងទាក់ទង​ដែល​មាន​ភាព​ល្អក់កករ​របស់​ពួកគេ​។​

​កិច្ចពិភាក្សា​ដែល​ស្នើឡើង​ដោយ​កូរ៉េខាងត្បូង គឺជា​ការ​ទាក់ទង​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៩ ខែ​មកនេះ រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២​។ ទំនាក់ទំនង​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​កាន់តែ​យ៉ាប់យ៉ឺន​​ដល់​កម្រិត​អាក្រក់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅក្រោម​ការគ្រប់គ្រងរ​បស់ លោក ស៊ីន​ហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​មុន​នេះ ដែល​ត្រូវបាន​មើលឃើញ​ដោយ​មនុស្ស​មួយចំនួន​ថា​មិន​មាន​ការសុំ​​ទោស​គ្រប់គ្រាន់​ចំពោះ​ការគ្រប់គ្រង​តាមបែប​អាណានិគម​របស់​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ ១៩១០-១៩៤៥ ។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​” ខ្ញុំ​បាន​ប្រាប់​ប្រធានាធិបតី លោក មូន ជែ​អ៊ីន​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​យើង​មិន​គួរ​ទុក​បញ្ហា​នេះ​​ដោយ​មិន​ដោះស្រាយ​នោះ​ទេ​។ ជប៉ុន​និង​កូរ៉េខាងត្បូង ជា​ប្រទេស​ជិតខាង​ដ៏​សំខាន់​នឹង​គ្នា​។​ក្នុងការ​ដោះស្រាយ​ជាមួយ​កូរ៉េ​ខាងជើង​និង​បញ្ហា​ផ្សេងៗ​ទៀត​នោះ ខ្ញុំ​ជឿថា​កិច្ចសហប្រតិបត្តិការ​ជប៉ុន​ – កូរ៉េ​ខាងត្បូង​និង ជប៉ុន​-​សហរដ្ឋ​អាម៉េរិក គឺ​មាន​សារៈសំខាន់​ណាស់​”​។​

​ជម្លោះ​បច្ចុប្បន្ន​របស់​ពួកគេ​គឺ​កើតចេញពី​ការទាមទារ​របស់​កូរ៉េខាងត្បូង​សម្រាប់​សំណង​ពលករ​កូរ៉េ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ក្រុមហ៊ុន​ជប៉ុន ក្នុងអំឡុង​សង្គ្រាមលោកលើកទី ២ ។ តុលាការ កំពូល​​របស់​ប្រទេស​កូរ៉េខាងត្បូង កាលពី​ឆ្នាំ ២០១៨ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ទាំងនោះ សង​សំណង​ដល់​ដើមបណ្តឹង​ជនជាតិ​កូរ៉េ​ដែល​មាន​វ័យ​ចំណាស់​។ តែ​ជប៉ុន​បាន​និយាយថា​រាល់​បញ្ហា​សំណង​ទាំងអស់​ត្រូវ​​បាន​ដោះស្រាយ​ក្រោម​សន្ធិសញ្ញា​ឆ្នាំ​១៩៦៥ ។​

​ជម្លោះ​នេះ​បាន​រាលដាល​ដល់​បញ្ហា​ពាណិជ្ជកម្ម​និង​យោធា​ដែល​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ស្មុគស្មាញ​រវាង​ប្រទេស​សម្ពន្ធមិត្ត​អាម៉េរិក​ដ៏​សំខាន់​ទាំង​២​នេះ​។ លោក មូន ជែ​អ៊ីន​បានចោទប្រកាន់​រដ្ឋាភិបា​ល​​របស់លោក ស៊ីន​ហ្សូ អាបេ ថា​បាន​ប្រើ​បញ្ហា​ពាណិជ្ជកម្ម​ធ្វើជា​អាវុធ​ដើម្បី​សងសឹក​លើ​ជម្លោះ​ច្បាប់​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា​(​រូប​ស្តាំ​)​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​២៤​កញ្ញា​

ទីតាំងផ្សាយពាណិជ្ជកម្ម